អ្នកនៅដាច់ស្រយាលឬចុងកាត់មាត់ញកនៅភាគឥសានកម្ពុជា កាន់តែមានឱកាសស្តាប់នូវគ្រោះថ្នាក់ដោយសារការប្រើប្រាស់គ្រឿងញៀន

0

ខេត្តរតនគិរី: មនុស្សប្រមាណជិត៤០០នាក់មកពីភូមិដាច់ស្រយាលឬចុងកាត់មាត់ញក និងមកពីក្នុងទីរួមស្រុកផងនោះ ត្រូវគេអញ្ជើញអោយចូលរួមស្តាប់ពីគ្រោះថ្នាក់នៃការប្រើប្រាស់សារធាតុញៀនឬហៅថាថ្នាំញៀន ។
ការជួបជុំនៃក្រុមមនុស្សទាំងនោះ គឺបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅក្នុងសាលប្រជុំសាលាស្រុកវើុនសៃក្នុងខេត្តរតនគិរី ក្រោមវត្តមានអភិបាលស្រុកវើុនសៃ លោក ជុំ ងិល និងលោកវរៈសេនីយទោ គិន វណ្ណា ប្រធានមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត រួមនិងអាជ្ញាធរផងទៀត ។

កាលពីថ្ងៃទី០៦ ខែកុម្ភៈកន្លងទៅនេះ ការជួបជុំហ្វូងមនុស្សដូចនេះ ត្រូវគេរៀបចំធ្វើនៅទីរួមក្រុងបានលុង ក្នុងទីរួមខេត្ត ដែលមានមនុស្សចំនួន៤៦៥នាក់ បានស្តាប់អំពីគ្រោះថ្នាក់ចំពោះការប្រើប្រាស់នូវសារធាតុញៀននេះផងដែរ ។

លោកវរៈសេនីយទោ គិន វណ្ណា ប្រធានមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះ ក៏ត្រូវគេឃើញថាបានមានប្រសាសន៍ទៅកាន់ហ្វូងមនុស្សមានទាំងសិស្សានុសិស្សទៀតផង អោយពួកគេត្រូវតែប្រុងប្រយ័ត្នជានិច្ច ធ្វើយ៉ាងណាកុំអោយក្លាយទៅជាមនុស្សដែលមានសារធាតុញៀននៅក្នុងខ្លួន គឺត្រូវតែជាមនុស្សស្អាតស្អំ និងជាពលរដ្ឋដ៏ល្អក្នុងសង្គម ។

លោកបានថ្លែងទៅកាន់អ្នកចូលរួមស្តាប់ថា ប្រសិនបើដឹងថាខ្លួនបានរងគ្រោះថ្នាក់ដោយសារតែសារធាតុញៀនហើយ ត្រូវប្រញាប់កែខ្លួនឬដកថយអោយបានទាន់ពេលវេលា ឬអាចទៅកាន់កន្លែងមណ្ឌលកែប្រែជាបន្ទាន់បើមិនដូច្នោះទេ សារធាតុញៀននឹងពង្វក់ស្មារតីឬអាចអោយខ្លួនយើងក្លាយទៅជាមនុស្សវិកលចរិកទៀតផង។

លោកថា មិនតែប៉ុណ្ណាះ ប្អូនៗដែលជាសិស្សានុសិស្ស ឬអ្នកដែលបានបញ្ចប់ការសិក្សា ហើយនឹងត្រៀមចូលទៅបំរើការងារតាមគ្រឺះស្ថានឯកជននានា ឬគ្រឺះស្ថានរបស់រដ្ឋជាដើម ក៏នឹងត្រូវតម្រូវអោយពិសោធឬធ្វើតេសរកសារធាតុញៀនមុននឹងចូលទៅបំរើតាមគ្រឹះស្ថានឯកជន ឬគ្រឹះស្ថានរដ្ឋ បើមិនដូច្នោះមិនត្រូវបានទទួលអោយចូលទៅបំរើការងារនោះឡើយ។

លោកវរៈសេនីយទោ គិន វណ្ណា បានស្នើអោយសមត្ថកិច្ចមូលដ្ឋានតាមដាន ស្រាវជ្រាវ ស៊ើបអង្កេត និងស្នើអោយអាជ្ញាធរមូលដ្ឋាន ឬឪពុកម្តាយបងប្អូន រាយការណ៍ទៅសមត្ថកិច្ចជាបន្ទាន់នៅពេលដឹងថា មាននរណាម្នាក់គ្រោះថ្នាក់ដោយសារសារធាតុញៀន ។

លោកបញ្ជាក់ថាៈ ខេត្តរតនគិរីមានចំនួន៩ក្រុង ស្រុក នឹងត្រូវធ្វើពិធីផ្សព្វផ្សាយស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នេះជាបន្តបន្ទាប់ ដើម្បីអោយប្រជាពលរដ្ឋ បានដឹង បានយល់ និងយករឿងរ៉ាវទាំងនេះទៅផ្សព្វផ្សាយបន្តគ្នា នៅតាមទីដាច់ស្រយាលផ្សេងៗទៀត ដែលពួគគេមិនទាន់បានដឹងអំពីរឿងរ៉ាវគ្រោះថ្នាក់នៃការប្រើប្រាស់សារធាតុញៀននេះ ៕ដោយ: យក្ខឡោម