សិស្ស​ប្រឡង​ជាប់​បាក់ឌុប(BaccII )និទ្ទេស​A​ ចំនួន​៨២​នាក់​ត្រូវបានរដ្ឋបាលខេត្តបន្ទាយមានជ័យផ្តល់រង្វាន់លើកទឹកចិត្ត

0

បន្ទាយមានជ័យ៖ សិស្ស​ប្រឡង​ជាប់​សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឬBaccII និទ្ទេស​A​ ចំនួន​៨២​នាក់​ សម័យ​ប្រឡង​ថ្ងៃទី០៦​ ខែវិច្ឆិកា​ ឆ្នាំ២០២៣ ត្រូវបានរដ្ឋបាលខេត្តបន្ទាយមានជ័យ ផ្តល់រង្វាន់លើកទឹកចិត្ត ដោយម្នាក់ៗទទួលបា ប័ណ្ណសរសើរ ១សន្លឹក និងកុំព្យួទ័រយួរដៃ(Laptop) ១ គ្រឿង។
ការផ្ដល់ជូននេះធ្វើឡើងកាលពីព្រឹក​ថ្ងៃ​ទី​១៣​ មករា​ ២០២៤​ នាសាលប្រជុំធំសាលាខេត្ត បន្ទាប់ពីការផ្តល់ដោយសម្តេចធិបតីហ៊ុន ម៉ាណែត ននាយករដ្ឋមន្ត្រីកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។
លោក ឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យបានអោយដឹងថា : ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបនៅខេត្តបន្ទាយមានជ័យ ឆ្នាំសិក្សាឆ្នាំ ២០២២ -. ២០២៣ កន្លងមកនេះមានបេក្ខជនក្នុងបញ្ជីចូលរួមប្រឡងមានចំនួន ៦.១៦៨នាក់/បេក្ខនារី៣.៣៧៧នាក់។
បេក្ខជនបានប្រឡងជាប់មានចំនួន៤.១៤៣នាក់/ស្រី២.៥០៥នាក់ ។ ក្នុងបេក្ខជនជាប់ចំណាត់ថ្នាក់និទ្ទេសA ចំនួន៨២នាក់/ ស្រី៤៣នាក់ ។និទ្ទេស B ចំនួន ៣៣១នាក់ /ស្រី២០៧នាក់ និទ្ទេស C មានចំនួន ៦៤៦ នាក់ /ស្រី៤៣៥ និទ្ទេស D មានចំនួន ១.៤១៨នាក់ /ស្រី៨៧១ និងនិទ្ទេស E ចំនួន១.៦៦៦នាក់/ស្រី៩៤៩នាក់ ។
ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា : ឆ្នាំ២០២៣ កន្លងមកនេះ បេក្ខជនប្រឡងបាក់ឌុបទាំងអស់ បានគោរពតាមគោលការណ៍ប្រឡងបាក់ឌុបបានល្អ មានវិន័យតឹងរឹងខ្លាំង មានស្តង់ដារ គុណភាពខ្ពស់ បេក្ខជន បេក្ខនារី គោរពម៉ោង រួមទាំង វិន័យប្រឡង មិនយកសំណៅឯកសារ ចម្លើយ ក៏ដូចឧបករណ៍ អេឡិចត្រូនិចចូលក្នុងថ្នាក់ប្រឡង ។

ពោលគឺគោរពតាមបទបញ្ជាបទបញ្ញត្តិ ដែលក្រសួងបានដាក់ចេញ បានគ្រប់ជ្រុងជ្រោយទាំងអស់ អ្នកចេះ គឺជាប់។ បេក្ខជននិងបេក្ខនារី មិនបានផ្ទុយនិងបទបញ្ញត្តិនិងកម្រិតវិន័យរបស់ក្រសួងអប់រំឡើយ។
ឯកឧត្ដម អ៊ុំ រាត្រី បានរំលឹកនូវប្រសាសន៍សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលថ្លែងដូច្នេះថា «ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំរៀនសូត្ររបស់ក្មួយៗទាំងអស់ រហូតទទួលបាននិទ្ទេសA និងសូមអរគុណចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំទាំងអស់ គ្រប់ជាន់ថ្នាក់នៃក្រសួងអប់រំ យុវជន និងកីឡា អាជ្ញាធរដែនដី មាតាបិតាអាណាព្យាបាលសិស្ស និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានរួមចំណែកដល់ការសម្រេចបានជោគជ័យនេះ»។
ឯកឧត្ដម អ៊ុំ រាត្រី បានថ្លែងអំណរគុណមន្ត្រីរាជការស៊ីវិល សមត្ថកិច្ចជំនាញ កងកម្លាំង និងសប្បុរសជននានាដែលបានបរិច្ចាគថវិកា សម្ភារ:មកចំណែកជាមួយរដ្ឋបាលខេត្តសម្រាប់ទិញកុំព្យួទ័រយួរដៃ(Laptop)ចែកជូនដល់សិស្សទាំង៨២នាក់៕ដោយ៖ឃិន គន្ធា