ខេត្តព្រះសីហនុ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការនិងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចបាន
ផ្តល់អនុសាសន៍ និងសំណូមពរចំនួនបីចំណុច៖
ទី១- ក្រុមការងារតាក់តែងច្បាប់ត្រូវប្រមូលធាតុចូលសំខាន់ៗ ដែលទទួលបានពីសិក្ខាសាលានេះ ទៅបញ្ចូលក្នុងសេចក្តីព្រាងច្បាប់អធិការកិច្ច ដើម្បីធ្វើឱ្យច្បាប់នេះរិតតែមានខ្លឹមសារ និងឆ្លើយតបទៅនឹងបច្ចុប្បន្នភាព និងការវិវត្តន៍ជាក់ស្តែងរបស់ប្រទេសយើង។
ទី២- អ្នកចូលរួមទាំងអស់ ជាពិសេសតំណាងដែលមកពីស្ថាប័នពាក់ព័ន្ធជាមួយវិស័យអធិការកិច្ច ត្រូវរាយការណ៍ពីខ្លឹមសារសិក្ខាសាលា និងលទ្ធផលនៃសិក្ខាសាលានេះ ជូនថ្នាក់ដឹកនាំស្ថាប័នខ្លួនជ្រាប ដើម្បីសម្រួលដល់ការងារបន្តទៅអនាគត។
ទី៣- ខ្ញុំសូមស្នើដល់ស្ថាប័នដែលពាក់ព័ន្ធទាំងអស់ មេត្តាជួយផ្តល់ការគាំទ្រដល់សេចក្តីព្រាងច្បាប់នេះដើម្បីឱ្យឆាប់បានឆ្លងគណៈរដ្ឋមន្ត្រីពេញអង្គ និងបន្តមកស្ថាប័ននីតិបញ្ញត្តិ និងយកទៅប្រើប្រាស់បម្រើដល់ផលប្រយោជន៍ជាតិ។
នេះជាប្រសាសន៍របស់លោកជំទាវម៉ែនសំអនគ្រាដែលលោកជំទាវបានអញ្ជើញចូលរួមបិទពិធីបិទសិក្ខាសាលាស្តីពីសេចក្តីព្រាងច្បាប់អធិការកិច្ច សណ្ឋាគារ សុខា ខេត្តព្រះសីហនុ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន សំដែងមានមោទនភាពខ្ពស់ដោយឃើញថាសិក្ខាសាលានេះបានប្រព្រឹត្តទៅ យ៉ាងរលូន និងទទួលបានលទ្ធផល ជាផ្លែផ្កាល្អ ដោយមានការចូលរួមក្នុងការពន្យល់ ពិភាក្សា ការផ្តល់ជាមតិ យោបល់ និងសំណូមពរយ៉ាងសកម្ម និងមានអត្ថន័យដែលក្រុមការងារក្រសួងអាចប្រមូលយកទៅពិចារណាដាក់បញ្ចូលក្នុងច្បាប់ថ្មីនេះ។
លោកជំទាវ បានអោយដឹងទៀតថាដើម្បីបំពេញការងារអធិការកិច្ច រដ្ឋាភិបាល នៃប្រទេសជាច្រើនបានបង្កើតក្រសួង ឬស្ថាប័នដែលមានភារកិច្ច និងបេសកកម្មស្រដៀងគ្នានឹងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចកម្ពុជាដែរ។ ទោះជាមានរចនាសម្ព័ន្ធផ្សេងគ្នា និងឈ្មោះហៅខុសគ្នាក្តី ក៏តួនាទី និងភារកិច្ច របស់ស្ថាប័នទទួលបន្ទុកអធិការកិច្ចមានភាពស្រដៀងគ្នា គឺពង្រឹងអភិបាលកិច្ចល្អ តាមរយៈតាមដានការអនុវត្តច្បាប់ និងពង្រឹងសុវត្តិភាពសាធារណៈ និងទប់ស្កាត់អំពើពុករលួយ ភាពអយុត្តិធម៌ និងការរំលោភដោយអំណាចផងដែរ។ ចំណែកច្បាប់ស្តីពីអធិការកិច្ចក៏មានខ្លឹមសារ និងវិសាលភាពស្រដៀងគ្នា ដោយផ្អែកលើស្ថានភាពជាក់ស្តែងនៃប្រទេសនីមួយៗ។
ចំណែកនៅកម្ពុជា វិស័យអធិការកិច្ចត្រូវបានគ្រប់គ្រងដោយស្ថាប័នរដ្ឋ ដែលមានលក្ខណៈ និងរចនាសម្ព័ន្ធខុសៗគ្នាទៅតាមរដ្ឋាភិបាល ក្នុងសម័យកាល នីមួយៗ។ ក្នុងរដ្ឋាភិបាលខ្លះ កាលពីសម័យអតីតកាល វិស័យនេះត្រូវបានគ្រប់គ្រង និងទទួលបន្ទុកដោយថ្នាក់ដឹកនាំដែលមានឋានៈផ្សេងៗគ្នាចាប់ពីអនុរដ្ឋលេខាធិការ រហូតដល់នាយករដ្ឋមន្ត្រីផ្ទាល់តែម្តង។ ប្រការនេះអាចបញ្ជាក់យ៉ាងច្បាស់ពីសារៈសំខាន់ នៃវិស័យអធិការកិច្ចដែលជាស្នូល នៃអភិបាលកិច្ចល្អ។
