អភិបាលខេត្តកំពង់ចាម នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រគល់ជូន ពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ជាង៨០គ្រួសារ នៅស្រុកស្ទឹងត្រង់

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហម ខេត្ត អមដំណើរដោយ មន្ត្រី ពាក់ព័ន្ធ នាព្រឹក ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២១ នេះ បាននាំយកអំណោយ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហម កម្ពុជា ប្រគល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៨៥ គ្រួសារ នៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ឆ្លៀតក្នុងឱកាសនោះ ដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយលោក តែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ដេីម្បី ជួយសម្រាលទុក្ខលំបាក របស់ បងប្អូន ប្រជាពលរដ្ឋ ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ បងប្អូន ប្រជាពលរដ្ឋ ឲ្យបន្តរៀនរស់នៅជាមួយជម្ងឺកូវិដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ពិសេសត្រូវបង្កើនការប្រុងប្រយ័ត្នអោយបានទ្វេដងជាងមុន ក្នុងការថែទាំសុខភាពផ្ទាល់ខ្លួន ហើយចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសបម្លែងថ្មី កូវីដ-១៩ ដោយត្រូវអនុវត្តវិធានការអនាម័យស្អាត ៣ យ៉ាង គឺ ការលាងសម្អាតដៃជាប្រចាំ ការពាក់ម៉ាស់ ឬ ប្រើក្រម៉ា ត្រូវ រក្សា គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ពិសេសអនុវត្តអោយបានខ្ជាប់ខ្ជួន តាមវិធានសុខាភិបាល ” ៣ការពារ ៣កុំ ” និង សូមចូលរួមចាក់វ៉ាក់សាំង អោយបានគ្រប់ៗគ្នា ។
គួរ បញ្ជាក់ ថា អំណោយ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្ដល់ជូនពលរដ្ឋរងគ្រោះទាំង ៨៥គ្រួសារ ដោយក្នុង ១គ្រួសារៗ ទទួលបាន ថវិកា ចំនួន ១០ម៉ឺនរៀល អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកសុីអុីវ ១យួរ ត្រីខ ១០កំប៉ុង ឃីត ១ កញ្ចប់ និង អាវ ចំនួន ៤ ។ ប្រគេនព្រះចៅអធិការវត្តទួលរកា អង្ករ ១០០គីឡូក្រាម មី ៤កេស ត្រីខ ៤យួរ និងបច្ច័យ ២០ ម៉ឺនរៀល ផងដែរ ៕