កម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងផ្ទះលួចលាក់ទុកឈើប្រណិតដោយខុសច្បាប់

0

ដោយ: យក្ខឡោម

ខេត្តរតនគិរី៖ កម្លាំងអធិការនគរបាលក្រុងបានលុងសហការជាមួយកម្លាំងប៉ុស្ថ៍ឡាបានសៀក ដោយសម្របសម្រួលពីលោក ហាក់ ហ៊ន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានចុះឆែកឆេរលំនៅដ្ឋានមួយកន្លែងបានលាក់ទុកឈើប្រណិតដោយខុសច្បាប់ជាច្រើនដុំ។

ប្រតិបត្តិការចុះឆែកឆេរលំនៅដ្ឋាននេះបានធ្វើឡើងកាលពីវេលាម៉ោង១២៖០០នាទីរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅភូមិអភិវឌ្ឍន៍សង្កាត់ឡានសៀកក្រុងបានលុងខេត្តរតនគិរី។

ប្រភពពីសមត្ថកិច្ចដែលចុះបង្ក្រាបបានឲ្យដឹងថា ម្ចាស់ផ្ទះ ឈ្មោះ លុច ជាមន្ត្រីជលផលខេត្ត និងប្រពន្ធឈ្មោះយាយ ព្រលិត ជាមេឈ្មួញឈើប្រណិតយ៉ាងសកម្មនៅក្នុងក្រុងបានលុងនេះ មិនដែលឃើញសមត្ថកិច្ចជំនាញធ្វើការទប់ស្កាត់នឹងបង្ក្រាបឡើយ
។ ប្រភពពីអ្នករកសីុកំបិុចកំបុកនិយាយថា លោក លុច មន្រ្តីជលផលរកសីុឈើប្រណីតបាននេះ ដោយសារតែគាត់អាងជាមន្រ្តីជលផល រាប់អានសមត្ថកិច្ចតាមផ្លូវ ទើបគេបិទភ្នែកបិទច្រមុះ ។ ដល់រកសីុមានបានយូរៗទៅ កាន់តែហ៊ាន រហូតដឹកឈើប្រណីតតាមរថយន្តសាំងយ៉ុង មកពីខេត្តស្ទឹងត្រែងទៀត ។

បច្ចុប្បន្ន ឈើប្រណិតទាំងនេះត្រូវបានសមត្ថកិច្ចជំនាញដឹកយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ ចំណែកឈើប្រណិតប្រភេទធ្នង់សមត្ថកិច្ចជំនាញមិនបានធ្វើការវាស់វែងនៅឡើយ។
ដោយឡែកម្ចាស់ផ្ទះបានលាក់ទុកឈើប្រណិតខុសច្បាប់ សមត្ថកិច្ចឲ្យចូលខ្លួនមកបង់ផាក់ពិន័យទៅតាមច្បាប់រដ្ឋបាលព្រៃឈើផងដែរ ៕