បុគ្គលិកអគ្គិសនីឯកជនម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់ជាប់នៅលើបង្គោល

0

ដោយៈខេង ឧត្តម
សៀមរាប៖ បុគ្គលិកអគ្គិសនី ឯកជនម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ ជាប់នៅលើបង្គោល បុរសវ័យ៥១ឆ្នាំម្នាក់ ដែលជាបុគ្គលិកអគ្គិសនីឯកជន ត្រូវបានខ្សែភ្លើងឆក់ ស្លាប់ជាប់នៅលើបង្គោលភ្លើង ទំនងជាឡើងតខ្សែភ្លើងខ្វះការប្រុងប្រយត្ន័។


ហេតុការណ៏នេះបានកើតឡើងកាលវេលាម៉ោង៩ព្រឹកថ្ងៃទី១៣ខែមិនាឆ្នាំ២០១៧ ស្ថិតនៅចំណុច ផ្លូវក្រាលគ្រួសក្រហម ក្បែរវត្តជីក្រែង ស្ថិតក្នុងភូមិសំរោងធំ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។
លោកវរសេនីត្រី សុខ សុទ្ធាវុធ អធិការនៃអធិការដ្ឋាននគរបាលស្រុកជីក្រែង បានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ជា សុខ ភេទប្រុសអាយុ៥១ឆ្នាំ មានទីលំនៅក្នុងភូមិឃុំ កន្លែងកើតហេតុលើ ដោយរូបគាត់ជាបុគ្គលិកអគ្គិសនីឯកជន។ ជនរងគ្រោះត្រូវខ្សែភ្លើងឆក់ស្លាប់ជាប់នៅលើបង្គោលខ្សែភ្លើង ដែលហេតុការណ៏នេះ ទំនងជាឡើងតខ្សែភ្លើងខ្វះបច្ចេកទេស និងខ្វះការប្រុងប្រយត្ន័។
លោកអធិការបញ្ជាក់ថា ក្រោយពេលកើតហេតុ ក្រុមពលរដ្ឋនិងសមត្ថកិច្ចបានជួយយកសពចុះ មកដីដើម្បីពិនិត្យ ឲ្យគ្រប់ជ្រុងជ្រោយ និងបានប្រគល់ឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