អតីតយុទ្ធជនពិការគំរូ ពិការរាងកាយតែមិនពិការចិត្ត មានជីវភាពល្អជាងមនុស្សដៃជើងល្អមួយចំនួន  

0

កំពង់ធំៈ លោក សំផាង ជាអតីតយុទ្ធជនពិការមានជីវិតរស់នៅពោពេញ​ទៅ​ដោយការ​តស៊ូ ដោយកំលាំ​ញើសឈាមផ្ទាល់ ទាំងខ្លួនពិការដៃទាំងសងខាង តែអាចប្រកបមុខរបរចិញ្ចឹម ជីវិតដើម្បីជីវភាពគ្រួសារ ដោយមិនបណ្តែតបណ្តោយវាសនាទៅតាមព្រហ្មលិខិតនោះទេ ។

ឯកឧត្តម​ ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា បានមានប្រសាសន៍ថា ដោយបានទទួលដំណឹងថា លោក សំផាង ដែលជាអតីតយុទ្ធ​ជន គំរូ កំពុងតែមានជំងឺ ក៏ដឹកនាំក្រុមការងារ រួមទាំងគ្រូពេទ្យប្រចាំអង្គភាពតំបន់ប្រតិបត្តិសឹករងកំពង់ធំ នាំ យកថ្នាំសង្កូវ រួមទាំងអំណោយមានអង្គរ៥០គ.ក មី២កេស ទឹកត្រីមួយយួរ ភ្ជាប់មកជាមួយ ដើម្បីផ្តល់កំលាំង ចិត្តជូនដល់អតីតយុទ្ធជនពិការ ឲ្យបានជាសះស្បើយនឹងតស៊ូជីវិតបន្តទៀត ស្ថិតនៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ធុក ខេត្តកំពង់ធំ។

ឯកឧត្តម​ ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានកោតសរសើរយ៉ាងខ្លាំងចំពោះលោក សំផាង ដែលពិការតែរាង កាយមិនពិការចិត្ត ហើយអាចប្រកបមុខរបរចិញ្ចឹមជីវិតបានល្អជា មនុស្សដៃជើងល្អមួយចំនួនទៀតផង ជាពិសេសនោះ លោកសំផាង បានចិញ្ចឹមសត្វគោជាច្រើនក្បាល និងដាំដំណាំបន្លែបង្ការ រួមទាំងដំណាំហូប​ផ្លែជាច្រើនមុខទៀត ដោយទទួលបានការណែនាំ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គ​លេ​ខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានជម្រុញឲ្យអតីតយុទ្ធជនយកពេលវេលាដែលនៅសេសសល់ មក ដាំដំណាំចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់គ្រួសារ ហើយណែនាំកូនចៅឲ្យចៀសអោយឆ្ងាយពីគ្រឿងញៀន។

លោក សំផាង បានឲ្យដឹងថា កាលពីមុនលោកមានជីវភាពក្រីក្រ ខ្វះខាតសព្វបែបយ៉ាង ដោសារតែមាន​សមត្ថភាព តែខ្វះលទ្ធភាព ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាកម្ពុជា និងបាន បង្កើតឲ្យមានសមាគមអតីតយុទ្ធជនកម្ពុជា សម្រាប់ជួយដល់អតីតយុទ្ធជនដែលធ្លាប់បានតស៊ូបំរើជាតិ មាតុភូមិ រួមទាំងបង្កើតឲ្យមានសមាគមអតីតយុទ្ធជនខេត្ត បានចុះមកជួយទាំងផ្ទះសំបែង និងថវិការ រួមទាំង ផ្តល់កំលាំងចិត្ត ផ្តល់យោបល់ និងការណែនាំល្អ ធ្វើឲ្យរូបលោកងើបឈរឡើងជាមួយនិងប្រពន្ឋកូន តស៊ូ​ចិញ្ចឹមសត្វ ដាំបន្លែ ចិញ្ចឹមត្រីយកទៅលក់នៅទីផ្សារ ធ្វើឲ្យមានជីវភាពល្អប្រសើរឡើង និងសូមអគុណ​សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម មេបញ្ជាការតំបន់ប្រតិបត្តិកាសឹករងកំពង់ធំ ដែលតែងតែជួយរហូត​កន្លងមកនេះ សុំឲ្យមានសុខភាពល្អ សម្រេចជោគជ័យគ្រប់ភារកិច្ច ។

ដោយ  ប៊ុន  រដ្ឋា