ឃាត់ខ្លួនជនសង្ស័យជួញដូគ្រឿងញៀនម្នាក់ជនជាតិឥណ្ឌូនេស៊ីបញ្ជូនទៅតុលាការ

0

បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួនក្នុងករណី រក្សាទុក ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។លោកអនុសេនីយ៍ឯក ចាន់ រដ្ឋា មេបញ្ជាការស្តីទីមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង២០និង០០នាទី

ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក នួន នីណារ៉ូ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការចេញល្បាតការពារ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តក្រុង លុះដល់ម៉ោង០០និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ដោយមានការសង្ស័យទើបកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ បែ តូនី (Bethjtonius) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅបណ្ដោះអាសន្នបន្ទប់ជួល ស្ថិតក្នុងបរិវេណកាស៊ីណូផ្កាយ៥ ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយឆែកឆេរក្នុងខ្លួនរកឃើញគ្រឿងញៀនប្រភេទ ខេ សម្រាប់ហិតចំនួន០៤កូនថង់ថ្លា ក្រោយមកដោយមានការសម្របសម្រួលពីលោក តេង សាម៉ៃ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងមានការអនុញ្ញាតពីលោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទើបនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១១និង៥០នាទី កម្លាំងបានធ្វើការឆែកឆេរទីតាំងបន្ទប់ស្នាក់នៅរបស់ជនសង្ស័យ រកឃើញវត្ថុតាងកញ្ឆា ០១ថង់ធំ និង០៣កូនថង់តូច ព្រមទាំងថង់ថ្លាមួយចំនួនធំ។ លោកអនុសេនីយ៍ឯក ចាន់ រដ្ឋា បានឲ្យដឹងទៀតថា ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំឯកសារបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមមានជ័យ ទទួលការងារបទល្មើសគ្រឿងញៀនបានឲ្យដឹងថា ក្រោយពីកម្លាំងជំនាញធ្វើការសាកសួរចម្លើយរួចមក ជនសង្ស័យឈ្មោះ បែ តូនី (Bethjtonius) បានឆ្លើយសារភាពថា ខ្លួនគេពិតជាបានទិញថ្នាំញៀនប្រភេទខេ សម្រាប់ទុកហិតក្នុងពេលចូលក្លិបកំសាន្ត ហើយសម្រាប់លក់ឲ្យមិត្តភក្តិ ពិតប្រាកដមែន។ លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានឲ្យដឹងទៀតថា ក្រោយពីបញ្ចប់ការស៊ើបអង្កេតឃើញថា តាមការចាប់យកវត្ថុតាង និងការស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យរួចរាល់ហើយឃើញថា មានភាពស៊ីសង្វាក់គ្នាបង្ហាញពីតម្រុយនៃបទល្មើសយ៉ាងជាក់លាក់ ដូច្នេះយើងអាចសន្និដ្ឋានបានថា ជនសង្ស័យឈ្មោះ បែ តូនី ពិតជាបានរក្សាទុក ចែកចាយ និងប្រើប្រាស់នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពីវេលាម៉ោង០០និង៣០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចក្លឹបកំសាន្ត ស្តាស៊ីធី ក្នុងបរិវេណកាស៊ីណូផ្កាយ៥ យ៉ាងពិតប្រាកដ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕ដោយ ឃិន គន្ធា