សាលាដំបូងខេត្តព្រះវិហារ ឃុំខ្លួនបុរសពីរនាក់ក្រោមការចោទ «ហឹង្សាដោយចេតនា ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប្រឆាំងនឹងអ្នករាជការសាធារណៈ»

0

ខេត្តព្រះវិហារ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារ លោក យុត ពន្លឺ បានចេញដីកាបញ្ជាអោយភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទពីរនាក់ ទៅដាក់ពន្ធនាគារខេត្តព្រះវិហារ ដោយអនុវត្តន៍អោយបានត្រឹមត្រូវតាមនីតិវិធីច្បាប់ ។

ជនត្រូវចោទទាំងពីរនាក់ ដែលត្រូវបានកម្លាំងសមត្ថកិច្ច នាំខ្លួនទៅដាក់ពន្ធនាគារនៅល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នោះ ១-ឈ្មោះ សួន ចាន់ណា ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីកន្លែងកំណើត ភូមិអារញ្ញ ឃុំសៀមរាប ស្រុកសៀមរាប ខេត្តសៀមរាប និងបច្ចុប្បន្ន រស់នៅភូមិសំបូរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ។ ២-ឈ្មោះ ផា សុខា ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីកន្លែងកំណើត ភូមិស្អាក ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ និងបច្ចុប្បន្នរស់នៅ ភូមិសំបូរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

ជនត្រូវចោទទាំងពីរនាក់ ត្រូវបានដាក់អោយស្ថិតក្រោមការត្រួតពិនិត្យពីបទ «ហឹង្សាដោយចេតនា ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប្រឆាំងនឹងអ្នករាជការសាធារណៈ» (ស្ថានទម្ងន់ទោស) ប្រព្រឹត្តនៅភូមិសំបូរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីថ្ងៃទី២២ធ្នូ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែងអោយផ្តន្ទាទោស តាមមាត្រា២១៧,៤៩៥ និងមាត្រា៥០៤ នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដែលដឹកនាំដោយ លោកវរសេនីយ៍ឯក គង់ គា កាលពីថ្ងៃទី២៩ធ្នូ២០២៣ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោមបញ្ជារបស់ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិនថាល់ និងស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ។

នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្ត លោកវរសេនីយ៍ឯក គង់ គា បានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ បន្ទាប់ពីបានកោះហៅអោយចូលខ្លួនមកសាកសួរ ដែលជាប់ពាក់ព័ន្ធនឹងករណី ប្រឆាំងនឹងអ្នករាជការសាធារណ ,ញុះញង់អោយរើសអើងជាអាទិ៍ និងអំពើហឹង្សាដោយចេតនា មកលើសមត្ថកិច្ច ក្នុងពេលចុះអនុវត្តដីកា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅភូមិសម្បូរ (ព្រៃគោល) ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

លោកវរសេនីយ៍ឯក គង់ គា បានបញ្ជាក់ទៀតថា ក្រោយការសាកសួរ និងឃាត់ខ្លួនរួចមក កម្លាំងនគរបាលជំនាញ បានកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្ត និងក្រោយការសវនាការរបស់ តំណាងអយ្យការខេត្ត ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារ បានសម្រេចចេញដីកាឃុំខ្លួនជនសង្ស័យទាំងពីរនាក់ ខាងលើនោះហើយ កាលពីល្ងាចថ្ងៃទី២៩ធ្នូ២០២៣៕ដោយ៖ឡុង សំបូរ