ឆ្លៀតឱកាសនេះ លោកជំទាវក៍បានរំលឹកបន្តពីប្រវត្តិរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចដូច្នេះថា៖” ដោយសារការវិវត្តរបស់ប្រទេសជាតិ ក្រសួងនេះត្រូវបានផ្លាស់ប្តូឈ្មោះ និងរចនាសម្ព័ន្ធជាបន្តបន្ទាប់ តាមការសម្រេចរបស់រដ្ឋាភិបាលក្នុងតំណាក់កាលនីមួយៗ។ នៅឆ្នាំ១៩៨១ “ក្រសួងត្រួតពិនិត្យកិច្ចការរដ្ឋ“ ត្រូវបានបង្កើតដើម្បីធ្វើការងារត្រួតពិនិត្យការងាររដ្ឋពោលគឺការងារអធិការកិច្ច។ នៅឆ្នាំ១៩៨៧ ក្រសួងនោះត្រូវបានប្តូរឈ្មោះជា “ក្រសួងត្រួតពិនិត្យ”។ ក្រោយពីការបោះឆ្នោតសកលឆ្នាំ១៩៩៣ រាជរដ្ឋាភិបាលចម្រុះបានបង្កើតអគ្គលេខាធិការដ្ឋានអធិការកិច្ច ដែលជំនួសក្រសួងត្រួតពិនិត្យ ហើយស្ថាប័នថ្មីនោះស្ថិតក្រោមចំណុះទីស្តីការគណៈរដ្ឋមន្ត្រី។ នៅឆ្នាំ ១៩៩៩ រាជរដ្ឋាភិបាលថ្មីបានបង្កើតស្ថាប័នថ្មីមួយ គឺក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តាមរយៈព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៥ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៩៩។
តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នាឆ្នាំ ១៩៩៣ ត្រង់មាត្រា ៣៥ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។ ជាមួយនេះតាមមាត្រា៣៩ នៃរដ្ឋធម្មនុញ្ញ ក៏បានចែងថា ប្រជាពលរដ្ឋមានសិទ្ធិប្តឹងបរិហារ ប្តឹងតវ៉ា ឬប្តឹងទាមទារសំណងជួសជុលការខូចខាតដែលបណ្តាលមកពីអំពើខុសច្បាប់របស់អង្គការរដ្ឋ របស់អង្គការសង្គម និងរបស់បុគ្គលិក នៃអង្គការទាំងនោះ។ ដើម្បីឆ្លើយតបទៅនឹងខ្លឹមសារនេះ ច្បាប់អធិការកិច្ចពិតជាអាចដើរតួនាទី ដើម្បីជួយរកយុត្តិធម៌ និងដោះស្រាយសំណូមពរ ជូនប្រជាពលរដ្ឋបាន។
ទោះជាវិស័យអធិការកិច្ច នៅមិនទាន់បានជ្រួតជ្រាប និងយល់ដឹងក្នុងចំណោមប្រជាពលរដ្ឋទាំងស្រុងនៅឡើយក្តី ក៏បទពិសោធន៍កន្លងមកបានបញ្ជាក់យ៉ាងច្បាស់ថា ការងារអធិការកិច្ចពិតជាបានជួយរួមចំណែកកាត់បន្ថយអំពើពុករលួយ ជំរុញប្រសិទ្ធភាពការងាររបស់ស្ថាប័ន-អង្គភាពរដ្ឋ ធានាសុវត្តិភាព និងយុត្តិធម៌ ជូនប្រជាពលរដ្ឋ និងនាំមកនូវតម្លាភាព និងអាចកាត់បន្ថយបាននូវបាតុភាពអសកម្មនានាដូចជាការមិនអនុវត្តត្រឹមត្រូវនៃកិច្ចសន្យារវាងក្រុមហ៊ុនឯកជនជាមួយរដ្ឋ កាត់បន្ថយ និងលុបបំបាត់ការកឹបកេងថវិការដ្ឋ និងការប្រើប្រាស់ខុសទិសដៅ នៃទ្រព្យសម្បត្តិរដ្ឋ និងជួយជម្រុញប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានតម្រង់ទិសឱ្យក្រសួង ស្ថាប័ន និងអង្គភាពរដ្ឋ បង្កើនការប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ក្នុងសកម្មភាពការងាររបស់ខ្លួន ស្របតាមឆន្ទះរបស់រាជរដ្ឋាភិបាលក្នុងការកែទម្រង់ស៊ីជម្រៅ និងអភិបាលកិច្ចល្អ។
ដូច្នេះការងារអធិការកិច្ច ពិតជាមានសារៈសំខាន់ មិនអាចខ្វះបាន ដើម្បីបំរើឱ្យផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋយើង ក្នុងពេលដែលព្រះរាជាណាចក្រកម្ពុជាទទួលបានសន្តិភាពយ៉ាងពិតប្រាកដ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។
ទោះជាការធ្វើអធិការកិច្ចពិតជាធ្វើឱ្យបុគ្គល ឬអង្គភាពខ្លះមិនសប្បាយចិត្ត ដោយសារការខាតបង់ប្រយោជន៍របស់បុគ្គលមួយចំនួនក្តី តែការងារអធិការកិច្ចធ្វើឡើងដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងបំរើផលប្រយោជន៍រាជរដ្ឋាភិបាលផលប្រយោជន៍ជាតិ និងប្រជាជន។”
អត្ថបទ៖ខៀវ សាវ៉ុន