សាធារណជនគាំទ្រចំណាត់ការអាជ្ញាធរជាតិអប្សរារៀបចំវាលស្មៅមុខកសិន្ធុប្រាសាទអង្គរវត្តឱ្យមានភាពស្រស់ត្រកាល

0

សៀមរាប៖ អាជ្ញាធរជាតិអប្សរាបានចាត់វិធានការរៀបចំវាលស្មៅមុខកសិន្ធុប្រាសាទអង្គរឱ្យមានភាពស្រស់ត្រកាលដោយបញ្ឈប់សកម្មភាពជួលកន្ទេល

អង្រឹង និងលក់គ្រឿងបរិភោគដល់អ្នកមកដើរកម្សាន្ត។ ជាលទ្ធផលវាលស្មៅផ្នែកខាងលិចនៃកសិន្ធុប្រាសាទអង្គរវត្ត ហាក់កំពុងបង្អួតសម្រស់បៃតងស្រស់ស្រងាត់ដល់ភ្ញៀវទេសចរគួរឱ្យចង់គយគន់និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។

ការអនុវត្តចំណាត់ការនេះបានទទួលការគាំទ្រជាខ្លាំងពីសាធារណជន ជាក់ស្តែងលោកពូ រិទ្ធ ជាងថតរូបនៅប្រាសាទអង្គររយៈពេល២ឆ្នាំមកហើយ បានប្រាប់ថា ការរៀបចំវាលស្មៅមិនឱ្យមានការលក់ដូរម្ហូបអាហារ ជួលកន្ទេល អង្រឹងនៅមុខកសិន្ធុប្រាសាទអង្គរវត្ត គឺល្អណាស់ ព្រោះវាមិនមានសំរាមរាយប៉ាយ មិនមានក្លិនឆ្អេះឆ្អាប មិនមានសំឡេងធុងបាស និងផឹកស៊ីឡូឡា ពិសេសគឺរក្សាបាននូវទេសភាពស្អាតពេលថតរូប។

បន្ថែមពីនោះលោក សារ៉ាវី មគ្គុទ្ទេសក៍ភាសាអង់គ្លេស បានបញ្ចេញមតិថា ការបញ្ឈប់មិនឱ្យមានការលក់ដូរម្ហូបអាហារ ជួលកន្ទេល អង្រឹងនៅលើវាលស្មៅជាការល្អ ព្រោះប្រជាជនខ្មែរភាគច្រើនមិនសូវមានការយល់ដឹងពីបរិស្ថាន ពិសេសពេលរដូវបុណ្យទានឬមកលេងកម្សាន្តអង្គរ ពួកគាត់តែងចោលសំរាមពេញនៅលើវាលស្មៅពេលបរិភោគរួច ឯអ្នកលក់ក៏សម្អាតមិនអស់បន្សល់នូវកាកសំណល់ ដែលនាំឱ្យប៉ះពាល់ជាខ្លាំងដល់សោភ័ណភាពនិងបរិស្ថាន។ លើសពីនោះគ្រឿងបំពងសំឡេង ការទទួលទានគ្រឿងស្រវឹងនៅតំបន់ប្រាសាទបុរាណ បានប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនៃតំបន់បេតិកភណ្ឌដ៏ល្បីល្បាញលើពិភពលោក និងមិនសមជាកន្លែងសក្ការៈបូជាពីបុរាណ ហើយភ្ញៀវទេសចរក៏ធ្លាប់រិះគន់ទាំងបញ្ហាបរិស្ថាននិងទង្វើមិនសមរម្យបែបនេះដែរ។ លោកក៏បានសំណូមពរទាំងអាជ្ញាធរពាក់ព័ន្ធគួររកកន្លែងថ្មីសម្រាប់ម្ចាស់អាជីវកម្ម និងសូមឱ្យអាជីវករ គួរគិតផលប្រយោជន៍ជាតិជាធំ កុំគិតតែប្រយោជន៍ផ្ទាល់ខ្លួន ហើយរួមគ្នាថែរក្សាអង្គរទាំងអស់គ្នា។

បងស្រី សុខុម មកពីភូមិបន្ទាយចាស់ ក៏មិនបានជំទាស់អ្វីដែរ ចំពោះការបញ្ឈប់សកម្មភាពលក់ដូរម្ហូបអាហារ ការជួលអង្រឹង កន្ទេលនៅលើសួនស្មៅ ព្រោះបើអត់មានអ្នកមកហូបចុក វាលស្មៅនេះក៏ស្អាតម្យ៉ាងដែរ ហើយបើអត់ពីកន្លែងនេះ បងស្រីក៏អាចលក់ចល័តទៅកន្លែងផ្សេងដែរ។

លោកស្រី ចាប្រឹហ្វ ទេសចរជនជាតិអាមេរិក បានប្រាប់ថា នេះជាដំណើរកម្សាន្តលើកទី១នៅប្រទេសកម្ពុជា។ លោកស្រីពិតជាចាប់អារម្មណ៍ខ្លាំងណាស់ចំពោះភាពល្បីល្បាញនៃប្រាសាទអង្គរវត្ត ពិសេសភាពមហិមានៃសំណង់ប្រាសាទអង្គរវត្ត ពិតជាអស្ចារ្យ។ លើសពីនោះ លោកស្រីពិតជាស្រស់ស្រាយចំពោះភាពស្រស់ស្អាតនៃសោភ័ណភាពនៅប្រាសាទអង្គរនិងភាពរួសរាយរបស់ប្រជាជនខ្មែរ ស័ក្តិសមនឹងបានទទួលបានជាបេតិកភណ្ឌពិភពលោក៕