កិច្ច​ប្រជុំ​បូកសរុប​ដកបទពិសោធន៍​ ផ្សព្វផ្សាយអំពីសភាពការណ៍ វិវត្តថ្មីៗក្រោយពេលបោះឆ្នោត

0

កំពង់ធំៈ  ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ បានកោតសរសើរដល់កងកម្លាំងគ្រប់បណ្តាកងឯកភាពចំណុះ បញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានចូលរួមសហការ ការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ បានយ៉ាងល្អប្រសើរ  ជូនគ្រប់គណបក្សនយោ​បាយ និងប្រជាពលរដ្ឋទូទៅ ក្នុងដំណើរបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ។

ប្រសាសន៍នេះ ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ថ្លែងក្នុងពិធី​ប្រជុំ​បូកសរុប​ដកបទពិសោធន៍​ និងផ្សព្វផ្សាយកិច្ចការពារបន្តសន្តិសុខ សុវត្តិភាព ជូនរាជរដ្ឋា​ភិបាល ក្នុងដំណើរការរៀបចំរដ្ឋាភិបាលថ្មី  ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ ក្នុងបញ្ជាការដ្ឋានតំបន់សឹករងកំពង់ធំ​ ដែលមានសមាសភាពថ្នាក់ដឹកនាំ មេបញ្ជាការរង នាយ នាយរង សេនាធិការ , នាយ នាយរង ការិយាល័យ-ផ្នែក , មេបញ្ជាការ ផ្នែកសឹករង ទាំង ០៨ ស្រុក-ក្រុង និងមេបញ្ជាការ វរសេនាតូចទាំង ០២ ចូលរួមសរុបចំនួន ៩៨ រូប ។

កិច្ចប្រជុំបានជម្រុញឲ្យកងកម្លាំង នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បន្តគោរពបទវិន័យ លក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ ឲ្យបានជាប់ជាប្រចាំ និងត្រូវចូលរួមគោរពច្បាប់នានា របស់ព្រះរាជាណាចក្រកម្ពុជា អោយបានដាច់ខាត ជាពិសេសចូលរួមក្នុងការគោរព និងអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដូចជាការពាក់មួកសុវត្ថិភាព និងដាក់ខ្សែក្រវ៉ាប់ឲ្យបានត្រឹមត្រូវ ,មិនសេពគ្រឿងស្រវឹង ក្នុងពេលបើកបរ  ដើម្បីជាការរួមចំណែកក្នុងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។

ឯកឧត្តម សោម ស៊ុន ក៏បានផ្តាំផ្ញើរដល់ កងកម្លាំងទាំងអស់ បន្តធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ចូលរួម​សហការជាមួយអាជ្ញា ដោះស្រាយរាល់បញ្ហានៅក្នុងមូលដ្ឋាន និងបន្តចង់សម្ព័ន្ឋភាពជាមួយប្រជាពលរដ្ឋ ដោយហាមផ្តាច់ដាច់ខាតការឌឺដង ផ្លែផ្កា ឬស្តីបន្ទោសដល់អ្នកដែលអាក់ខាន ដែលគាត់ពុំមានចេញទៅប្រើ ប្រាស់សិទ្ធិក្នុងការជ្រើសរើសតំណាងរាស្រ្ត និងខិតខំផ្សះផ្សារពន្យល់ណែនាំបន្ថែមដើម្បីបង្កើនភាពជឿជាក់ ពីសំណាក់ប្រជាពលរដ្ឋបន្ថែមទៀត ដោយចាប់ផ្តើមពីពេលនេះ ល្អប្រសើរជាងដល់ថ្ងៃប្រកួតទើបហាត់សម ។ដោយ  ប៊ុន ​រដ្ឋា