យកផាវគ្រាប់បែកទៅកែច្នៃផ្ទុះរបួសធ្ងន់ពីរនាក់ នៅខេត្តស្ទឹងត្រែង

0

ខេត្តស្ទឹងត្រែង៖ បុរសម្នាក់បានយកផាវគ្រាប់បែក ទៅកែច្នៃខុសបច្ចេកទេសបង្កឲ្យផ្ទុះលាន់កងរំពងឡើង ធ្វើឲ្យរងរបួសខ្លួនឯងយ៉ាងធ្ងន់ធ្ងរ និងកុមារាម្នាក់ដែលកំពុងអង្គុយមើលការកែច្នៃគ្រាប់បែកនៅជិតនោះ ក៏រងរបួសជាទម្ងន់នោះដែរ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ដើម្បីជួយសង្គ្រោះជីវិត។

មន្ត្រីនគរបាលប៉ុស្តិ៍នគរបាលឃុំកាំងចាម លោក ហៃ ម៉ន បានបញ្ចាក់ថា ហេតុការណ៍ផ្ទុះគ្រាប់បែកកែច្នៃខាងលើនោះ បានកើតឡើងនៅវេលាម៉ោង ១៧និង ១០នាទីល្ងាចថ្ងៃទី ១៧ខែមីនាឆ្នាំ២០២៤ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

លោក ហៃ ម៉ន បានបន្តទៀតថា បុរសរងគ្រោះមាន ឈ្មោះ សួង លី ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង  ជាអ្នកកែច្នៃ យកផាវគ្រាប់បែកធ្វើជាគ្រាប់បន្ទុះ ដោយគេសង្ស័យថា យកទៅបោកត្រីខណៈពេលកំពុងកែច្នៃក៏បានផ្ទុះ បណ្ដាលឲ្យខ្លួនគាត់រងរបួសធ្ងន់ និងក្មេងម្នាក់ទៀត ឈ្មោះ ម៉ៅ ភារិទ្ធ ភេទប្រុស អាយុ ៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ក៏រងរបួសធ្ងន់ រស់នៅភូមិឃុំជាមួយគ្នានឹងអ្នកកែច្នៃគ្រាប់។

លោកបានបញ្ជាក់ថា ក្រោយកើតហេតុ ដោយឮគ្រាប់ផ្ទុះភ្លាមនោះ កម្លាំងនគរប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ហើយបានឃើញជនរងគ្រោះទាំងពីរនាក់រងរបួសយ៉ាងធ្ងន់ធ្ងរ និងបញ្ជូនជនរងគ្រោះទាំងពីរនាក់ ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។

បច្ចុប្បន្នជនរងគ្រោះទាំងពីរនាក់ខាងលើ កំពុងសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ដោយមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះ៕ដោយ៖ឡុង សំបូរ