ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ទ្រាក់ បានទទួលអំណោយសង្គ្រោះ របស់សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ូន រ៉ានី ហ៊ុនសែន

0

ខេត្តកែប: គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប​ បាននាំយកឣំណោយមនុស្សធម៌របស់​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ ស្ថិតនៅភូមិ ដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប កាលពីរសៀល ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤ ក្រោមវត្តមាន ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកែប និងលោកជំទាវ ស ម៉ាលីដា អនុប្រធានកិត្តិយសសាខា ព្រមទាំងលោក​ លោកស្រី​ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ ក្រុមប្រតិបត្តិសាខា ប្រធាន អនុប្រធានអនុសាខាក្រុង ស្រុក  អាជ្ញាធរមូលដ្ឋាន ដោយបានចុះសួរសុខទុក្ខ និងនាំយកឣំណោយមនុស្សធម៌ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់កាលពីយប់ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២៤  បណ្តាលអោយខូចខាតផ្ទះរបស់ប្រជាពលរដ្ឋចំនួន ២៣គ្រួសារ រងគ្រោះធ្ងន់ចំនួន ៧គ្រួសារ ស្ថិតនៅ សង្កាត់អូរក្រសារ  ក្រុងកែប ខេត្តកែប។

ស្ថិតក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត ដោយ ពិសិដ្ឋ ប្រធានសាខាកាកបាទក្រហមខេត្ត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលមានទុក្ខលំបាក និងជនរងគ្រោះ ងាយគ្រោះ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយឡើយ។

អំណោយដែលផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥ គីឡូក្រាម មី ១កេះ ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ត្រីខកំប៉ុង ១យួរ និងថវិកាមួយចំនួន,
១,ប្រជាពលរដ្ឋរងគ្រោះស្រាល ១៦គ្រួសារ ទទួលបានថវិកាចំនួន ១០០,០០០ រៀល។
២,ប្រជាពលរដ្ឋរងគ្រោះធ្ងន់ ៥គ្រួសារ ទទួលបានកៅស៊ូតង់១ និងថវិការ ២០០,០០០រៀល។
៣,ប្រជាពលរដ្ឋរងគ្រោះរលំផ្ទះទាំងស្រុង ២គ្រួសារទទួល កៅស៊ូតង់១ និងថវិកា ៧០០,០០០រៀល៕ សេង ណារិទ្ធ