លោក គន់ សុភា អះអាងថា យើងត្រូវចូលរួមគិតគូរ និងកែលំអការអភិវឌ្ឍន៍ ធ្វើឱ្យខេត្តកំពង់ចាមទាំងមូល ក្លាយជាខេត្តទេសចរណ៍បៃតង បរិស្ថានបៃតង និងកសិកម្មបៃតង

0

កំពង់ចាម: លោក គន់ សុភា អភិបាលរងខេត្តកំពង់ចាម បានអះអាងថា ថ្វីត្បិតតែខេត្តកំពង់ចាម មិនទាន់មានបញ្ហាប៉ះពាល់ធំដុំពីការប្រែប្រួលអាកាសធាតុនៅឡើយប៉ុន្តែ យើងត្រូវចូលរួមគិតគូរ និងកែលំអការអភិវឌ្ឍន៍ទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុង/ស្រុក/ឃុំ សង្កាត់ និងការអភិវឌ្ឍន៍វិស័យកសិកម្មឱ្យបានទាន់ពេលវេលា ដែលចូលរួមចំណែកដ៏សំខាន់សម្រាប់ធ្វើឱ្យខេត្តកំពង់ចាមទាំងមូល ក្លាយជាខេត្តទេសចរណ៍បៃតង បរិស្ថានបៃតង និងកសិកម្មបៃតង ។ តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ថ្លែងបែបនេះក្នុងទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ «ភូមិឋានស្អាត បរិស្ថានស្អាត សង្គមសន្តិភាព សេដ្ឋកិច្ចរីកចម្រើន» ដែលធ្វើឡើងនារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាបឋមសិក្សា-អនុវិទ្យាល័យអង្គរ ស្ថិតក្នុងភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ក្នុងពិធីនោះដែរ លោក គន់ សុភា អភិបាលរង បានថ្លែងថា សម្រាប់ខេត្តកំពង់ចាម គឺយកចិត្តទុកដាក់យ៉ាងខ្លាំងលើគ្រប់វិស័យ ដើម្បីអភិវឌ្ឍន៍ និងភាពរីកចម្រើនរបស់មូលដ្ឋានក្រុង-ស្រុក-ឃុំ-សង្កាត់ ភូមិ នីមួយៗទូទាំងខេត្ត ដែលជាខេត្តសំបូរទៅដោយដំណាំក សិកម្ម។ ដោយឡែកការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ផ្ដោតសំខាន់ធ្វើយ៉ាងណាត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនទៅលើអនុក្រឹត្យលេខ១១៣ អនក្រ.បក កាន់តែប្រសើរឡើង និងលើកទឹកចិត្តក្នុងការចូលរួម ចំណែកអភិរក្សធនធានធម្មជាតិ ដើម្បីការពារបរិស្ថានក្នុងន័យការពារជីវិតនៅលើផែនដី អាចរស់នៅបានដោយសុខសុវត្ថិភាព និងយូអង្វែង ។

ជាមួយគ្នានោះ លោក គន់ សុភា អភិបាលរងខេត្ត បានសង្កត់ធ្ងន់ថា ក្នុងការប្រយុទ្ធប្រឆាំងនឹងសំរាម សំណល់រឹងទីប្រជុំជន ជាពិសេសសំណល់ប្លាស្ទិក រដ្ឋបាលខេត្តកំពង់ចាម និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានយកចិត្តទុកដាក់ជាអាទិភាពលើការ ពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន សំណល់ប្លាស្ទិក និងសំណល់គ្រោះថ្នាក់ ដោយធានាឱ្យ គ្រប់ទីប្រជុំជន សហគមន៍ សាលារៀន មានសេវាប្រមូល ដឹកជញ្ជូន និងទីលានទុកដាក់សំរាមប្រកបដោយ ប្រសិទ្ធភាព និងការចូលរួមគាំទ្រពីប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធផងដែរ ៕