អភិបាលខេត្តកំពង់ចាម ណែនាំដល់អាជ្ញាធរ ត្រូវសហការ ដើម្បីការពារការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឱ្យប្រព្រឹត្តទៅដោយរលូន សេរីត្រឹមត្រូវ និងយុត្តិធម៌

0

កំពង់ចាម: ក្នុងកិច្ចប្រជុំគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវសហការ ដើម្បីការពារការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ឱ្យប្រព្រឹត្តទៅដោយរលូន សេរីត្រឹមត្រូវ និងយុត្តិធម៌ប្រកបដោយសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ គ្មានការបំភិតបំភ័យ គ្មាន ការគំរាមកំហែង និងគ្មានអំពើហិង្សា ។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំអ្នកពាក់ព័ន្ធទាំងអស់ ត្រូវប្រមែប្រមូលព័ត៌មាន អំពីហេតុការណ៍ ឬព្រឹត្តិការណ៍នានាពាក់ព័ន្ធដល់សភាពការណ៍ សន្តិសុខ ដំណើរការបោះឆ្នោត និងព័ត៌មានពីគ្រប់ប្រភព ដែលបានផ្សព្វផ្សាយធ្វើឱ្យមានផលប៉ះពាល់ ដល់បរិយាកាសសន្តិសុខនៃកិច្ចដំណើរការបោះឆ្នោត ដើម្បីធ្វើការបក ស្រាយបំភ្លឺ ប្រតិកម្មវាយបក បន្សាបឥទ្ធិពល បញ្ចៀសការភាន់ច្រលំពីសំណាក់ សាធារណមតិជាតិ អន្តរជាតិ។ ក្នុងករណ៏ធ្ងន់ធ្ងរ ត្រូវ សហការជាមួយអាជ្ញាធរមាន សមត្ថកិច្ច ដើម្បីអនុវត្តវិធានការច្បាប់។

ឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យធ្វើការផ្សព្វផ្សាយគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ ព័ន្ធនានាសំដៅ លើកកម្ពស់សមត្ថភាពជូនដល់អ្នកពាក់ព័ន្ធ ដើម្បីសហការអនុវត្ត ធានាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសម្រាប់ការបោះឆ្នោតឱ្យមានលក្ខណៈកាន់តែ ប្រសើរឡើង និងប្រកបដោយការទទួលខុសត្រូវខ្ពស់។

ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានថ្លែងថា ដោយអនុលោមតាមច្បាប់ស្តីពីការបោះឆ្នោត និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ គណៈកម្មាធិ ការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) បានរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ៕