ចាប់ជ្រូកឆ្លងដែនពីឡាវ ចូលមកកម្ពុជាខុសច្បាប់ជិត ១០០ក្បាល និងឃាត់ខ្លួនមនុស្សពីរនាក់ នៅក្នុងស្រុកឆែប ខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ កម្លាំងសមត្ថកិច្ចចម្រុះរបស់ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឆែប ខេត្តព្រះវិហារ បានចុះស្ទាក់ចាប់រថយន្តកូរ៉េ ទម្ងន់ ៥តោន ១គ្រឿង ដែលផ្ទុកសត្វជ្រូករស់ប្រមាណ ៩០ក្បាល និងឃាត់ខ្លួនជនសង្ស័យជួញដូរសត្វជ្រូកពីរនាក់ ដែលសត្វជ្រូកទាំងនោះ ត្រូវបានមេឈ្មួញលួចនាំឆ្លងដែនពីប្រទេសឡាវ ចូលមកប្រទេសកម្ពុជា តាមផ្លូវទឹក ​។

ប្រតិបត្តិការឃាត់រថយន្តដឹកជ្រូករស់ប្រមាណ ៩០ក្បាល និងឃាត់ខ្លួនជនសង្ស័យពីរនាក់ បានធ្វើឡើងនាម៉ោង ១០ និង ១៥នាទី ព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៩ ត្រង់ចំណុច ផ្លូវបំបែកចូលឧទ្យានជាតិ តេជោសែន ឫស្សីត្រឹប ស្ថិតក្នុងភូមិសាស្ត្រ ភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។

សេចក្តីរាយការណ៍បានអោយដឹងថា នៅក្នុងប្រតិបត្តិការនោះ បានដឹកនាំដោយលោក កៅ រីម អភិបាលរង នៃគណៈអភិបាលស្រុកឆែប ចុះបង្ក្រាបរថយន្តម៉ាកកូរ៉េ ទម្ងន់ ៥តោន មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ព្រះវិហារ 3A-0177 ដោយរថយន្តនោះ បានផ្ទុកសត្វជ្រូករស់ប្រមាណ ៩០ក្បាល ដែលឈ្មួញលួចនាំឆ្លងដែនដោយខុសច្បាប់ពីប្រទេសឡាវ ចូលមកកម្ពុជា តាមផ្លូវទឹក (ចំណុចកំពង់ទូកដរ កំពង់ស្រឡៅ) រួចដឹកជញ្ជូនតាមរថយន្តចេញពីស្រុកឆែប ឆ្លងកាត់ស្រុកជ័យសែន ស្រុករវៀង នៃខេត្តព្រះវិហារ យកទៅលក់ចែកចាយតាមគោលដៅឈប់សំចត បានប្រាក់កម្រៃយ៉ាងក្រាស់ក្រែល។

នៅក្នុងសកម្មភាពល្មើសច្បាប់នោះ សមត្ថកិច្ចក៏បានឃាត់ខ្លួនបុរសសង្ស័យមេឈ្មួញសត្វជ្រូក នាំចូលពីឡាវ មកកម្ពុជា ពីរនាក់ផងដែរ។ ហើយនៅក្រោយការបង្ក្រាប សមត្ថកិច្ចបានបញ្ជូនសត្វជ្រូករស់ និងជនសង្ស័យទាំងពីរនាក់ ទៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះ វិហារ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖ឡុង សំបូរ