ប៉ូលីសស្រុកគិរីវង់ចាប់ឃាត់ខ្លួនជនជាតិវៀតណាម២នាក់ជាមួយកញ្ឆាក្រៀម២គីឡូក្រាម

0

តាកែវ÷ជនជាតិវៀតណាម២នាក់ជាមួយគ្រឿងញៀនកញ្ឆាក្រៀម២គីឡូក្រាមត្រូវសមត្ថកិច្ចខេត្តតាកែវ ឃាត់ខ្លួន។ ការឃាត់ខ្លួនជនសង្ស័យបានធ្វើឡើងនៅព្រលប់ថ្ងៃ២៦វិច្ឆិកាម្សិលមិញ នៅស្រុកគិរីវង់ ខេត្តតាកែវ។ សេចក្ដីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង៣រសៀលថ្ងៃ២៦វិច្ឆិកា អធិការដ្ឋាននគរបាលស្រុកគិរីវង់ បានទទួលព័ត៌មាន ពីប្រជាពលរដ្ឋ ថាមានប្រទះឃើញ កាបូបស្ពាយពណ៌ផ្កាឈូកមួយដែលទុកចោលគួឱ្យ សង្ស័យនៅចំណុចខាងក្រោយភូមិទូលពង្រ ឃុំសោម ស្រុកគិរីវង់។ ភ្លាមៗនោះអធិការនគរបាលស្រុកគិរីវង់ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ បានដឹកនាំកម្លាំងទៅពិនិត្យឃើញថា ក្នុងកាបូបនោះមានកញ្ឆាក្រៀមនៅស្បោងខ្មៅ មួយ។ សមត្ថកិច្ចបានរៀបចំកម្លាំងធ្វើការឃ្លាំមើល និងពួនស្ទាក់ រហូតដល់វេលាម៉ោង៧យប់ ថ្ងៃ២៦វិច្ឆិកា ក៍មានជនជាតិវៀតណាម២នាក់ ជិះម៉ូតូសំដៅទៅកន្លែងលាក់ទុក កញ្ឆាក្រៀមនោះ និងយកកញ្ចប់កញ្ឆាបម្រុងជិះចេញ ទើបកម្លាំងសមត្ថិកិច្ចឃាត់ខ្លួនតែម្ដង ។ តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកគិរីវង់ បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើមាន ឈ្មោះ ហ្វាង ង៉ុកយ៉ាវ ភេទប្រុសអាយុ២២ឆ្នាំ (ជនជាតិវៀតណាម) ទីលំនៅភូមិអាងថាន់ ឃុំលេទ្រី ស្រុកទ្រីទង ខេត្តអាងយ៉ាង និង ឈ្មោះ ឡេ ចុងដា ភេទប្រុស អាយុ១៧ឆ្នាំ (ជនជាតិវៀតណាម ) ទីលំនៅភូមិ_ឃុំជាមួយគ្នា ។ ក្រោយពេលសាកសួរជនសង្ស័យបានឆ្លើយសារភាពថា កញ្ឆាក្រៀមនេះគឺរូបគេទិញក្នុង គោលបំណង យកឆ្លងដែនទៅប្រទេសវៀតណាម។ សមត្ថកិច្ចបានដកហូត វត្ថុតាងដកហូតបានរួមមានម៉ូតូ១គ្រឿង -កញ្ឆាក្រៀមចំនួន២គីឡូក្រាម -ទូរសព្ទ័ដៃម៉ាក ១គ្រឿង ។ ជនសង្ស័យ រួមនិងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនិតិវិធី និងស្វែងរកមេក្លោងមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ច្បាប់នៅប្រទេសកម្ពុជា ជនណាជួញដូរ ចរាចរណ៍ ឬលាក់ទុកគ្រឿងញៀនខុសច្បាប់ចាប់ពី៨០ក្រាមឡើងទៅ នឹងត្រូវប្រឈមនឹងការ ជាប់ពន្ធនាគារអស់មួយជីវិត៕