ឯកឧត្ដម ខ្លូត ផន បានជំរុញដល់មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ ត្រូវពង្រឹងការងារសន្តិសុខ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ឱ្យបានល្អប្រសើរ

0

កំពង់ចាម: ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានជំរុញដល់មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ ត្រូវពង្រឹងការងារសន្តិសុខ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ឱ្យបានល្អប្រសើរ ពោលគឺត្រូវរួមសាមគ្គីគ្នាអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង ៧ចំណុច របស់រាជរដ្ឋាភិបាលផងដែរ ។ ថ្លែងបែបនេះក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត និងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ។

ក្នុងនាមឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន បានថ្លែងលើកទឹកចិត្តដល់មន្ត្រីគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវខិតខំសិក្សារៀនសូត្របន្ថែម ដើម្បីលើកម្ពស់សមត្ថភាពរបស់ខ្លួន ទាំងសមត្ថភាពជំនាញបច្ចេកទេស ជំនាញការងាររដ្ឋបាល ឱ្យសមស្របទៅនឹង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលផ្តោតជាសំខាន់ទៅលើ វិស័យជាអាទិភាពទាំងប្រាំរួមមាន៖ ធនធានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត បានណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ ឆាប់រហ័ស តម្លាភាព គណនេយ្យភាព ប្រកបដោយគុណធម៌វិជ្ជាជីវៈ ។ ក្រៅពីនោះត្រូវបន្តអនុវត្តនូវ តួនាទី ភារកិច្ច តាមវិស័យដែលខ្លួនទទួលខុសត្រូវឱ្យបានសម្រេច ទៅតាមផែនការដែលបានកំណត់ ។

ជាមួយគ្នានោះ ឯកឧត្ដម ខ្លូត ផន ក៏បានសំដែងនូវការកោតសសើរចំពោះស្នាដៃនានា របស់ថ្នាក់ដឹកនាំមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ ដែលបំពេញការងារនៅសាលាខេត្តទាំងអស់ ដែលរយៈពេលពេញមួយឆ្នាំ២០២៣កន្លងមក បានខិតខំបំពេញការងារទៅតាមតួនាទី ភារកិច្ចរៀងៗខ្លួនសម្រេចបាននូវស្នាដៃដ៏ល្អប្រសើរ ទាំងក្នុង កិច្ចការការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ញ៉ាំងឱ្យប្រជាពលរដ្ឋរស់នៅដោយសុខខុមរមនា សុខទាំងកាយ ទាំងផ្លូវចិត្ត។ ក៏ដូចជាការរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍ ខេត្តកំពង់ចាម ឱ្យមានការរីកចំរើនជាបន្តបន្ទាប់លើគ្រប់វិស័យផងដែរ ៕