យុវជនជំនាន់ក្រោយត្រូវចង់ចាំថ្ងៃ៧មករា និងចូលរួមថែរក្សាសុខសន្តិភាពឲ្យបានគង់វង្ស

0

ខេត្តកំពត: ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្រ្តមណ្ឌលកំពត ប្រធានគណ:កម្មការទី១០ រដ្ឋសភា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត បានប្រាប់យុវជនជំនាន់ក្រោយថា របបប្រល័យពូជសាសន៍ប៉ុល ពត មានពិតប្រាកដ ហើយថ្ងៃ៧ មករា ១៩៧៩ គឺជាថ្ងៃផ្តួលរំលំរបបយង់ឃ្នងមួយនោះ រហូតនាំឲ្យមានសុខសន្តិភាពពេញលេញមកដល់សព្វថ្ងៃនេះ។ ដូច្នេះសូមយុវជនជំនាន់ក្រោយត្រូវចង់ចាំ និងដឹកគុណថ្ងៃ៧មករា  និងចូលរួមថែរក្សាសុខសន្តិភាពឲ្យបានគង់វង្ស ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើន។

ការលើកឡើងបែបនេះ ក្នុងពិធីប្រារព្ធពិធីមិទ្ទីងរម្លឹកខួបទី៤៥ ឆ្នាំនៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧មករា ២០២៤) នៅក្នុងខេត្តកំពត កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ដែលមានការចូលរួមពីសមាជិក សមាជិកាសភា ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ  យុវជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ព្រះសង្ឃប្រមាណជាង ៥,២០០នាក់។

ក្រៅពីអានសន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទីងរំឭកខួបទី៤៥ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា (៧មករា ១៩៧៩-៧មករា២០២៤) ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានលើកឡើងដែរថា ៤៥ឆ្នាំមកហើយដែលរបបប្រល័យពូជសាសន៍ប៉ុល ពត ត្រូវបានផ្តួលរំលំ ហើយ២៧ឆ្នាំដែលប្រទេសមានសុខសន្តិភាពពេញលេញ។ ក្មេងៗជំនានក្រោយ ស្ទើរតែមិនជឿថាកម្ពុជាធ្លាប់ឆ្លងកាត់សម័យកាលនោះទេ។ ឯកឧត្តមបណ្ឌិតបានផ្តាំដល់យុវជនជំនាន់ក្រោយថា ថ្ងៃ៧ មករា ជាថៃ្ងប្រវត្តិសាស្ត្រ និងជាបុណ្យជាតិដ៏សំខាន់ ដែលជនរួមជាតិគ្រប់រូបធ្វើការរំលឹកដល់គុណបំណាច់របស់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ រហូតនាំមកនូវសុខសន្តិភាពដូចបច្ចុប្បន្ន។ ដូច្នេះយុវជនត្រូវជឿ ចង់ចាំគុណបំណាច់នៃថ្ងៃ៧មករា ហើយចូលរួមថែរក្សាសុខសន្តិភាពឲ្យបានគង់វង្ស ដើម្បីបន្តការអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើន។

ក្រុមយុវជនតំណាងអង្គមីទ្ទីង ក៏បានបង្ហាញចំណាប់អារម្មណ៍និងការប្ដេជ្ញាចិត្ត ការពាររាល់សមិទ្ធផលនានាដែលមាន ថែរក្សាសុខសន្តិភាព និងដើរតាមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចធិបតីហ៊ុន ម៉ាណែត ដែលបាននិងកំពុងឈានទៅមុខយ៉ាងស្វាហាប់។ កម្មវិធីបានបញ្ចប់ដោយការព្រលែងព្រាប បង្ហោះប៉េងប៉ោងជានិមិត្តរូបនៃសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនតទៅថ្ងៃអនាគត៕ សេង ណារិទ្ធ