គណ:កម្មការរៀបចំការបោះឆ្នោតខេត្តកែប រៀបចំកិច្ចប្រជុំស្តីពី កិច្ចសហការ ការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ

0

ខេត្តកែប៖ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ គណ:កម្មការរៀបចំការបោះឆ្នោតខេត្តកែប បានរៀបចំកិច្ចប្រជុំ ស្តីពីកិច្ចសហការលើការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ និងសមាហរណកម្មកម្មវិធីឃោសនាបោះឆ្នោត សម្រាប់ដំណើរការបោះឆ្នោត ជ្រេីសតាំងសមាជិកព្រឹទ្ធសភា  នីតិកាលទី៥ ឆ្នាំ២០២៤ ។ កិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ងិន ងិនដា អភិបាលស្តីទី នៃគណៈអភិបាលខេត្តកែប និងជាអនុប្រធាន លេខាធិការដ្ឋាន នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត និងលោក គី វុទ្ធី ប្រធានគណ:កម្មការរៀបចំ ការបោះឆ្នោតខេត្ត និងមានការអញ្ជើញចូលរួមពី គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត កងកំលាំងទាំងបី នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត តំណាងគណៈបក្សនយោបាយ អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ តំណាងអង្គការសមាគម រួមទាំមន្ត្រីពាក់ព័ន្ធសរុប៣៧រូប។

លោក គី វុទ្ធី ប្រធានគណ:កម្មការរៀបចំការបោះឆ្នោតខេត្តកែប បានមានប្រសាសន៍ក្នុងកិច្ចប្រជុំនោះថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ត្រូវបានកំណត់យកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយយកភូមិភាគ ជាមណ្ឌលបោះឆ្នោត។ លោកប្រធានបញ្ជាក់ថា សម្រាប់ភូមិភាគ៥ ដែលរួមមានខេត្តតាកែវ កំពត និងកែប មានគណៈបក្ស នយោបាយចំនួន៤ ដែលបានចុះបញ្ជីគណបក្ស និងបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកំលាំងជាតិ និងគណបក្សហ្វុនស៊ីនប៉ិច មានអាសនៈសរុប៧អាសនៈ សម្រាប់ខេត្តកែប មានអង្គបោះឆ្នោតសរុប ៣២រូប ស្រី៧រូប ក្នុងនោះ តំណាងរាស្ត្រក្នុងតំណែង ១រូប និងក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងតំណែង៣១រូប និងមានការិយាល័យបោះឆ្នោតចំនួន១ការិយាល័យ គឺការិយាល័យលេខ ៥០០៤ ដែលមានទីតាំងនៅសាលាបឋមសិក្សា ហ៊ុន សែនកែប។ ក្នុងនោះដែរ លោកប្រធានគណ:កម្មការ ក៏បានស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ផ្តល់កិច្ចសហការ និងគាំទ្រដល់ឃុំ សង្កាត់ ក្នុងដំណើការចែកប័ណ្ណព័ត៌មានបោះឆ្នោត អោយទទួលបានលទ្ធផលល្អប្រសើរស្របតាមការណែនាំ។

ថ្លែងបិទកិច្ចប្រជុំនាឱកាសនោះ លោក ងិន ងិនដា អភិបាលស្តីទី បានមានប្រសាសន៍ថា កម្ពុជាគឺជាប្រទេសដែលប្រកាន់យករបបប្រជាធិបតេយ្យសេរី ពហុបក្ស ដូច្នេះត្រូវមានការបោះឆ្នោតគ្រប់អាណត្តិ ទាំងការបោះឆ្នោតសាកល និងអសកល លោក អភិបាលស្តីទីបន្តថា គ្រប់ដំណាក់កាលនៃការបោះឆ្នោត អាជ្ញាធរគ្រប់ថ្នាក់ អង្គភាពកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់គណបក្ស នយោបាយ អង្គការសមាគម និងប្រជាពលរដ្ឋទាំងអស់ តែងតែផ្តល់នូវកិច្ចសហការ និងចូលរួមប្រកបដោយទំនួលខុសត្រូវ ធ្វើអោយដំណើរការបោះឆ្នោតនៅក្នុងកែប ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អ ប្រសើរ សេរី យុត្តិធម៌ និងគ្មានអំពើហឹង្សា ដែលនេះបង្ហាញអោយឃើញពីភាពចាស់ទំ ក្នុងការចូលរួមគោរពច្បាប់ បទបញ្ជា នីតិវិធី និងសេចក្តីណែនាំនានា របស់មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តកែបរបស់យើង។ ក្នុងនោះដែរ លោក អភិបាលស្តីទី ណែនាំដល់គណៈបញ្ជាការគ្រប់លំដាប់ថ្នាក់ ព្យាយាមក្តាប់អោយជាប់ នូវផែនការសន្តិសុខ ដើម្បីប្រចាំការពារគ្រប់គណបក្សនយោបាយ និងតាមដាន២៤ម៉ោងលើ២៤ម៉ោង សំដៅធានាអោយបាននូវដំណើរការបោះឆ្នោត នាថ្ងៃទី២៥ ខែកុម្ភៈខាងមុខ ប្រព្រឹត្តទៅបានលទ្ធផលល្អប្រសើរ។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនោះ តំណាងគណបក្សនយោបាយ  អង្គការ សមាគម និងកងកម្លាំងទាំងបី បានចុះហត្ថលេខាលើកម្មវិធីសមាហរណកម្មកម្មវិធីឃោសនាបោះឆ្នោត សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅខេត្តកែបផងដែរ៕ សេង ណារិទ្ធ