ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដឹកនាំសហការី ទៅចូលរួមក្នុងពិធីបុណ្យសពអតីតយុទ្ធជនទីទ័លក្រ

0

(ខេត្តកំពង់ធំ)៖ ដោយបានទទួលដំណឹងដ៏ក្រៀមក្រំពីក្រុមគ្រួសារសពអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត រស់នៅភូមិដូង ឃុំបល្ល័ង្ក  ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញនេះ ។ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ទៅចូលរួមក្នុងពិធីបុណ្យសព និងនាំយកនូវថវិកាបេឡាមរណសង្គ្រោះ ព្រមទាំងអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចូលរួមឧបត្ថម្ភក្នុងពិធីបុណ្យសពនេះផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យ ចំពោះការបាត់បង់ជីវិតរបស់លោកព្រិន្ទបាលឯក ឡេង សុធី ដែលជាអតីតយុទ្ធជនពិការ ធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិក្នុងសម័យសង្គ្រាម ហើយត្រូវបានទទួលមរណភាពក្នុងជន្មាយុ៦២ ឆ្នាំ ដោយរោគាពាធ នៅភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ហេីយនៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយគណៈកម្មាធិការសមាគមអតីតយុទ្ធជនស្រុកបារាយណ៍ និងអាជ្ញាធរដែនដី បានដុតធូបគោរពវិញ្ញាណក្ខន្ធ និងបានបួងសួងដល់វិញ្ញាណក្ខន្ធលោកព្រិន្ទបាលឯក ឡេង សុធី បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងបានប្រគល់ជូននូវថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដែលជាអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចូលរួមក្នុងពិធីបុណ្យសពនេះផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានជម្រាបជូនដល់ក្រុមគ្រួសារសពអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងពិធីបុណ្យសពនេះ អំពីអត្ថប្រយោជន៍របស់បងប្អូនអតីតយុទ្ធជន ដែលទទួលបាន ក្រោមការផ្តួចផ្តើមឡេីងរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានដូចជា ប្រាក់បៀរវត្សប្រចាំខែជារៀងរាល់ខែ ការទទួលបានប័ណ្ណបេឡាសន្តិសុខសង្គម សម្រាប់ព្យាបាលជំងឺដោយឥតគិតថ្លៃពីមន្ទីរពេទ្យរដ្ឋ ការទទួលបាននូវប្រាក់បេឡាមរណសង្គ្រោះ សម្រាប់រៀបចំពិធីបុណ្យសព  និងការទទួលបាននូវប្រាក់ធានារ៉ាប់រងសង្គម សម្រាប់ផ្ដល់ជូនដល់ក្រុមគ្រួសារសពនៅពេលខាងមុខនេះ បន្ថែមទៀតផងសម្រាប់ក្រុមគ្រួសារសពប្រកបមុខរបរផ្សេងៗដោះស្រាយជីវភាពគ្រួសារ  ។  ដោយឡែកសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកបានប្រគល់ផ្ទះមួយខ្នងទំហំ ៥ម៉ែត្រកន្លះ គុណនឹង ៧ម៉ែត្រ ព្រមទាំងដីមួយហិកតាកន្លះ នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ជូនដល់ក្រុមគ្រួសារសពលោក ឡេង សុធី បានរស់នៅឧ្យបានសមរម្យផងដែរ។ អត្ថបទតំបន់សឹករងកំពង់ធំ