កងពលធំអន្តរាគមន៍លេខ៣បិទវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសជួសជុលអាវុធគ្រាប់ គ្រឿងចក្រ គ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៧!

0

សួន លីណា

ព្រះវិហារ: សិក្ខាកាមចំនួន៤១នាក់មកពីបណ្តាអង្គភាពចំណុះ ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ និងកងពលតូច ទាំងបីប្រចាំទឹសទី១ប្រាសាទព្រះវិហារ បានប្រារព្វពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេស ជួសជុល អាវុធគ្រាប់ គ្រឿងចក្រគ្រប់ប្រភេទសំរាប់ឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ រួមទាំងវត្តមានអញ្ជើញចូលរួមពីឯកឧត្តមមេបញ្ជាការ មេបញ្ជាការ រង ជាច្រើនរូបទៀតផងដែរ ។ ពិធីនេះបានប្រារព្វធ្វើឡើងនៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ នាព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៧ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ វ៉ា សឿន មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មានប្រសាសន៍បញ្ជាក់ថា ដោយមានការចង្អុលបង្ហាញ ពីក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន ពិសេសទីចាត់ការហ្វឹកហ្វឺន និងទីចាត់ការបច្ចេកទេសបានធ្វើឲ្យកងពលធំអន្តរាគមន៍លេខ៣ មានលទ្ធភាពបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញបច្ចេកទេសជួសជុលអាវុធគ្រាប់ គ្រឿងចក្រគ្រប់ប្រភេទសំរាប់ឆ្នាំ២០១៧នេះឡើង មានរយះពេល៣ខែ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ ដោយមានសមាសភាពចូលរួមរៀនសូត្រសរុប៥២នាក់ ក្នុងនោះរួមមាន៖សិក្ខាកាមចំនួន៤១នាក់ គ្រូឧទ្ទេសនាមចំនួន០៧នាក់ អ្នកគ្រប់គ្រង និងអ្នកបំរើការចំនួន០៥នាក់ មុខវជ្ជាសិក្សាលក្ខន្តិកៈការងារទូរទៅ របស់កងយោធពលខេមរភូមិន្ទ ច្បាប់ស្តីពីអាវុធជាតិផ្ទុះ គ្រាប់រំសេវ ច្បាប់ចរាចរផ្លូវគោកថ្មី ការងារគ្រប់គ្រងគ្រឿងចក្រ ការងារគ្រប់គ្រងអាវុធជាតិផ្ទុះ ការងារត្រួតពិនិត្យបច្ចេកទេសអាវុធជាតិផ្ទុះ ការធានាបច្ចេកទេសអាវុធជាតិផ្ទុះ និងលក្ខណៈទូរទៅរបស់អាវុធថ្មើជើង ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មានប្រសាសន៍ថាដើម្បីប្រើប្រាស់បានយូទាល់តែយើងទាំងអស់គ្នាគ្រប់គ្រងឲ្យបានល្អ និងប្រើប្រាស់ឲ្យបានត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេសរបស់វា ពិតណាស់ជំនាញបច្ចេសគឺជាផ្នែកមួយមានសារៈសំខាន់ ដែលមិនអាចខ្វះបានក្នុងកងយោធពលខេមរភូមិន្ទ ។ ដូច្នេះប្អូនៗសិក្ខាកាម ត្រូវយកចំណេះដឺងដែលបានសិក្សារៀនសូត្រទៅអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ហើយយកចំណេះដឹងនេះទៅផ្សព្វផ្សាយបន្តដល់យោធិនក្នុងអង្គភាព ឲ្យយល់ដឹងពីការងារបច្ចេកទេស សម្ភារៈគ្រឿងបំពាក់ ដើម្បីឲ្យបងប្អូនទាំងអស់មានភាពម្ចាស់ការ ក្នុងការចូលរួមគ្រប់គ្រង ប្រើប្រាស់ថែទាំបច្ចេកទេសសំដៅ រក្សាឲ្យបានកម្រិតខ្ពស់ ។ ក្នុងនោះដែរឧត្តមក៏បានឧបត្ថម្ភ ប្រេងម៉ាស៊ីនចំនួន ២០០លីត្រ ក្រណាត់៤បាវ សម្រាប់ធ្វើការដុសលៀង ថែទាំអាវុធយុទ្ធភ័ណ្ឌបន្ទាប់ពីការប្រើបា្រស់រួច ៕