ពិធី​ប្រកាស​បើក​ការអនុវត្ត​សាកល្បង​ជា​ផ្លូវការ​យន្តការ​ការិយាល័យ​ច្រកចេញ​ចូល​សម្រាប់​ផ្តល់​សេវា​សង្គម​

ការិយ​ល័យ​យន្តការ​ផ្តល់​សេវា​សង្គម សម្រាប់​កម្មវិធី​គាំពារ​សង្គម មុខរបរ និង ការងារ ការអនុវត្ត​សាកល្បង​នៅ ស្រុក​អង្គរជុំ និង ស្រុក​ស្រីស្នំ ខេត្តសៀមរាប ត្រូវបាន​បើក​ដាក់ឲ្យ​ដំណើរការ​បម្រើ​ប្រជាពលរដ្ឋ​ជា​ផ្លូវការ ក្រោម​អធិបតី ភាព​របស់ ឯ​.​ឧ ងី ច័ន្ទ្រផ​ល រដ្ឋលេខាធិការ​

ក្រសួងមហាផ្ទៃ និង ជា​អនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង ជនបទ នៅ​រដ្ឋបាល​ស្រុក​អង្គរ​ជុំ កាលពី​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៤   ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម និង អស់លោក លោកស្រី​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត តំណាង​អង្គការ​អាយ​ឡូ អាជ្ញាធរ ស្រុក​ទាំង​ពីរ និង ឃុំ ព្រមទាំង​សិស្សានុសិស្ស លោកគ្រូ​អ្នក​ក​គ្រូ និង ប្រជាពលរដ្ឋ​ផង​ដែរ ។​
​បន្ទាប់​ពី​កិច្ច​ស្វាគមន៍​របស់លោក​អភិបាល​ស្តីទី​ស្រុក​អង្គរជុំ និង ចំណាប់អារម្មណ៍​របស់​លោក Maurisio Bussi  តំណាង​អង្គការ​អាយ​ឡូ បានលើកឡើង​ពី​អត្ថប្រយោជន៍ នៃ​ការបង្កើត​ការិយាល័យ យន្តការ​ផ្តល់​សេវា​សង្គម សម្រាប់ កម្មវិធី​គាំពារ​សង្គម មុខរបរ និង ការងារ ការអនុវត្ត​សាកល្បង​នៅ ស្រុក​អង្គរជុំ និង ស្រុក​ស្រីស្នំ ខេត្តសៀមរាប ក្នុង ការបម្រើ​ជូន​ដល់​ប្រជាបលរដ្ឋ​មូលដ្ឋាន ក្នុង​ការស្វែងរក​សេវាកម្ម​សង្គម មុខរបរ និង​ការងារ ជាមួយ​ស្ថាប័ន​អ្នកផ្តល់​សេវា​នានា ដើម្បីឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ និង ងាយ​រងគ្រោះ ព្រមទាំង​គាំទ្រ​សង្គម​ដែល​ជា​មូលដ្ឋានគ្រឹះ នៃ​សង្គមមនុស្ស ក្នុង​ការធានា​នូវ​សិទ្ធិ​មនុស្ស​គ្រប់រូប ដោយ​ប្រជាពលរដ្ឋ​ទទួលបាន​ការថែទាំ​សុខភាព និង កុមារ​គ្រប់​រូប​ទទួល​បាន ប្រាក់ចំណូល និង ការអប់រំ​សិក្សា ហើយ​ប្រជាពលរដ្ឋ​ទទួលបាន​ប្រាក់ចំណូល សម្ខាន់​នៅ​ពេល​មាន​ជម្ងឺ គ្មាន​ការងារ​ធ្វើ និង ចាស់ជរា​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ទៀតផង ។ 
​មានប្រសាសន៍​នោះ​ក្នុងនាម​ឯ​.​ឧ ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត ឯ​.​ឧ ម៉ៅ វុ​ឌ្ឍី អភិបាលរង  នៃ  គណៈ​អភិបាលខេត្ត​សៀមរាប ក៏​បាន​គូសបញ្ជាក់ថា យន្តការ​ផ្តល់​សេវា​សង្គម​នេះ ជា​កន្លែង​ចំណត​មួយ​នៅ​ថ្នាក់ ស្រុក និង ឃុំ ដែល​មាន​ការិយាល័យរ​បស់ ក្នុង​គោលបំណង​សម្របសម្រួល​ការប្រើប្រាស់​ទាំង​សេវា គាំពារ​សង្គម មុខ របរ និង ការ ងារ ស្ថិតក្នុង​ស្ថាប័ន​របស់​រដ្ឋាភិបាល និង ប្រតិបត្តិ​ដោយ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ។ ម្យ៉ាង​ទៀត​ជា​យន្តការ មួយ​ជួយ​ឲ្យមាន​ស្ថេរភាព ក្នុង​ការអនុវត្ត​កិច្ចការ និង ជួយ​ពង្រឹង​ប្រតិភូ​អំណាច និង ផ្តល់​សិទ្ធិ​អំណាច​ដល់​អាជ្ញាធរ ថ្នាក់ក្រោម​ជាតិ​ឲ្យ​កាន់ តែ​មាន​ប្រសិទ្ធភាព ក្នុង​ការបំពេញ​តួនាទី និង ការប្រើប្រាស់​សមត្ថភាព​របស់ខ្លួន សម្រាប់​កិច្ច ការសម្របសម្រួល កម្មវិធី​គាំពារ​សង្គម មុខរបរ និង ការងារ ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ  ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់ ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន នៅក្នុង​ស្រុក​ទាំង​ពីរ ចំនួន​៤​ឃុំ ក្នុងនោះ​ស្រុក​អង្គរ​ជុំ ចំនួន​២​ឃុំ និង ស្រុក​ស្រីស្នំ ចំនួន​២​ឃុំ​ផង​ដែរ  ។ 
​មានប្រសាសន៍​សំណេះសំណាល​នោះដែរ​ឯ​.​ឧ ងី ច័ន្ទ្រផ​ល ក៏បាន​លើកឡើង​ពី​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ អាណត្តិ​ទី​៥ បាន​ដាក់​នូវ​គោលដៅ​យុទ្ធសាស្ត្រ​៤ និង វិស័យ​អាទិភាព​៤ ដើម្បី​ឆ្លុះបញ្ចាំង​ពី​ការ អនុវត្ត​រយៈពេល​៥​ឆ្នាំ​ទៅ​មុខ គឺ​បន្ត​ពង្រឹងសមត្ថភាព អភិបាលកិច្ច​នៃ​ស្ថាប័នរដ្ឋ ទាំង​ថ្នាក់​ក្រោម​ជាតិ ដើម្បី​ធានា​ឲ្យ បាន​នូវ​ប្រសិទ្ធភាព និង ភាព​ស័ក្តិសិទ្ធិ​នៃ​សេវា​សាធារណៈ សំដៅ​បម្រើ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ ព្រមទាំង វិស័យ​អាទិភាព ក្នុង​ការពង្រឹង​អភិបាលកិច្ច សមត្ថភាព​ស្ថាប័ន​រដ្ឋ សំដៅ​បង្កើន​ប្រសិទ្ធភាព នៃ​សេវា​សាធារណៈ និង ការកែលម្អ​បរិយាកាស​វិនិយោគ ។ ឯកឧត្តម​ក៏បាន​គូសបញ្ជាក់ថា ទិសដៅ​ចំពោះមុខ នៃ​ការប្រើប្រាស់​យន្តការ និង រចនាសម្ព័ន្ធ​នៃ​ការិយាល័យ​ច្រក​ចេញចូល​តែមួយ បាន​ផ្សាភ្ជាប់​ការផ្តល់​យន្តការ​សេវា​រដ្ឋបាល ជាមួយ​ការផ្តល់សេវា ជា កញ្ចប់​ជូន​ប្រជាពលរដ្ឋ សម្ខាន់​លើ​សេវា​គាំពារ​សង្គម  សេវាកម្ម​ពាក់ព័ន្ធ​ទៅនឹង​ការ​រក​ការងារ ធ្វើ​នៅ​តាម​ស្រុក ក្រុង ។ ឯ​.​ឧ ងី ច័ន្ទ្រផ​ល ក៏​បាន​បន្តទៀតថា ការ​ជម្រុញ​តួនាទី​រដ្ឋបាល​មូលដ្ឋាន ក្នុង​ការអនុវត្ត​កម្មវិធី​គាំពារ​សង្គម  ដែលជា កត្តា​គន្លឹះ ក្នុង​ការធានា កម្មវិធី ឬ អន្ត​រគ​មន៍​គាំពារ​សង្គម នឹង​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព  និង  លើកកម្ពស់ សមធម៌​នៅ​ថ្នាក់មូលដ្ឋាន ។  ម្យ៉ាងទៀត​ទិសដៅ​នៃ​កំណែទម្រង់​វិមជ្ឈការ និង វិសហមជ្ឈការ គឺ​ដើម្បី​បង្កើត និង លើកកម្ពស់​ការអភិវឌ្ឍ​ន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ  ហើយ​រាជរដ្ឋាភិបាល​បានចាត់ទុក​កិច្ច​ដំណើរ ការ​កំណែទម្រង់​វិមជ្ឈការ និង វិសហមជ្ឈការ គឺជា​មធ្យោបាយ ដ៏​មាន​ប្រសិទ្ធិភាព ក្នុងការ​បង្ខិត​សេវា​សាធារណៈឲ្យ កាន់តែ​នៅ​ជិត​ប្រជាពលរដ្ឋ ។ ក្នុងនោះដែរ​ឯកឧត្តម​ក៏បាន ថ្លែងអំណរគុណ​ចំពោះ​ការគាំទ្រ​ឧបត្ថម្ភ​របស់ អង្គការ ពលកម្ម​អន្តរជាតិ និង សាធារណរដ្ឋ​កូរ៉េ ក្នុងការ​ជម្រុញ​ឲ្យមាន​ការអនុវ​ត្ត​សាកល្បង​នេះ ទៅ​តាម​ការគ្រោងទុក  ព្រម ទាំង​សំណូមពរ​សុំ​ឲ្យ​បន្ត​ការគាំទ្រ​បន្ថែមទៀត ក្នុង​ដំណាក់កាល​នៃ​ការអនុវត្ត​សាកល្បង និង លទ្ធភាព​នៃ​ការពង្រីក វិសាលភាព​ទៅ​បណ្តា​ស្រុក ក្រុង ខណ្ឌ​ផ្សេងៗ​ទៀត​ផង​ដែរ ៕ 

3 4 5