អភិបាលថ្មីក្រុងប៉ោយប៉ែតចូលកាន់តំណែងជាមួយការអះអាងខិតខំដោះស្រាយបញ្ហាចំពោះមុខ

0

បន្ទាយមានជ័យ : អភិបាលថ្មីក្រុងប៉ោយប៉ែតបានចូលកាន់តំណែងហើយកាលពីថ្ងៃទីជាមួយការអះអាងខិតខំដោះស្រាយបញ្ហាចំពោះមុខបន្ទាន់មួយ

ចំនួនដែលជាការទទួលខុសត្រូវផងនិងឆ្លើយតបការរិះគន់ពីសាធារណ:ជនកាលពីអណត្តិអភិបាលចាស់ផង។
យោងរបាយការណ៍សង្ខេបរបស់រដ្ឋបាលក្រុងប៉ោយប៉ែតអោយដឹងក្នុងពីធីប្រកាសផ្ទេរ ភារកិច្ចអភិបាលក្រុងប៉ោយប៉ែតកាលពីថ្ងៃទី១១ធ្នូ ដែលមានមន្ត្រីថ្នាក់ដឹកនាំ មន្ត្រីនិងភ្ញៀវជាតិ ភ្ញៀវអន្តរជាតិរាប់រយនាក់ចូលរួមនោះថា: រយ:ពេលកន្លងមកចុងក្រោយនេះ ក្រុងខិតខំអនុវត្ត ហើយសម្រេចបានលទ្ធផលការងារលើគ្រប់វិស័យ។
ប៉ុន្តែចំពោះមុខនិងទៅខាងមុខ នៅមានបញ្ហាប្រឈមមួយចំនួនដូចជា: ហេដ្ឋារចនាសម្ពូ័ន្ធនៅប្រជុំជននិងជនបទនៅពុំទាន់គ្រប់គ្រាន់។សណ្តាប់ធ្នាប់សាធារណ: អនាម័យបរិស្ថានមិនទាន់ល្អ។ការរំលោភយកដីសាធារណ:នៅតែមាន។ តំបន់មាត់ច្រកទ្វារព្រំដែននៅតែមានការចតនិងការលក់ដូររញ៉េរញ៉ៃ និងបញ្ហាគ្រឿងញៀន ក្មេងហិតកាវជាដើម។
លោក សាន ស៊ានហូ អតីតអភិបាលស្រុកអូរជ្រៅ ត្រូវបានព្រះរាជក្រឹត្យរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីផ្ទេរ តែងតាំងជាអភិបាលក្រុងប៉ោយប៉ែតជំនួសលោក ង៉ៅ ម៉េងជ្រួន អតីតអភិបាលក្រុងដែលត្រូវឡើងឋាន:កាន់តំណែងជាអភិបាលរងខេត្តបន្ទាយមានជ័យ។
លោកប្តេជ្ញាចិត្តថា នឹងសហការដោះស្រាយបញ្ហាខាងលើអោយបានតាមដែលអាចធ្វើបាន ហើយខិតខំបំពេញការងាររដ្ឋបាលនិងការងារបន្ថែមទៀតអោយបានលទ្ធផល ប្រសិទ្ធិភាពនិងប្រកបដោយការទទួលខុសត្រូវ។
លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានជូនពរ អបអរសាទរនិងស្នើអោយលោក សាន ស៊ានហូ អភិបាលថ្មីក្រុងប៉ោយប៉ែតបន្តស្នាដៃពីរដ្ឋបាលក្រុងចាស់ ហើយរឹរឹតតែពង្រីក ពង្រឹងលើការងារអភិវឌ្ឍន៍និងសូមមានឆន្ទះប្រកបដោយមនសិការ សម្បជ្ជញ្ញ:ដើម្បូីដោះស្រាយសេចក្តីត្រូវការក្នុងដែនរដ្ឋបាលរបស់ខ្លួនឆ្លើយតបការដាក់ទិសពីថ្នាក់លើនិងសំណូមពរពីពលរដ្ឋថ្នាក់ក្រោម។
ក្នុងនោះមានដោះស្រាយបណ្ទាញហេដ្ឋារចនាសម្ព័ន្ធផ្លូវ ប្រឡាយលូ កឬលម្អសោភ័ណភាពដោយបោសសម្អាត លើកកម្ពស់បរិស្ថាន អនាម័យ រៀបចំសណ្តាប់ធ្នាបឡើងវិញ។រៀបចំដាំដើមឈើ ផ្កា និងភ្ជាប់ភ្លើងបំភ្លឺតាមដងផ្លូវ។.
