ខេត្តប៉ៃលិន ៖ ក្មេងប្រុសតូចម្នាក់ ត្រូវបានគេដឹកតាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ តែជាអកុសល់បានស្លាប់បាត់បង់ជីវិតទៅហើយមុនទៅដល់មន្ទីរពេទ្យ ខណៈក្មេងប្រុសរងគ្រោះបានបបួលនាំប្អូនប្រុសចំនួន៣នាក់ទៀត ទៅលេងទឹកអូរ លុះដើរលើថ្មមានស្លែ ក៏រអិលជើង បណ្តាលឱ្យដួលបោកក្បាលស្លាប់តែម្តង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៥០នាទីរសៀលថ្ងៃទី៥ ខែមី នា ឆ្នាំ២០១៥ ស្ថិតនៅចំណុចស្ទឹងតារាប ក្នុងភូមិចម្ការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។
ក្មេងប្រុសរងគ្រោះ ឈ្មោះ ហុង សុខហេង អាយុ១០ឆ្នាំ ជាកូនច្បង និងជាសិស្សរៀនថ្នាក់ទី៣ មានបងប្អូនសុទ្ធតែប្រុសចំនួន៤នាក់ រូបគេជាកូនទី១. រស់នៅភូមិកើតហេតុខាងលើ ។
ប្រភពព័ត៌មានពីយុវសិស្សដែលជួយដឹកក្មេងប្រុសរងគ្រោះតាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីរពេទ្យបានឱ្យដឹងថា មុនពេលកើតហេតុ ពួកគេបានឃើញក្មេងប្រុសរងគ្រោះខាងលើនាំបងប្អូនរបស់ខ្លួនចំនួន៣នាក់ទៀត ទៅនាំគ្នាហែលទឹកលេងក្នុងអូរខាងលើ លុះមួយសន្ទុះក្រោយមក ស្រាប់តែក្មេងប្រុសតូចៗដទៃទៀតត្រូវជាប្អូនរបស់គេបាននាំគ្នាស្រែកយំ ឱ្យជួយ សង្គ្រោះបងប្រុសរបស់ខ្លួន ពេលនោះពួកគេក៏នាំគ្នាស្ទុះចុះទៅរាវក្មេងប្រុសរងគ្រោះនៅក្នុងទឹក ហើយក៏ស្រង់យកមកលើគោក រួចជួយសង្គ្រោះ ដោយនាំគ្នាលើករលាក់ និងច្របាច់ពោះដើម្បីឱ្យចេញទឹក ហើយក៏កំរើកដៃជើងតិចតួច ។
ប្រភព័តមានពីលោកគ្រូពេទ្យបានឱ្យដឹងថា ក្មេងប្រុសរងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ដោយសាររងរបួសបែកក្បាលផ្នែកខាងក្រោយធ្ងន់ធ្ងរពេក ហើយណាមួយដោ យសារគេឈ្លក់ទឹកយូរ បណ្តាលឱ្យផុតដង្ហើម ។ លោកគ្រូពេទ្យបន្តទៀតថា ឪពុកម្តាយមិនគួរ បណ្តោយឱ្យក្មេងតូចៗនាំគ្នាទៅលេងទឹកបែបនេះទេ ព្រោះបើប៉ះចំកន្លែងទឹកជ្រៅ ពេលរូបគេ ម្នាក់លង់ បើពីរបីនាក់ចុះទៅជួយអាចលង់ទឹកស្លាប់ទាំងអស់គ្នាក៏មានដែរ ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ មួយសន្ទុះក្រោយមក ឪពុកម្តាយក្មេងប្រុសរងគ្រោះ បាននាំគ្នាមកទទួលសាកសពយកទៅធ្វើបុណ្យតាមប្រពៃណីតែម្តង ៕ដោយ៖ឡោ សុខហៃ