ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អញ្ជើញចុះសួរសុខទុក្ខកម្មការនីដួលសន្លប់ក្នុងរោងចក្រជេឌី & តូយូស៊ីមា ខូអិលធីឌី

0

តាកែវ៖ រសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ ២០១៧ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ាន ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តតាកែវ ជូនដល់កម្មករ កម្មការនីចំនួន១៣៧នាក់ ដែលជួបបញ្ហាដួលសន្លប់ នៅក្នុងរោងចក្រជេឌី & តូយូស៊ីមា ខូអិលធីឌី ស្ថិតនៅឃុំពត់ស ស្រុកបាទី ខេត្តតាកែវ។
នៅក្នុងឱកាសសួរសុខទុក្ខដល់កម្មករ កម្មការនីដែលបានដួលសន្លប់ និងកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបាទី ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានមានប្រសាសន៍ដោយបានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខដោយសេចក្តីអាណិត និងនឹករំលឹក ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ឧប ប៊ិន ឈិន មកជម្រាបជូនដល់បងប្អូនកម្មករ កម្មការនី ។
ជាមួយគ្នានេះដែរ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្ត ក៏បានណែនាំ និងជម្រុញដល់ក្រុមគូ្រពេទ្យត្រូវយកចិត្តទុកដាក់ថែទាំ និងព្យាបាលជម្ងឺដល់ពួកគាត់ឲ្យបានដិតដល់ជាទីបំផុត និងពិនិត្យ តាមដានពីស្ថានភាពជម្ងឺគ្រប់ពេល ដើម្បីឲ្យបងប្អូនកម្មករ កម្មការនី មានស្ថានភាពល្អប្រសើរឡើងវិញ ដើម្បីឆាប់បានវិលចូលបម្រើការងារ ជាធម្មតាវិញ ។
សូមបញ្ជាក់ថាក្រោយពីកើតហេតុភ្លាមៗ ក្រុមការងារជំនាញ និងអាជ្ញាធរពាក់ព័ន្ធបានចុះធ្វើការអង្កេតសិក្សាស្រាវជ្រាវភ្លាមៗ ព្រមទាំង បានសម្រច អោយរោងចក្រកែលំអរបរិស្ថាន ជុំវិញរោងចក្រ និងប្តូរផ្លិតទឹករោងចក្រ ព្រមទាំងអោយកម្មករ កម្មការនីឈប់សំរាក ចាប់ពីថ្ងៃកើតហេតុរហូតដល់ថ្ងៃច័ន្ទ ទី១១ ខែ ធ្នូ ២០១៧ ៕