ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយមនុសធម៌ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត  ជូនជនពិការដែលមានជីវភាពលំបាកខ្វះខាត

0

កំពង់ធំ÷ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អមដំណើរដោយលោកវរសេនីយ៍ត្រី អ៊ិន ប៉ូ មេបញ្ជាការផ្នែកសឹករងប្រាសាទសំបូរ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី បាននាំយកនូវរទេះរវៃដោយដៃសម្រាប់ជនពិការ ស្បៀងអាហារគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនជនពិការពីកំណើត ដែលមានជីវភាពលំបាកខ្វះខាត រស់នៅភូមិជីនាង ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ។

លោក ផន ភាន់ អាយុ៣៧ឆ្នាំ បានបញ្ជាក់ថា គាត់មានពិការភាព ដោយពិការជើង និងដៃមួយចំហៀងតាំងពីកំណើត ហើយបច្ចុប្បន្ននេះគាត់មានភរិយាមួយរូបឈ្មោះ  ជិន សាម៉េត អាយុ៤៧ឆ្នាំ ជាជនពិការភ្នែកទាំងសងខាង ដោយសារជំងឺកញ្ជ្រឹលតាំងពីកុមារភាព ហើយបច្ចុប្បន្ននេះភិយាគាត់កំពុងប្រកបមុខរបរជាអ្នកម៉ាស្សាជនពិការ នៅខេត្តកំពង់ស្ពឺ បានប្រាក់កាសបន្តិចបន្តួចសម្រាប់ផ្ញើមកជួយដោះស្រាយជីវភាពស្វាមីដែលកំពុងរង់ចាំនៅឯផ្ទះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការអាណិតស្រឡាញ់ចំពោះគូស្វាមី ភរិយា ដែលពិការទាំងពីរនាក់ ដែលបានខិតខំប្រកបរបររកចិញ្ចឹមជីវិត តាមលទ្ធភាព ដែលខ្លួនអាចធ្វើទៅបាន។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្ដាំផ្ញើដល់លោក ផន ភាន់ និងភរិយា ត្រូវខិតខំតស៊ូ និងការចិញ្ចឹមជីវិត ហើយត្រូវថែរក្សាសុខភាព ឱ្យបានល្អ និងបានផ្ដាំផ្ញើដល់អាជ្ញាធរដែនដីភូមិ.ឃុំ ដើម្បីជួយមើលការខុសត្រូវសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនពិការទាំងពីររូបនេះឲ្យបានល្អប្រសើរ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយលោកវរសេនីយ៍ត្រី អ៊ិន ប៉ូ មេបញ្ជាការផ្នែកសឹករងប្រាសាទសំបូរ និងសហការី បាននាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនគាត់មានអង្ករចំនួន១០០គីឡូក្រាម មីជាតិចំនួន២កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ ត្រីខកំប៉ុងចំនួន២យួរ រទេះរុញ សម្រាប់ជនពិការ១គ្រឿង និងថវិកាមួយចំនួនផងដែរ។

លោក ផន ភាន់ និងភរិយា សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតរកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ ចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ រួមជាមួយឧត្តមសេនីយ៍ទោ សោម ស៊ុន និងក្រុមការងារទាំងអស់ ដែលបានជួយដោះស្រាយការលំបាកជូនគាត់នៅពេលនេះ និងសូមគោរពជូនពរ សូមសម្ដេច លោកជំទាវ ឯកឧត្តម លោក លោកស្រី សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