គណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំង បានដាក់កម្លាំងសមត្ថកិច្ច១៦១នាក់ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សម័យប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុត្តិយភូមិ

0

កំពង់ឆ្នាំង៖ ក្នុងកិច្ចធានាអោយបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ ជូនដល់គណៈមេប្រយោគ លោកគ្រូអ្នកគ្រូជាអនុរក្ស បេក្ខជន និងអាណាព្យាបាល ក្នុងសម័យប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងខេត្តកំពង់ឆ្នាំង ចាប់ពី__1ថ្ងៃទី២៤ដល់២៦ ខែសីហា ឆ្នាំ២០១៥នេះ អោយមានដំណើរការល្អ ទាំងពេលប្រឡង និងពេលស្នាក់នៅ ស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដាក់កម្លាំងសមត្ថកិច្ចសរុបចំនួន១៦១នាក់នៅគ្រប់គោលដៅ ទៅតាមគោលការណ៍របស់ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងជាគណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំង ។ លោកឧត្តមសេនីយ៍ត្រី ប្រាក់ វុទ្ធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបានថ្លែងអោយដឹងនៅល្ងាចថ្ងៃទី២៤ខែសីហា០១៥ថា៖សម័យប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបានប្រើប្រាស់កម្លាំងរុបចំនួន១៦១នាក់ក្នុងនោះកម្លាំងកងរាជអាវុធហត្ថមាន៤០នាក់ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយនៅមណ្ឌលប្រឡងទាំង៥ និងកន្លែងស្នាក់នៅទាំង៧កន្លែងជូនដល់គណៈមេប្រយោគ_លោកគ្រូអ្នកគ្រូជាអនុរក្សបេក្ខជនប្រឡងនិងអាណាព្យាបាល។កម្លាំងមួយចំនួនទៀតត្រូវបានដាក់អោយល្បាតនៅក្នុងភូមិសាស្ត្រនៃសង្កាត់ទាំង៤ក្នុងក្រុងកំពង់ឆ្នាំង។លោកបានបន្តថា៖ចាប់ពីថ្ងៃទី២៣ហា២០១៥រហូតដល់ចប់សម័យប្រឡងជាស្ថាពរកងកម្លាំងនគរបាលនិងកងរាជអាវុធហត្ថត្រូវបញ្ចុះកម្លាំងទៅតាមគោលដៅដែលទទួលខុសត្រូវរបស់ខ្លួនដើម្បីស្រាវជ្រាវក្តាប់សភាពការណ៍ក្នុងភូមិសាស្ត្រជុំវិញមណ្ឌលប្រឡងដោយប្រើប្រាស់គ្រប់វិធានការណ៍ជំនាញត្រួតពិនិត្យស្រាវជ្រាវរុករកអាវុធជាតិផ្ទុះគ្រប់ប្រភេទ និងគ្រប់គ្រងមុខសញ្ញាសមាសភាពអាក្រក់ដែលមានបំណងបំផ្លិចបំផ្លាញសម័យប្រឡងខាងលើ។ បង្ការទប់ស្កាត់រាល់បទល្មើសព្រហ្មទណ្ឌ និងការបង្កចលាចលផ្សេងៗធ្វើអោយប៉ះពាល់ដល់សម័យប្រឡង។រៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយនៅជុំវិញមណ្ឌលប្រឡង បិតបើកផ្លូវសំរួលចរាចរណ៍ ផ្អាកជាបណ្តោះអាសន្នការធ្វើអាជីវកម្ម ការថតចំឡងសំណៅឯកសារផ្សេងៗដែលពាក់ព័ន្ធការ__3ប្រឡង ការធ្វើអាជីវកម្មអីនធើណែតនិងគ្រឿងអេឡិចត្រូនិក។ ការពារមិនអោយចេញចូលក្នុងមណ្ឌលប្រឡងដោយគ្មានការចាត់តាំង។ការពារមិនអោយមានការគប់បោះ ឬបញ្ចេញវិញ្ញាសារមកខាងក្រៅ ការពារមិនអោយមានក្រុមធ្វើកំណែរវិញ្ញាសារនៅក្នុង និងក្រៅមណ្ឌលប្រឡង។ឆ្នាំនេះសន្តិសុខ សណ្តាប់ធ្នាប់តាមមណ្ឌលប្រឡងនីមួយៗមានការរឹតបណ្តឹងខ្លាំងជាងឆ្នាំកន្លងទៅ ដែលគេរំពឹងគិតថា នៅក្នុងរយៈពេលប្រឡង៣ថ្ងៃនេះ គឺវិញ្ញាសារក្នុងមណ្ឌលប្រឡងមិនអាចធ្លាយចេញមកខាងក្រៅបានឡើយ«គឺអ្នកចេះគឺជាប់ អ្នកមិនចេះគឺធ្លាក់»ដើម្បីជ្រើសរើស យកអ្នកដែលមានចំណេះពិតប្រាកដ ក្នុងការប្រែក្លាយធនធានមនុស្សនៅកម្ពុជាយើងអោយរឹត តែមានគុណភាពល្អទ្វេឡើងថែមទៀត៕__1 _