កងរាជអាវុធហត្ថ នឹងបញ្ជូនជនសង្ស័យជួញដូរគ្រឿងញៀន ៦នាក់ រួមទាំងវត្ថុតាងថ្នាំញៀន៣៩កញ្ចប់ ទៅតុលាការខេត្តព្រះវិហារ!

0

ខេត្តព្រះវិហារ៖ ជនសង្ស័យជួញដូរគ្រឿងញៀន ៦នាក់ រួមទាំងវត្ថុតាងថ្នាំញៀន ៣៩កញ្ចប់តូច-ធំ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត នឹងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះវិហារ នៅក្រោយបញ្ចប់កិច្ចនីតិវិធីកសាងសំណុំរឿងរួច និងនៅក្នុងប្រតិបត្តិការចុះបង្ក្រាប ដែលបានធ្វើឡើងក្រោមបញ្ជាពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់ ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីម៉ោងជាង ២រសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានបញ្ជាក់ឲ្យដឹងថា នៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននោះ បានធ្វើឡើងនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ដឹកនាំដោយ លោកអនុសេនីយ៍ទោ ស្រី វណ្ណនី មេបញ្ជាការមូលដ្ឋានកងអាវុធហត្ថស្រុក ឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ ហង្ស រំដោះ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិសម្លាញ ឃុំភ្នំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដកហូតបានវត្ថុតាង ម្សៅក្រាមសថ្លា ៣១កញ្ចប់ ដែកកេះ ២ និងសម្ភារៈជក់ថ្នាំញៀនមួយចំនួន ថែមទៀតផងដែរ។

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានបញ្ជាក់ទៀតថា ក្រោយទទួលបានចម្លើងពីជនសង្ស័យ ហង្ស រំដោះ នោះរួច នៅម៉ោង ៣រសៀលថ្ងៃដដែល កម្លាំងកងរាជអាវុធហត្ថ បានបន្តឃាត់ខ្លួនជនសង្ស័យ ៥នាក់បន្ថែមទៀត គឺ ១-ឈ្មោះ យុត ណូយ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរកសិករ រស់នៅ ភូមិស្ទឹង ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ (អ្នកយកថ្នាំញៀន២កញ្ចប់ធំឲ្យគេ)។ ២-ឈ្មោះ ស្រស់ ពេជ្រ អាយុ ១៦ឆ្នាំ ភេទប្រុស មុខរបរ ទិញអេតចាយ រស់នៅភូមិបរិបូណ៌ ឃុំត្បែងពីរ ស្រុកគូលែន (អ្នកយកថ្នាំញៀន១កញ្ចប់ធំឲ្យគេ)។ ៣-ឈ្មោះ ហាត់ អៀក ភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅភូមិស្របាល ឃុំភ្នំពេញ ស្រុកគូលែន (អ្នកយកថ្នាំញៀនឲ្យគេ១កញ្ចប់ធំ)។ ៤-ឈ្មោះ ញ ផល្លា ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរ លក់សាច់ជ្រូក រស់នៅភូមិស្របាល ឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ។ ៥-ឈ្មោះ រិណ ចិន ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិស្របាល ឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ ចាប់យកវត្ថុតាងម្សៅក្រាមសថ្លា ៤កញ្ចប់ ក្នុងនោះ ធំ១កញ្ចប់ និងម៉ូតូ០១គ្រឿង ម៉ាក់ WAVE ពាក់ស្លាកលេខ កណ្ដាល 1L-4670។

លោកឧត្តមសេនីយ៍ មេបញ្ជាការអាវុធហត្ថខេត្ត បានបញ្ជាក់ទៀតថា លទ្ធផលនៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ៦នាក់ ដកហូតថ្នាំញៀន ៣៩កញ្ចប់ ក្នុងនោះកញ្ចប់ធំ២ ម៉ូតូ ១គ្រឿង និងវត្ថុតាងមួយចំនួនទៀតផងដែរ។ ជនសង្ស័យ រួមទាំងវត្ថុតាង នឹងត្រូវបញ្ជូនទៅកាន់តុលាការខេត្តព្រះវិហារ ចាត់ការតាមនីតិវិធី បន្ទាប់ពីកម្លាំងជំនាញបញ្ចប់ នូវកិច្ចនីតិវិធីសាកសួរ និងកសាងសំណុំរឿងរួច៕ដោយ៖ឡុង សំបូរ