អភិបាលខេត្តដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងទិសដៅការងារខែមេសា ឆ្នាំ២០២៤

0

ដោយគឹម សេង

ខេត្តស្វាយរៀង៖ លោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រឹកថ្ងៃទី២៥ខែមេសាឆ្នាំ២០២៤នេះបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងទិសដៅការងារខែមេសា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្វាយរៀង ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត តំណាងឯកឧត្តមប្រធានសាលាដំបូងខេត្ត តំណាងឯកឧត្តមព្រះរាជអាជ្ញាខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានា លោកអភិបាលក្រុង ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
លោកអភិបាលខេត្តមានប្រសាសន៍បានកោតសសេីនិងអរគុណចំពោះអាជ្ញាធរពាក់ព័ន្ធគ្រប់ប្រភេទដែលបានចូលរួមថែរក្សា សន្តិសុខសណ្តាប់បានល្អជូនដល់ប្រជាពលរដ្ឋ និងបានធ្វេីការផ្តាំផ្ញេីដល់អាជ្ញាធរពាក់ព័ន្ធនូវចំណុចសំខាន់ៗមួយដូចខាងក្រោម ៖
១.ត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមឲ្យបានល្អជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។
២.មន្ទីរ/អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុង/ស្រុក ត្រូវរៀបចំតុបតែភ្លេីងលម្អរឲ្យបានស្អាតសម្រាប់ទទួលទេវតាឆ្នាំថ្មី ក៏ដូចជាប្រជាពលរដ្ឋមកលេងកម្សាន្ត។
៣.រដ្ឋបាលក្រុង-ស្រុក ទាំងអស់ ត្រូវបន្តខិតខំដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យអស់លទ្ធភាព និងមានប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសត្រូវពង្រឹងការគ្រប់គ្រង ថែរក្សាការពារដីរដ្ឋ ដីចំណីបឹង ទន្លេ ព្រែក ឱ្យបានល្អសម្រាប់ជាប្រយោជន៍សាធារណៈ ។
៣. អាជ្ញាធរ ក្រុង ស្រុក សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តពង្រឹងបញ្ហាភូមិឃុំមានសុវត្ថិភាព ជាពិសេសការទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។
៤.អាជ្ញាធរក្រុង ស្រុក ត្រូវចូលរួមផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នអំពីបញ្ហាគ្រោះអគ្គីភ័យដែលបង្ករឡើងដោយភ្លើងអគ្គិសនី ភ្លើងទាន ធូប ជាដើម ។
៥. អាជ្ញាធរពាក់ព័ន្ធត្រូវខិតខំជម្រុញនិងទប់ស្កាត់ការសាងសង់សំណង់ផ្សេងៗដែលរំលោភមកលេីដីចំណីផ្លូវរបស់រដ្ឋ៕