ឯកឧត្តម ប៊ូ ឡាំ តំណាងរាស្ត្រមណ្ឌល រតនគិរី បាននាំអំណោយគ្រឿងឧបភោគ បរិភោគចែកជូនអ្នកជាប់ឃុំឃាំងនៅពន្ធនាគារភ្នំស្វាយចំនួន៣៤៤នាក់

0

ខេត្តរតនគិរី៖ អ្នកជាប់ឃុំឃាំងនៅពន្ធនាគារភ្នំស្វាយក្នុងខេត្តរតនគិរីចំនួន៣៤៤នាក់ បានទទួលអំណោយគ្រឿងឧបភោគ បរិភោគ ពីអ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី ដែលការធ្វើអំណោយបែបនេះ ត្រូវគេដឹងថា គឺជាលើកដំបូងបំផុតសំរាប់ពន្ធនាគារនេះ។

ពិធីផ្តល់អំណោយនេះ គឺបានធ្វើឡើងកាលពីរព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ នៅពន្ធនាគារភ្នំស្វាយ ដោយឯកឧត្តម ប៊ូ ឡាំ តំណាងរាស្រ្តមណ្ឌលរតនគិរី និងមានការចូលរួមពីក្រុមមន្រ្តីទាំងស្ថាប័នប្រដាប់អាវុធ និងមន្រ្តីតាមមន្ទីរក្នុងជួរស្ថាប័នរដ្ឋផងទៀត។
អ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី ឯកឧត្តម ប៊ូ ឡាំ ក្នុងពិធីផ្តល់អំណោយនោះ គឺត្រូវគេឃើញថាបានមានប្រសាសន៍ ក្រើនរំលឹកដល់ពិរុទ្ធជន និងទណ្ឌិត អោយខិតខំកែប្រែកសាងខ្លួន ដើម្បីក្លាយទៅជាមនុស្សស្អាតស្អំ និងធ្វើអោយខ្លួនមានប្រយោជន៍នៅក្នុងសង្គម ហើយស្រវាចាប់ឱកាសដើម្បីអនាគត។ឯកឧត្តម បានមានប្រសាសន៍ថា នេះគឺជាលើកទីមួួយហើយ ឬអាចចាត់ទុកថាជាប្រវត្តិសាស្រ្ត ក្នុងនាមឯកឧត្តមជាអ្នកតំណាងរាស្រ្ត ដែលមានអំណោយជាលើកដំបូងបែបនេះ។លោក ទិន សុវណ្ណនី ប្រធានពន្ធនាគារភ្នំស្វាយ មានប្រសាសន៍ថា អ្នកដែលមកទទួលអំណោយនេះ គឺគ្រាន់តែជាតំណាងពួកអ្នកជាប់ឃុំទាំង៣៤៤នាក់នោះប៉ុណ្ណោះ ដោយមិនអនុញ្ញាតិអោយចេញទាំងអស់គ្នានោះទេ។លោកថា អំណោយបែបនេះ គឺជាការធ្វើលើកដំបូងហើយ ៕ ដោយ យក្ខ ឡោម