ថៃមិនទាន់ឯកភាពស្ទះច្រកទ្វារខណះរដ្ឋបាលខេត្តបន្ទាយមានជ័យចេញលិខិតថាច្រកទ្វារប៉ោយប៉ែតមិនត្រូវយកលុយថ្លៃសំបុត្រចូលផ្សាររុងក្លឿ

0

ព្រំដែនកម្ពុជា-ថៃ: ក្រោយរដ្ឋបាលខេត្តបន្ទាយមានជ័យចេញលិខិតផ្លូវការមួយដែលមានខ្លឹមសារថា ស្តីពីការបញ្ឈប់យកកម្រៃលក់លិខិតអនុញ្ញាតិបណ្តោះអាសន្នចេញ ចូលផ្សាររុងក្លឿប្រទេសថៃពីពលរដ្ឋខ្មែរទូទៅកាលពីថ្ងៃទី១២មករាឆ្នាំ២០១៧ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតព្រឹកថ្ងៃទី១៣មករានេះ នគរបាលអន្តោប្រវេសន៍ញាប់ដៃញាប់ជើងផ្តល់លិខិតជូនពលរដ្ឋដូចសព្វ១ដងហើយមិនបានយកលុយដូចការណែនាំ។
ប៉ុន្តែបញ្ហាមួយធំបានកើតឡើងគឺភាគីថៃមិនទាន់យល់ព្រមទេនូវការសម្រេចជាឯកតោភាគីនេះ ដែលជាហេតុនាំអោយស្ទះចរាចរណ៍នៅច្រកទ្វារព្រោះថៃមិនអនុញ្ញាតិអោយពលរដ្ឋខ្មែរចូលបើគ្មានលិខិត។បន្ទាប់មកអោយចូលបណ្តោះអាសន្ន តែភាគីកម្ពុជាត្រូវជួបប្រជុំពិភាក្សាការងារបន្ទាន់នឹងភាគីថៃនៅម៉ោង៩ព្រឹកនេះ ពីករណីកម្រៃ១០បាតដែលកន្លងមកភាគីកម្ពុជាជាអ្នកលក់សំបុត្រមែន តែត្រូវបែងចែកអោយភាគីថៃពាក់កណ្តាល។
លោកង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត លោកឧត្តមសេនីយ៍ត្រីសឹុម សំអាត នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនិងមន្ត្រីពាក់ព័ន្ធបានចុះទៅសម្របសម្រួលបន្ទាន់ដែរនឹងពលរដ្ឋដែលកកស្ទះនៅច្រកទ្វារផងនិងជាមួយភាគីថៃផង។
លោកនាយប៉ុស្តិនិយាយថា ការអនុវត្តលិខិតនេះ វាច្បាស់ណាស់ត្រូវធ្វើភ្លាមៗតាមការណែនាំ ប៉ុន្តែនៅច្រកទ្វារព្រំដែនមានភាគីថៃមួយទៀតដែលគេមិនទាន់ចូលរួមឬឯកភាពក្នុងការអនុវត្តលិខិតនេះបានភ្លាមៗទេព្រោះជាអធិបតេយ្យភាពគេដែរ។ម្យ៉ាងការលក់លិខិតនេះធ្វើនៅភាគីកម្ពុជា តែតាំងពីដើមមកត្រូវចែកអោយភាគីថៃផងទើបគេអនុញ្ញាតិអោយពលរដ្ខយើងចូល។ហើយបើអត់លិខិត”ប័ណ្ណឆ្លងដែនបណ្តោះអាសន្ន(សម្រាប់ប្រជាជនកម្ពុជា)នេះ ភាគីថៃក៏អត់អោយចូលដែរ បើទោះបីជាមានប័ណ្ណឬលិចិតផ្សេងៗទៀតអមក៏ដោយ។
លោកនិយាយបន្ថែមថា ក្នុង១ថ្ងៃៗគ្រាន់តែសន្លឹកលិខិតនេះក៏ចំណាយប្រមាណ១មឺុនបាតប្រាក់ថៃ(ជាង១លានរៀលប្រាក់ខ្មែរ)។ហើយបើថៃមិនយល់ព្រម លើកម្រៃលិខិត(១០បាតចែកគ្នា១ភាគី៥បាត)នោះ ភាគីកម្ពុជាត្រូវរកថវិកាទៅទូទាត់អោយភាគីថៃដែរ។
