អភិបាលខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភ ដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ !

0

ខេត្តស្ទឹងត្រែង៖ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង និងប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង លោក ឈាង ឡាក់ បានដឹកនាំគណៈប្រតិភូថ្នាក់ខេត្ត ចុះជួបសួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគ បរិភោគ បរិក្ខា និងថវិកាមួយចំនួន ទៅឧបត្ថម្ភដល់កងកម្លាំងប្រដាប់អាវុធ (យោធា-នគរបាល) ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង នាថ្ងៃទី៩មេសា២០២៤ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកនៅប៉ុន្មានថ្ងៃទៀត ខាងមុខនេះ។

អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង បានថ្លែង ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដល់កងកម្លាំងការពារព្រំដែន ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ រួមទាំង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផៃ្ទ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

លោក ស្វាយ សំអ៊ាង បានថ្លែងទៀតថា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាអាណត្តិទី៧នេះ បាននាំប្រទេសជាតិមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ លោកថា សម្តេចបានយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ជាពិសេសការចុះជួបសំណេះ សំណាល ពីថ្នាក់ដឹកនាំខេត្ត នាពេលនេះ ក៏ជាបង្ហាញឱ្យឃើញ ពីការយកចិត្តទុកដាក់ ដោយចង់ដឹងពីសុខទុក្ខរបស់កងកម្លាំងនៅជួរមុខ ផងដែរ។

លោកអភិបាលខេត្តស្ទឹងត្រែង បានថ្លែង ចាត់ទុកការចុះសួរសុខទុក្ខ ដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងនៅជួរមុខ ការពារខ្សែបន្ទាត់ព្រំដែន គឺជាការផ្សារភ្ជាប់រវាងសមរភូមិក្រោយ និងសមរភូមិមុខ បង្កើននូវការទំនាក់ទំនងគ្នាឲ្យកាន់តែល្អ ក្នុងការទ្រទ្រង់នូវជីវភាព និងភាពចាំបាច់របស់កងទ័ព ពិសេសកងកម្លាំងអនុសេនាតូចទី១ ផ្នែកសឹករងស្រុកសៀមប៉ាង នៅចំណុចកោះទន្សាយ ចំណុះតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង និងកងកម្លាំងទីបញ្ជាការប្រចាំទិស នៃបញ្ជាការដ្ឋានយោធភូមិភាគទី១ និងកងកម្លាំងនគរបាលវរការពារព្រំដែនគោកលេខ៧០១ និងកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៧៤៧ ឈរជើងនៅតាមព្រំដែនកម្ពុជា-ឡាវ ដែលកំពុងការពារបូរណាភាពទឹកដីនាពេលនេះ។

អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង បានសម្តែង នូវការគោរពកោតសរសើរ ដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហាន ការលះបង់ ការតស៊ូ និងការធ្វើពលីកម្មគ្រប់បែបយ៉ាងរបស់កងទ័ព ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងប្រជាជននៃយើង។ លោកបានផ្តាំផ្ញើដល់កងកម្លាំងគ្រប់កងឯកភាព ត្រូវបន្តកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងគ្នាឲ្យបានល្អ ជាមួយកងកម្លាំងបណ្តាប្រទេសជាមិត្ត និងត្រូវក្តាប់ឲ្យបានសភាពការណ៍នៅតាមបណ្តោយព្រំដែន ដែលខ្លួនកំពុងឈរជើងការពារ។

គួរបញ្ជាក់ថា អំណោយរបស់ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង ដែលត្រូវប្រគល់ជូន កងកម្លាំងការពារព្រំដែនកម្ពុជា-ឡាវ នាពេលនោះ រួមមាន៖ កងអនុសេនាតូចទី១ ផ្នែកសឹករងសៀមប៉ាង នៅចំណុចកោះទន្សាយ ទទួលបាន អង្ករខ្មែរប្រណិត ៤ពាន់គីឡូក្រាម មីម៉ាៗ ២៤កេសធំ ស្មើ១៤៤កេសតូច ត្រីខកំប៉ុង ២៤កេស ទឹកស៊ីអ៊ីវ ២៤កេស ទឹកត្រី ២៤កេស ទឹកបរិសុទ្ធ ៥០កេស ស័ង្កសី៦០០សន្លឹក និងថវិកា ៦លានរៀល។  ទីបញ្ជាការប្រចាំទិស នៃបញ្ជាការដ្ឋានយោធភូមិភាគទី១ ទទួលបាន អង្ករខ្មែរប្រណិត ២ពាន់គីឡូក្រាម មីម៉ាៗ ១២កេសធំ ស្មើ ៧២ កេសតូច ត្រីខកំប៉ុង ១២កេស ទឹកស៊ីអ៊ីវ ១២កេស ទឹកត្រី ១២កេស ទឹកបរិសុទ្ឋ ២០កេស  និងថវិកា ២លានរៀល។

អំណោយរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ ផ្តល់ជូនកងកម្លាំង នគរបាលវរៈការពារព្រំដែនគោកលេខ ៧០១ រួមមាន៖ អង្ករខ្មែរប្រណិត ៣ពាន់គីឡូក្រាម មីម៉ាៗ១៦  ស្មើនឹង ៩៦ កេសតូច ត្រីខកំប៉ុង ១៦ កេស ទឹកស៊ីអ៊ីវ ១៦ កេស ទឹកត្រី ១៦ កេស ទឹកបរិសុទ្ឋ៤០ កេស ស័ង្កសី ២០០សន្លឹក និងថវិកា ៤លានរៀល ព្រមទាំងផ្តល់ជូនដល់កងកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ ៧៤៧ ទទួលបាន អង្ករខ្មែរប្រណិត ២ពាន់គីឡូក្រាម មីម៉ាៗ ១២ កេសធំ  ស្មើនឹង ៧២ កេសតូច ត្រីខកំប៉ុង ១២ កេស ទឹកស៊ីអ៊ីវ ១២ កេស ទឹកត្រី ១២ កេស ទឹកបរិសុទ្ឋ ២០ កេស និងថវិកា ២លានរៀល ផងដែរ៕ ដោយ៖ឡុង សំបូរ