រដ្ឋបាលស្រុកស្ទោង ដង្ហែរអង្គកឋិនទានប្រគេនព្រះសង្ឃនៅវត្តពោធិដំណាក់

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃ១៥កើត ខែកត្តិក ឆ្នាំថោះ ព.ស២៥៦៧ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង លោក សោម វណ្ណថន ប្រធានក្រុមប្រឹក្សាស្រុក មន្រ្តីរាជការ លោក លោកស្រី ជាសមាជិក សមាជិកា បានអញ្ជើញដង្ហែអង្គកឋិនទានសាមគ្គីមកវេរ ប្រគេនព្រះសង្ឃដែលចាំព្រះវស្សាអស់រយៈកាលត្រីមាសនៅក្នុងព័ទ្ធសី “វត្តពោធិដំណាក់”  ស្ថិតនៅក្នុងភូមិចំណាក់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ  ។

ទាំងនេះសឱ្យឃើញអំពីការគោរពស្រឡាញ់ និងប្រណិបត្តិ ពុទ្ធសាសនាប្រកបដោយសទ្ធាជ្រះថ្លាក៏ដូចជាការផ្សារភ្ជាប់រវាងពុទ្ធចក្រ និងអាណាចក្រ ការជួបជុំរួបរួមសាមគ្គីគ្នារវាងថ្នាក់ដឹកនាំស្រុកស្ទោងជាមួយសហការីក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ពិសេសពុទ្ធបរិស័ទ្ឋចំណុះជើងវត្តពោធិដំណាក់ និងការជួបជុំពីសំណាក់ប្រជាពុទ្ធសាសនិកជិតឆ្ងាយ ការសន្សុំនូវបុញ្ញនិធិសម្រាប់ជាតិនេះនិងអនាគតជាតិក្នុងនាមជាពុទ្ធសាសនិក ហើយពិធីបុណ្យអង្គកឋិនទានជាបុណ្យដ៏កម្រ ដែលមានចែងនៅក្នុងគម្ពីរព្រះត្រៃបិដក និងជាពិធីបុណ្យដែលមានកាលវេលាកំណត់ ឬកឋិនកាល ជាក់លាក់ត្រឹមត្រូវ មានរយៈពេល២៩ថ្ងៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១រោចខែភទ្របទ រហូតដល់ថ្ងៃទី១៥ កើត ខែកក្តិក ក៏ដូចជាការចូលរួមថែរក្សាពុទ្ធសាសនាឲ្យបានគង់វង្សគ្រប់៥០០០ព្រះវស្សា។

គួរបញ្ជាក់ផងដែរថា អង្គកឋិននទានរបស់រដ្ឋបាលស្រុកស្ទោងនៅថ្ងៃនេះគឺមានត្រៃធំចំនួន១ និងគ្រឿងរណ្ដាប់បរិវារកឋិនមួយចំនួន ក្នុងនោះដែរក៏មានបច្ច័យចំនួន១៨,៤៧១,៤០០,រៀលគត់ លោក សាយ គឹមឡម ក៏បានចែកសម្ភារសិក្សា និងថវិកាមួយចំនួនដល់សិស្សានុសិស្សចំនួន២៣០នាក់ និងលោកគ្រូអ្នកគ្រូចំនួន ០៥នាក់ ព្រមទាំងប្រជាការពារផងដែរ ក៏មានព្រឹត្តិការណ៍ប្រដាល់គុនខ្មែរបុរាណដើម្បីអបអរសាទរអង្គកឋិនទាននៅថ្ងៃនេះផងដែរ។អត្ថបទលោក ឆុន ឆេងក្រឹម