​អយ្យការ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ផ្សព្វផ្សាយ​ច្បាប់ក្រម​នីតិវិធី​ព្រហ្មទណ្ឌ និង​ក្រមព្រហ្មទណ្ឌ​ដល់​អាជ្ញាធរ​និង​សមត្ថកិច្ច​នៅក្នុង​ស្រុក​ជល​គី​រី​

0

កំពង់ឆ្នាំង​៖​ ​សមត្ថកិច្ច​គ្រប់​អង្គភាព និង​អាជ្ញាធរ​ភូមិ​ឃុំ​ស្រុក​ប្រមាណ​ជិត​៩០​នាក់ នៅក្នុង ស្រុក​ជល​គី​រី បាន​ចូ​រួម​ស្តាប់​ការផ្សព្វផ្សាយ​ច្បាប់ក្រម​នីតិវិធី​ព្រហ្មទណ្ឌ និង​ក្រមព្រហ្មទណ្ឌ ដែលមាន លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ជា​គ្រូ​ឧទ្ទេសនាម​ក្នុងការ​ផ្សព្វផ្សាយ​ច្បាប់​។​ការផ្សព្វផ្សាយ​ច្បាប់​នេះ​បានធ្វើ​ពេញ​មួយ​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅក្នុង​សាលាស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង​។​DSC06511
​ ​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​បានអោយដឹងថា​៖​នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ និង​ក្រមព្រហ្មទណ្ឌ​នេះ​មាន​សមាសភាព​ចូលរួម​ពី​គណៈ​អភិបាល នាយក​រដ្ឋបាល នាយករង ការិយាល័យ​ជុំវិញ​ស្រុក មន្ត្រី​សាលាស្រុក កងកំលាំងប្រដាប់អាវុធ​ទាំង​៣​ក្នុងស្រុក មេឃុំ ជំទប់ មេភូមិ​ទាំង​៥​ឃុំ និង​អ្នក​ដែល​ពាក់ព័ន្ធ​មួយចំនួនទៀត​សរុប​ប្រមាណ​ជិត​៩០​នាក់​។​DSC06510
​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​នេះ​គឺ​ក្នុង​គោលបំណង​អោយ​សមត្ថកិច្ច អាជ្ញាធរ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​យល់​កាន់តែច្បាស់​នូវ​ការអនុវត្តន៍​ក្រមនីតិវិធី​ព្រហ្មទណ្ឌ និង​ក្រមព្រហ្មទណ្ឌ ជាមួយ​ស្ថាប័ន​អយ្យការ ក្នុង​ការកសាង​សំណុំរឿង​ដើម្បី​ដាក់បន្ទុក​ដល់​ជនសង្ស័យ​, ការ បញ្ជូន​ដីកា​កោះហៅ ឬ​ដីកានាំខ្លួន​អោយ​ត្រឹមត្រូវ​តាម​លក្ខណៈ​ច្បាប់ និង​ទាន់ពេល​វេ លា​ដល់​សា​ម៉ី​ជន​,​និង​ពន្យល់​អោយ​កាន់តែ​យល់ច្បាស់​បន្ថែមទៀត​នូវ​ច្បាប់​ស្តីពី​ជលផល ច្បាប់​ព្រៃឈើ ច្បាប់​ចរាចរណ៍ ច្បាប់​រៀប​អាពាហ៍ពិពាហ៍​។ ជាពិសេស​បង្ខិត​ច្បាប់​អោយ កាន់តែ​ជិត​ទៅដល់​ប្រជាពលរដ្ឋ​គ្រប់រូប​នៅតាម​មូលដ្ឋាន អោយ​គាត់​យល់ដឹង​តាមរយៈ អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច ដើម្បី​អនុវត្ត​អោយបាន​ល្អ​នូវ​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។​
​លោក​បានបញ្ជាក់​បន្ថែម​ថា​៖​ការធ្វើ​លិខិត​សេវាសាធារណៈ​គឺជា​ការងា​ដ៏​ចាំបាច់​បំផុត​ដល់​ប្រជាពលរដ្ឋ ដូចនេះ​ទាមទារ​អោយ​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវតែ​យល់ អោយ​ច្បាស់​ពី​ច្បាប់ ដើម្បី​ជៀសវាង​បាន​ក្នុងការ​អនុវត្ត​ទៅ​មាន​បញ្ហា​ប្រឈម​ទៅ​ថ្ងៃ ក្រោយ​នាំ អោយ​សមត្ថកិច្ច អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជួប​នៅ​ការលំបាក​។​
​នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ និង​ក្រមព្រហ្មទណ្ឌ​រយៈពេល​ពេញ​មួយ​ថ្ងៃនេះ សមត្ថកិច្ច និង​អាជ្ញាធរ​ភូមិ ឃុំ ស្រុក មាន​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​និង​បានលើកឡើង​នូវ​សំណួរ​ជាច្រើន​ដែល​ពួកគាត់​មិនទាន់​យល់ច្បាស់ ដើម្បីអោយ​តំណាង អយ្យការ​ពន្យល់​ពី​ច្បាប់​និង​បទពិសោធន៍​នានា ក្នុង​ការធ្វើ​កិច្ចការងារ​ទាំងអស់នោះ​អោយ ត្រឹមត្រូវ​ស្របតាម​លក្ខណៈ​ច្បាប់​របស់​ជាតិ​៕