ហ៊ីយ៉ាន់ដាយ បុកម៉ូតូ MSX ខ្ទេចវ៉ល់ យុវជនម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម

0

ខេត្តរតនគិរី៖ រថយន្តហ៊ីយ៉ាន់ដាយ១គ្រឿង បុកជាមួយម៉ូតូ MSXបណ្តាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រួចព្យាយាមបើករត់ប្រមាណជាង១គីឡូម៉ែត្រ ទុករថយន្តចោលអ្នកបើកបរគេចខ្លួនបាត់។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២នឹង២៥នាទីយប់រំលងអធ្រាត្រថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតនៅភូមិលើឃួន ឃុំកិចុង ស្រុកបកែវ។
មន្ត្រីនគរបាលស្រុកបកែវបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខកំពង់ចាម 3A.3503។
មន្ត្រីនគរបាលបានឲ្យដឹងទៀតថា ជនរងគ្រោះឈ្មោះ សេវ រឹត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិច្រាយ រស់នៅភូមិលើតូច ឃុំកក់ស្រុកបកែវ ខេត្តរតនគិរី ជិះម៉ូតូម្នាក់ឯងម៉ាកMSX ខូចខាតអស់ទាំងស្រុង។
ក្រោយកើតហេតុសមត្ថកិច្ចចុះមកអន្តរាគមន៍ យករថយន្តបង្កនឹងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបកែវ ដើម្បីឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់។ ចំណែកសាកសព សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ យក្ខឡោម