ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា ជំរុញអាជ្ញាធរខេត្ត ក្រុង-ស្រុក-ឃុំ-សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាល បន្តយកចិត្តទុកដាក់គាំពារ និងពន្លឿនការធ្វើបណ្ណក្រីក្រ ជូនសមាជិក សមាជិកា សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង

0

ខេត្តស្ទឹងត្រែង៖ ប្រសាសន៍ដាស់តឿនរបស់ លោក ច័ន្ទ លំផាត់ អនុគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាសមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល សមាគមន៍អតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពស់ខ្ពស់ នាយឧត្តមសេនីយ៍ កតិសិង្គហបណ្ឌិត ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងវេលាដែលលោក បានអញ្ជើញជាអធិបតី ប្រកាសទទួលស្គាល់ ប្រធាន និងអនុប្រធាន គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង ។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី តន ឆៃ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែង ត្រូវបានប្រកាសទទួលស្គាល់ជា ប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង និង លោក គឹម ពិសិដ្ឋ ប្រធានមន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុយោដីខេត្តស្ទឹងត្រែង ជាអនុប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង។

នៅក្នុងពិធីប្រកាសទទួលស្គាល់ ប្រធាន-អនុប្រធាន គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង ដែលបានធ្វើឡើងនៅរសៀល ថ្ងៃទី១៣កុម្ភៈ២០២៤ នៅសាលាខេត្តស្ទឹងត្រែង នោះ ក៏មានការអញ្ជើញចូលរួមពី លោកស្រី កែវ សាវឿន អភិបាលរងខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងជាអនុប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង លោក ស៊ុទ្ធ វណ្ណា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង ប្រធាន អនុប្រធានមន្ទីរ អភិបាលក្រុង-ស្រុកទាំង៦ រួមទាំងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ផងដែរ។

លោក ច័ន្ទ លំផាត់ បានថ្លែង ពាំនាំសេចក្តីនឹករលឹកជាពន្លឹកពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនចំពោះបងប្អូន សមាជិក សមាជិកា អតីតយុទ្ធជនកម្ពុជា នៅគ្រប់មូលដ្ឋាន ភូមិ-ឃុំ-ស្រុក-ក្រុង នៃខេត្តស្ទឹងត្រែង។

ស្របពេលជាមួយគ្នានោះ លោក ច័ន្ទ លំផាត់ បានសំណូមពរដល់អាជ្ញាធរខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវយកចិត្តទុកដាក់ ក្នុងការជួយមើលថែ ចំពោះសមាជិក សមាជិកា អតីតយុទ្ធជនកម្ពុជាទាំងអស់ តាមរយៈការចុះពិនិត្យមើល និងផ្ដល់ប័ណ្ណក្រីក្រជូនពួកគាត់ឲ្យបានគ្រប់ៗគ្នា ព្រោះដ្បិត អតីតយុទ្ធជនភាគច្រើន គឺជាជនក្រីក្រ ដូច្នេះប្រសិនបើពួកគាត់ទទួលបានបណ្ណក្រីក្រ នោះពួកគាត់នឹងទទួលបានប្រាក់ឧបត្ថម្ភ គួបផ្សំជាមួយនឹងប្រាក់បៀវត្ស ដើម្បីយកទៅផ្គត់ផ្គង់ជីវភាពគ្រួសារ និងការដោះស្រាយការលំបាកបានមួយកំរិតទៀត ផងដែរ ៕ដោយ៖ឡុង សំបូរ