យោងមន្ត្រីនិងពលរដ្ឋអោយដឹងថា:ក្នុង១ថ្ងៃៗមៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹកនេះ ពលរដ្ឋកម្ពុជារួមមានអាជីវករ ពលករ កម្មករចេញ-ចូលទៅផ្សាររោងក្លឿរបស់ថៃយ៉ាងតិច២មឺុនជើងឬត្រូវចេញលិខិត២មឺុនសន្លឹកគុណនឹង១០បាតស្មើ២សែនបាត។ដូច្នោះ បើភាគីថៃមិនយល់ព្រម ភាគីកម្ពុជាត្រូវចេញកម្រៃយ៉ាងតិច១សែនបាតដែរអោយភាគីថៃ។
ឯលោកអភិបាលក្រុងវិញនិយាយថា រឿងអ្វីផ្សេងអាជ្ញាធរមិនដឹងទេ សំខាន់គឺសមត្ថកិច្ចច្រកទ្វារនេះត្រូវអនុវត្តអោយបានដាច់ខាតអនុសាសន៍លោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាននិងលិខិតរបស់រដ្ឋបាលខេត្ត។
សូមបញ្ជាក់ថា លិខិតសេចក្តីជូនដំណឺងលេខ០១១/១៧សជណរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យចុះថ្ងៃទី១២មករាឆ្នាំ២០១៧ ចុះហត្ថលេខាដោយលោកសួន បវរ អភិបាលខេត្តស្តីពីការបញ្ឈប់យកកម្រៃលក់លិខិតអនុញ្ញាតិបណ្តោះអាសន្នចេញ ចូលផ្សាររុងក្លឿប្រទេសថៃពីពលរដ្ឋ(ខ្មែរ)ទូទៅ ដែលសារព៍ត័មានក៏ទទួលបានដែរអោយដឹងថា យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យថ្ងៃទី១១មករាឆ្នាំ២០១៧ សម្រេចមិនអោយលក់លិខិតអនុញ្ញាតិបណ្តោះអាសន្នចេញ ចូលផ្សាររុងក្លឿប្រទេសថៃចំនួន១.០០០រៀល(១០បាត)ចំពោះពលរដ្ឋទូទៅដែលឆ្លងកាត់ចេញ ចូលផ្សាររុងក្លឿចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ហេតុនេះលោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារ លោកឧត្តសេមីយ៍ត្រីនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតត្រូវអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
លិខិតសជណបន្តថា:ប៉ុន្តែការផ្តល់សេវាផ្សេងៗ រដ្ឋបាលខេត្តស្នើលោកប្រធាន លោកនាយប៉ុស្តិ៍បម្តយកចិត្តទុកដាក់បម្រើប្រកបដោយតម្លាភាព សមធម៍និងទាន់ពេលដដែល។
ការប្រកាសមិនយកកម្រៃលិខិតអនុញ្ញាតិបណ្តោះអាសន្នចូលផ្សាររុងក្លឿឬគេហៅថាផ្សារថៃនេះ បង្កើតព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ សេដ្ឋកិច្ច សេវានិងនយោបាយថ្មីនេះនាំអោយពលរដ្ឋនៅខេតហតបន្ទាយមានជ័យ ពិសេសក្រុងប៉ោយប៉ែតដែលចេញ ចូលផ្សារថៃសាទរ អរគុណនិងថាមិនភ្លេចគុណឡើយដល់រាជរដ្ឋាភិបាលកម្ពុជាតាមរយ:លោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាននិងរដ្ឋបាលខេត្តបន្ទាយមានជ័យ៕ ដោយ:ឃិន គន្ធា