ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធករណីដាច់ដោយឡែកពីគ្នាត្រូវប៉ូលិសបញ្ជូនទៅតុលាការ

0

ខេត្តរតនគិរី៖ ជនសង្ស័យ ៣​នាក់ ពាក់ព័ន្ធ​ករណី​ផ្សេងគ្នា ត្រូវ​បានអធិការ​នគ​បាល​ក្រុង​បាន​លុងឃាត់ខ្លួន​ បន្ទាប់ពី​រកឃើញ​វត្ថុតាង​មួយចំនួន និង​កសាង​

សំណុំរឿង​បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់។

កាលពីវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧កន្លងទៅ ជនសង្ស័យ​ចំនួន ៣​នាក់ ពាក់ព័ន្ធ​ករណី​ផ្សេង​គ្នា ត្រូវ​បានអធិការនគរបាល​ក្រុង​បាន​លុងបញ្ជូន​ខ្លួន ព្រមទាំង​ភស្ដុតាង​ទៅ​សាលាដំបូង​ខេត្ត​។ ទី១-​ឈ្មោះ នួន សុខ​លីន ប្រុស​អាយុ ៣៥​ឆ្នាំ ជនជាតិខ្មែរ មាន​លំនៅ​ភូមិ​៤​សង្កាត់​កា​ចាញ ក្រុង​បាន​លុង មុខរបរ ជាង​សិប្បកម្ម ពាក់ព័ន្ធ​ករណី​ចោរកម្ម គាស់​ផ្ទះ​លួច​គ្រឿង​សង្ហា​រឹម​។ ​ទី​២​-ឈ្មោះ ទិន ភី​ណាល់ ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិខ្មែរ មាន​លំនៅ​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង មុខរបរ​មិន​ពិតប្រាកដ ពាក់ព័ន្ធ​ករណី​ទទួល​ទិញ​ផល​ចោរកម្ម។ ​ទី​៣​-ឈ្មោះ សេង វាសនា ភេទប្រុស អាយុ ​២៣​ឆ្នាំ​ជនជាតិ​ខ្មែរ មាន​លំនៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង មុខរបរស៉ីឈ្មួល​បើក​បររថ​យន្ត ពាក់ព័ន្ធ​ករណី​ចែកចាយ​គ្រឿងញៀន​។​

លោក​វរសេនី​យ៍​ទោ ហួត ​បូរី អធិការ​នគរបាល​ក្រុង​បាន​លុង​បានឲ្យដឹងថា ឈ្មោះ នួន សុខ​លីន ឃាត់ខ្លួន​បាន​នៅវេលា​ម៉ោង​២នឹង៣០​នាទី រសៀល​ថ្ងៃ​ទី​១២ ខែវិច្ឆិកា នេះ នៅផ្ទះ​ចំការ របស់​ឈ្មោះ កង សុវណ្ណរិទ្ធ ស្ថិតក្នុង​ភូមិ​២ សង្កាត់​កា​ចាញ ក្រុង​បាន​លុង​។ កម្លាំង​បាន​ស្រាវជ្រាវ​រកឃើញ ក្រោយ​ពី​ម្ចាស់ផ្ទះ​ដែល​ត្រូវ​គេ​លួច​គាស់​ផ្ទះ​ប្ដឹង​ថា បាត់​ជើង​តុ​វែង និង​គ្រែ បាន​មួយ​ថ្ងៃ​។

ជន​ទី​២ ឈ្មោះ ទិន ភី​ណាល់ ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​៦នឹង៣០​នាទី ល្ងាច​ថ្ងៃ​ទី​១៤ ខែវិច្ឆិកានេះ​នៅ​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង បន្ទាប់​ពី​ជនសង្ស័យ បាន​សារភាព​ថា ក្រោយ​ពី​លួចបាន​យកមក​លក់​ឲ្យឈ្មោះ​នេះ ហើយ​សមត្ថកិច្ច​បាន​ឆែកឆេរ​ផ្ទះ​ទៅ​ឃើញ ជើង​តុ​វែង និង​គ្រែពិតប្រាកដ​មែន​។ ចំណែក​ជន​ទី​៣ ឈ្មោះ សេង វាសនា កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​ចាញ ឃាត់ខ្លួន​បាន​នៅវេលា​ម៉ោង​១០នឹង១៤​នាទី យប់​ថ្ងៃ​ទី​១៣ ខែវិខ្ឆិកានេះដែរ នៅ​ចំណុច​ជើង​វត្តភ្នំ​ស្វាយ ស្ថិតក្នុង​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង បន្ទាប់​ពី​កម្លាំង​ប៉ុស្តិ៍​កា​ចាញ​ បានដើរល្បាត​នៅពេល​យប់ ឃើញ​ជនសង្ស័យ​អង្គុយនៅ​លើ​ម៉ូតូម្នាក់ឯង​គួរឲ្យ​សង្ស័យ ក៏​ឆែកឆេរ ប្រទះ​ឃើញ​ម្សៅ​ពណ៌.ស​ថ្លា ២​កូន​ថង់​តូច ហើយ​ធ្វើ​ការឃាត់ខ្លួន ដកហូត បាន​ទូរស័ព្ទ​ដៃម៉ាក NOKIA ១គ្រឿង ម៉ូតូ​វេវ​ឆ្លាម ពណ៌​ខ្មៅ​ ១គ្រឿង ប្រាក់​៦០០០០​រៀល និង​ប្រាក់​បាត​ចំនួន​៤០​បាត​ទៀត​ផង។

ក្រោយ​ពី​ប្រមូល​វត្ថុតាង ធ្វើការ​សាកសួរ​រួចមក អធិការ​នគរបាល​ក្រុង​បាន​លុង ក៏​បំពេញបែបបទ​តាម​និតិ​វិធី ហើយ​បញ្ជូន​ជនសង្ស័យ ព្រមទាំង​វត្ថុតាង ទៅ​កាន់សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕ យក្ខឡោម