អាជ្ញាធរជាតិអប្សរាបង្កើនដាំកូនឈើបន្ថែមនៅតាមជើងប្រឡាយបុរាណសំណង់ទ្វារទឹកអូខ្លូតដើម្បីការពារការហូរច្រោះដីចូលក្នុងប្រឡាយ

0

ដោយ ខេង ឧត្តម

សៀមរាបៈ ព្រៃឈើមិនត្រឹមតែផ្តល់ផលប្រយោជន៍ខ្លាំងចំពោះមនុស្សនិងសត្វនោះទេ តែក៏មានប្រយោជន៍ចំពោះបេតិកភណ្ឌផងដែរព្រោះព្រៃឈើអាចធ្វើជារបាំងការពារខ្យល់បក់បោក ទប់ស្កាត់ការសឹករឹល ការហូរច្រោះនិងស្រូបទឹកក្រោមដីដើម្បីផ្តល់សំណើមដល់ប្រាង្គប្រាសាទ។
ដោយយល់យ៉ាងច្បាស់ពីសារៈប្រយោជន៍របស់ព្រៃឈើចំពោះមនុស្ស សត្វ និងបេតិកភណ្ឌ ទើបអាជ្ញាធរជាតិអប្សរាបានផ្តើមយុទ្ធនាការដាំឡើងវិញនូវព្រៃឈើគ្រប់ប្រភេទក្នុងឧទ្យានអង្គរនិងតំបន់ជុំវិញ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ កូនឈើចម្រុះចំនួន២៩៥០ដើមទៀត ជាប្រភេទឈើដែលមានដុះក្នុងឧទ្យានអង្គរត្រូវបានដាំនៅតាមជើងប្រឡាយបុរាណសំណង់ទ្វារទឹកអូខ្លូត ស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាទីតាំងត្រូវការពារទាំងបេតិកភណ្ឌនិងទេសភាពធម្មជាតិនៃឧទ្យានអង្គរទាំងមូល។photo_2016-11-23_16-26-10
លោក ញ៉ែម រស្មី បុគ្គលិកបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថាកូនឈើដែលក្រុមការងារយកទៅដាំតាមជើងប្រឡាយបុរាណនេះ ដោយផ្តោតទៅលើកូនឈើ៣ប្រភេទ រួមមាន កូនត្នោត១៥០០ដើម កូនអំពិល៩០០ដើម និងកូនស្តៅ៥៥០ដើម ដើម្បីការពារជើងទេររបស់ប្រឡាយពីការហូរច្រោះដីនៅពេលមានភ្លៀងធ្លាក់ខ្លាំងនិងជួយកាត់បន្ថយលំហួតទឹកជាពិសេសជួយបង្ហាញនូវទីតាំងរបស់ប្រឡាយបុរាណនៅពេលដែលមើលចំពីលើតាមរយៈផ្កាយរណប។photo_2016-11-23_16-25-56
លោកបន្ថែមថាម៉្យាងទៀត ដោយមើលឃើញថាសព្វថ្ងៃនេះប្រជាពលរដ្ឋមិនសូវដាំដើមឈើប្រភេទនេះឡើងវិញហើយដើមឈើទាំងអស់នេះចេះតែថយៗជាលំដាប់ ទាំងដែលដើមឈើទាំងនេះផ្តល់ផលប្រយោជន៍យ៉ាងច្រើនចំពោះការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់មានដូចជាគ្រឿងស្ល ឳសថសម្រាប់ព្យាបាលរោគ និងគ្រឿងឧបភោគបរិភោគផ្សេងៗទៀត ។ដូច្នេះបានជាអាជ្ញាធរជាតិអប្សរាខំប្រឹងដាំនិងអភិរក្សដើម្បីរក្សានូវកេរដំណែលដែលជានិមិត្តរូបនៃប្រទេសជាតិយើងផង។
កន្លងមករាល់កិច្ចការស្តារឡើងវិញនូវបឹង ត្រពាំង បារាយណ៍ឬរាល់ការលើកទំនប់ជាដើម អាជ្ញាធរជាតិអប្សរាតែងតែផ្សាភ្ជាប់នូវការដាំដុះឡើងវិញនូវព្រៃឈើ និងរុក្ខជាតិគ្រប់ប្រភេទក្នុងន័យរួមចំណែកអភិរក្សលើកតម្លៃទេសភាពវប្បធម៌ និងធម្មជាតិនៃតំបន់ឧទ្យានអង្គរឲ្យភាពស្រស់ស្អាតជាប្រចាំដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាកាន់តែច្រើនឡើងថែមphoto_2016-11-23_16-25-54ទៀត។បច្ចុប្បន្ននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាដាំកូនឈើតាមបរិវេណជើងទំនប់បារាយណ៍និងប្រឡាយបុរាណក្នុងឧទ្យានអង្គរបានចំនួន៤៥៨១០ដើមហើយ៕