ជំនុបគួរសម្តែងការគួរសមរវាងអភិបាលខេត្ត ជាមួយប្រធានសមាគមខ្មែរ-ចិនខេត្តសៀមរាប

0

សៀមរាប៖ លោកប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នៅថ្ងៃថ្ងៃអង្គារ ម្សិលមិញ បានអនុញ្ញាតឱ្យលោក ហ៊ុយ គឹមហ៊ួរ ប្រធានសមាគមខ្មែរ-ចិនខេត្តសៀមរាប និងសហការី ចូលជួបសម្តែងការគួរសម និងជូនពរដល់ លោកអភិបាលខេត្ត និងមន្រ្តីរាជការរដ្ឋបាលខេត្តសៀមរាបទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ។

លោក ប្រធានសមាគមខ្មែរ-ចិនខេត្តសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ប្រាក់ សោភ័ណ អភិបាលខេត្ត ដែលចំណាយពេលដ៏មានតម្លៃ ដែលអនុញ្ញាតឱ្យប្រតិភូចូលរួមជួបសំណេះសំណាល និងសម្តែងការគួរសម នាពេលនេះ និងសូមជូនពរ លោក អភិបាលខេត្ត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងមន្រ្តីរាជការរដ្ឋបាលខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ឈានចូល ព.ស២៥៦៨ សូមមានកម្លាំងមាំមួនផ្លូវកាយ ផ្លូវចិត្ត ប្រាជ្ញាស្មារតី និងបន្តសម្រេចបាននូវសមិទ្ធផលថ្មីៗថែមទៀតដើម្បីជាទីសង្ឃឹម និងជាជម្រកដ៏ត្រជាក់ត្រជុំសម្រាប់បងប្អូនអាជីវកករ កសិករ អ្នកវិនិយោគទុក ក៏ដូចជាពលរដ្ឋទូទៅក្នុងខេត្តទាំងមូល ដើម្បីឈានទៅរកភាពចម្រុងចម្រើន សេចក្តីសុខក្សេមក្សាន្ត ការអភិវឌ្ឍ និងវឌ្ឍនភាពសង្គមរបស់យើងប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ និងឧត្តុង្គឧត្តម ក្រោមម្លប់នៃសុខសន្តិភាព។

លោកប្រាក់ សោភ័ណ បានថ្លែងអំណរគុណចំពោះ  លោក ប្រធានសមាគមខ្មែរ-ចិនខេត្ត និងសហការី ដែលបានចំណាយពេលមកជូនពរដល់រូប លោក និងមន្រ្តីរាជការរដ្ឋបាលខេត្ត ក្នុងឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ឈានចូល ព.ស២៥៦៨ ។ កាយវិការនេះ ជាការបញ្ជាក់ពី ទឹកចិត្តស្រឡាញ់ គាំទ្ររបស់បងប្អូនសមាជិកសមាជិកាសមាគមខ្មែរ-ចិនទាំងអស់ ចំពោះ លោក និងមន្រ្តីរាជការរដ្ឋបាលខេត្ត និងជាការលើកទឹកចិត្តបន្ថែមទៀតដើម្បីខិតខំបំពេញតួនាទី ក្នុងការបម្រើសេវាសាធារណៈ ឱ្យបានរិតតែល្អទ្វេឡើងថែមទៀត និងសូមរួមគ្នាអភិវឌ្ឍ សង្គមរបស់យើង ឱ្យបានរីកចម្រើនសម្រាប់ខ្លួនយើង និងកូនចៅរបស់យើងតជំនាន់៕