កងទ័ពជួរមុខកម្ពុជា និងកងទ័ពជួរមុខថៃ ជួបទំនាក់ទំនង និងបង្កើតកម្មវិធីប្រគួតកីឡា ជាលក្ខណៈមិត្តភាព រវាងកងទ័ពប្រទេសទាំងពីរ!

0

ខេត្តព្រះវិហារ៖ ឧត្តមសេនីយ៍ទោ អ៊ូ ណារិន មេបញ្ជាការរង នាយសេនាធិការ កងពលធំអន្តរាគមន៍លេខ៣ ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ នៅព្រឹកថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញ បានដឹកនាំកម្លាំងក្រោមឱវាទ ណាត់ជួបទំនាក់ទំនង ជាមួយកងកម្លាំងប្រដាប់អាវុធថៃ ដឹកនាំដោយឧត្តមសេនីយ៍ត្រី ណាត់ ស៊ីអុីន មេបញ្ជាការកងពលសារ៉ាក់ណារីថៃ ក្នុងភូមិសាស្ត្រភ្នំតាថាវ ទិសទី១ប្រាសាទព្រះវិហារ ត្រង់ចំណុចដើមធ្នង់ ជួរមុខព្រំដែនកម្ពុជា.ថៃ ។

ពិធីនេះក៏មានការចូលរួមពីសំណាក់អាជ្ញាធរស្រុកជាប់ព្រំដែន នៃប្រទេសទាំងពីរផងដែរ។ ក្នុងជំនួបនាឱកាស ឧត្តមសេនីយ៍ទោ អ៊ូ ណារិន មេបញ្ជាការរង នាយសេនាធិការកងពលធំអន្តរាគមន៍លេខ៣ បានលើកឡើងថា ក្នុងនាម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ និងរូបលោកផ្ទាល់ សូមសំណូមពរ ដល់កងកម្លាំងទាំងពីរ ដែលនៅទល់មុខក្នុងភូមិសាស្ត្រនេះ ខិតខំបន្តរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឲ្យបានល្អបន្ថែមទៀត ដូចដែលយើងបានធ្វើនាពេលនេះរួចកមហើយ ។

រួមគ្នាទប់ស្កាត់បង្ក្រាបរាល់បទល្មើសដែលលបលួចឆ្លងដែនដោយខុសច្បាប់ ផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ដើម្បីហាមឃាត់កុំឲ្យពួកគាត់រុករុល ធ្វើអាស្រ័យផលនៅតាមភូមិសាស្ត្រ កងទ័ពឈរជើង ដូចជាការបរបាញ់សត្វ ដឹកដំឡូង ដឹកត្រពាំង ពីព្រោះជាតំបន់មានមីន។ បើឃើញពួកគាត់ ត្រូវចាប់ឃាត់ខ្លួន រួចបញ្ជូនតាមរយៈកងកម្លាំងយើង ទៅវិញ ទៅមក ពីព្រោះពួកគាត់មិនទាន់យល់នូវអ្វីជាតំបន់គ្រោះថ្នាក់ ឬតំបន់ហាមឃាត់នោះឡើយ ។

បន្ទាប់ពីជំនួបរវាងកងកម្លាំង នៃប្រទេសទាំងពីរបានបញ្ចប់ កម្មវិធីប្រគល់ការដូអនុស្សាវរីយ៍ ពិសារអាហារសាមគ្គី ព្រមជាមួយនិងការប្រគួតកីឡា ជាលក្ខណៈប្រគួតមិត្តភាព បានចាប់ផ្តើម ដោយកងកម្លាំងកម្ពុជាឈ្នះទាំងពីរវិញ្ញាសា ៕ សួន លីណា