លោក សួន បវរ ទទួលស្គាល់បញ្ហារសើបនិងប្រឈមដោះស្រាយមិនទាន់បានដូចជាបញ្ហាសំណង់អានាធិបតេយ្យ ការរំលោភយកដីចំណីផ្លូវ រំលោភដីសាធារណ: ការបំពុលបរិស្ថាន ។ហើយក៏ចូលរួមពន្យល់ពលរដ្ឋលើកបញ្ហានាំអោយពលរដ្ឋសង្ស័យនិងថ្នាំងថ្នាក់គឺ ការបង់ពន្ធប្រថាប់ត្រាលើអលនវត្ថុ(ដីធ្លី) ព្រោះបញ្ហានេះមកពីកត្តា ២ :ទី១ ការកំណតអត្រាតម្លៃបង់ពន្ធរបស់ពន្ធដារ វាថ្លៃជាងតម្លៃដីជាក់ស្តែងនិងទី២- និតិវិធីក្នុងការបង់ពន្ធប្រដាប់ត្រាលើការលក់ ទិញ ផ្ទេរកម្មសិទ្ធិដីធ្លីត្រូវធ្វើតាមប្រព័ន្ធអនឡាញ(Online)។
បន្ទាប់ពីធីអបអរ ជូនពរ ជូនកន្ត្រកផ្កាជាច្រើន លោក សាន ស៊ានហូ ក្នុងពេលកាន់តំណែងថ្ងៃដំបូងនៅក្រុងប៉ោយប៉ែតបានដឹកនាំមន្ត្រីអាជ្ញាធរ សមត្ថកិច្ចកងកម្លាំងនិងអ្នកពាក់ព័ន្ធចុះពិនិត្យ វាយតម្លៃនិងចាត់វិធានការលើបញ្ហាសណ្តាប់ធ្នាប់ អាណាធិបតេយ្យនៅសង្កាត់ផ្សារកណ្តាល ដូចជាលើផ្លូវជាតិលេខ៥ម្តុុំផ្សារកណ្តាល ប្រព័ន្ធគ្រប់គ្រង ដឹកជញ្ជូន សម្អាត់សម្រាមរបស់ក្រុមហ៊ុនប៉ោយប៉ែតឃ្លីន័រ( PoiPet Cleaner) ,ប្រព័ន្ធលូ រីហ្គា ខូចខាត ស្ទះលើបណ្តោយផ្លូវជាតិលេខ៥ , ការចាក់ចោលពាស់វាលនៃសម្រាបនៅផ្លូវស្តង់តាងួន, ការស្ថាបនាផ្លូវបេតុងនៅភូមិប្រជាធម្ម, ការដាក់ប្រព័ន្ធលូនៅភូមិមិត្តភាព ។.
ក៏ចុះពិនិត្យ ដោះស្រាយបញ្ហាសណ្តាប់ធ្នាប់ របៀបរៀបរយ បរិស្ថានអនាម័យ បាតុភាព ការចតយានយន្ត…នៅម្តុំមុខតំបន់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅរង្វង់មូលភូមិក្បាលស្ពាន នាសង្កាត់ប៉ោយប៉ែត។
លោកអភិបាលថ្មីនៃក្រុងប៉ោយប៉ែតប្រាប់អ្នកយកព័ត័មាននារសៀលថ្ងៃទី១១ធ្នូថា : សកម្មភាពជាអាទិភាពបន្ទាន់ក្នុងការចូលកាន់តំណែង១០០ថ្ងៃដំបូងៗរបស់លោក រួមមាន : សហការនឹងមន្ត្រី អ្នកពាកព័ន្ធដោយបង្កើតក្រុមជាច្រើនរៀបចំសណ្តាបធ្នាប់ របៀបរៀបរយ សោភ័ណភាព អនាម័យ ការលាងសម្អាតផ្លូវអោយបានសាច់ការ មិនមែនគ្រាន់តែអោយល្អមើលទេ ។ ក្រុមការជួសជុល ស្ថាបនាផ្លូវ លូ ប្រឡាយ ,ក្រុមប្រមូល ដឹកញ្ជូន គ្រប់គ្រងសំរាម ,ក្រុមរៀបចំសណ្តាប់ធ្នាប់។
លោកព្រមានដែរថា ក្រុមហ៊ុនសំរាមប៉ោយប៉ែតឃ្លិននឺរ ត្រូវប្រមូល ដឹកជញ្ជូន សម្អាតសំរាមអោយបានសម្រេចជោគជ័យ ។ពុំនោះទេ អាជ្ញាធរនឹងផ្អាកសិទ្ធិ. ហើយជ្រើសរើសយកក្រុមហ៊ុនថ្មីដែលសមត្ថភាព លទ្ធភាពពិតប្រាកដ ៕ដោយ៖ឃិន គន្ធា