ប្រកាសចូលកាន់តំណែង និងបំពាក់ឋានន្តរសក្តិមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ

0

ដោយ៖ឃិន គន្ធា

បន្ទាយមានជ័យ៖ លោកអនុសេនីយ៍ឯក សុខ ឡេង មេបញ្ជាការរងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ត្រូវបានប្រកាសចូលកាន់តំណែង និងបំពាក់ឋានន្តរសក្តិជាវរសេនីយ៍ត្រី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ជំនួសលោកវរសេនីយ៍ទោ យ៉ាន់ សុវណ្ណ ដែលត្រូវបានទទួលភារកិច្ចថ្មី ជាប្រធានមន្ទីរភស្ភុភារ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។

ពិធីនេះបានអញ្ជេីញជាអធិបតីភាពពីលោកឧត្តមសេនីយត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងចូលរួមពីលោក ស្រេង សុផល អភិបាល នៃគណៈអភិបាលក្រុងសិរីសោភ័ណ លោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុងសិរីសោភ័ណ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្ត និងអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ក្នុងក្រុងសិរីសោភ័ណផងដែរ ពិធីនេះប្រារព្ធធ្វេីឡេីងនៅបញ្ជាការមូលដ្ឋានក្រុងសិរីសោភ័ណនាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។

បន្ទាប់ពីទទួលសេចក្ដីសម្រេច និងលិខិតតែងតាំងផ្ទេរភារកិច្ច លោកវរសេនីយ៍ត្រី សុខ ឡេង ក៏បានធ្វើការប្តេជ្ញាចិត្តគោរពច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា,គោរព និងអនុវត្តឱ្យបាននូវបទបញ្ជា វិន័យ សីលធម៌ របស់កងយោធពលខេមរភូមិន្ទ និងប្តេជ្ញាខិតខំបំពេញតួនាទី ភារកិច្ច វិជ្ជាជីវៈរបស់ខ្លួនជាកងរាជអាវុធហត្ថឱ្យសមទៅតាមទំនុកចិត្ត ដែលថ្នាក់លើប្រគល់ជូន, ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ស្ថាប័ន អង្គភាព ពិសេសអាជ្ញាធរគ្រប់ លំដាប់ថ្នាក់, ពង្រឹង និងរឹតចំណងសាមគ្គីភាព ឱ្យកាន់តែល្អបន្ថែមទៀត ពិសេសសាមគ្គីភាពផ្ទៃក្នុង ដែលជាគន្លឹះដ៏សំខាន់បំផុតក្នុងការរួមចំណែកកសាងអង្គភាពឱ្យបានរឹងមាំបន្ថែមទៀត។

លោកឧត្តមសេនីយត្រី បោន ប៊ិន ក៏បានពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយក្តីនឹករលឹក។

ជាមួយគ្នានោះលោកឧត្តមសេនីយ៍ត្រី បានដាក់ចេញនូវបទបញ្ជា ដល់គ្រប់មូលដ្ឋានកងរាជអាវុធហត្ថទាំង៩ ក្រុង-ស្រុក បន្តចូលរួមចំណែកក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋឱ្យបានល្អ និងស្រាវជ្រាវ បង្ក្រាបរាល់បទបទល្មើសដែលកើតមានឡើងក្នុងមូលដ្ឋានរបស់ខ្លួន ពង្រឹងការអនុវត្តច្បាប់ និងបទបញ្ជា គោរពសិទ្ធមនុស្ស ព្រមទាំងជួយសង្គ្រោះដល់ប្រជាពលរដ្ឋនូវក្នុងឧបទ្ទវហេតុផ្សេងៗ ឱ្យបានទាន់ពេលវេលា។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏បានសង្កត់ធ្ងន់ៗដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទាំងអស់ ត្រូវតែគោរពច្បាប់ គោរពបទបញ្ជា គោរពឋានានុក្រមការងារ គោរពលក្ខន្តិកៈ បទវិន័យទូទៅ នៃកងយោធពលខេមរភូមិន្ទ ជាពិសេសត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អផងដែរ៕