ព្រះពុទ្ធរូបព្រះអង្គអភ័យកម្ពស់៤៥ម៉ែត្រនៅខេត្តកែប បានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់នៅព្រឹកនេះ

0

ខេត្តកែប: គម្រោងសាងសង់ព្រះពុទ្ធរូបព្រះអង្គអភ័យកម្ពស់៤៥ម៉ែត្រ ព្រមទាំងសំណង់ផ្សេងៗទៀត ស្ថិតនៅតំបន់ឧទ្យានជាតិកែប ប៉ែកខាងកើត ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នេះ ក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួម ពីសំណាក់  ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម បណ្ឌិតសោម ពិសិដ្ឋ អភិបាល នៃគណ:អភិបាលខេត្តកែប និងលោកស្រីអគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជ: សុខ អ៊ីម ព្រមទាំងមន្ត្រីរាជការចំណុះអោយរដ្ឋបាលខេត្តកែប ពុទ្ធបរិស័ទជិតឆ្ងាយ ចូលរួមយ៉ាងច្រើនកុះករ។

ការសាងសង់ព្រះពុទ្ធរូបព្រះអង្គអភ័យ កម្ពស់៤៥ម៉ែត្រនេះ ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប លើកំពូលភ្នំ អតីតព្រះសង្ឃចិននាជំនាន់ដើម នៃមជ្ឈមណ្ឌលវិបស្សនាធុរ: ខេត្តកែប ការសាងសង់នេះសម្រាប់ទុកជាសម្បត្តិព្រះពុទ្ធសាសនា វប្បធម៌ទេសចរណ៍ ក្នុងអាណាចក្រខេត្តកែបទាំងមូល។

ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប កន្លងមកធ្លាប់បានលើកឡើងថា គម្រោងការសាងសង់ព្រះពុទ្ធបដិមាធំកម្ពស់៤៥ម៉ែត្រ ស្ថិតលើកំពូលភ្នំកែបនេះ ជាការរក្សានូវអត្តសញ្ញាណនៃសាសនាជាតិ ព្រោះព្រះពុទ្ធបដិមាដែលគង់នៅជាសម្បត្តិវប្បធម៌ជាតិ បន្តគ្រប់ជំនាន់ សម្រាប់ជាទីសក្ការ:ដ៏ឧត្តុង្គឧត្តមរបស់សាសនិកជនទាំងអស់គ្នា និងទុកជាស្នាដៃនៃកេរមរតក ដល់កូនចៅជំនាន់ក្រោយ។ពិសេសជួយលើកកម្ពស់ដល់វិស័យទេសចរណ៍ បែបសាសនារបស់ខេត្តកែបផងដែរ។

ក្រៅពីរូបបដិមាព្រះអង្គអភ័យនេះ នៅមានសំណង់ដោយឡែកពីគ្នាទៀត រួមមាន ខ្លោងទ្វារច្រកចូលទទឹង៦ម៉ែត្រ ផ្លូវថ្នល់ទទឹង៧ម៉ែត្រ សាលាវិបស្សនាមានទំហំ២២ គុណនឹង៣៥ម៉ែត្រ កុដិមានចំនួន៦០កុដិ និងជណ្តើរឡើងភ្នំជាដើម៕ សេង ណារិទ្ធ