វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន៤៤៣៥បណ្ណ័ត្រូវបានប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត ព្រះវិហារប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋ៣,៦៥៦គ្រួសាររស់នៅភូមិចំនួន៣ក្នុងស្រុកជាំក្សាន្ត!

0

ខេត្តព្រះវិហារ ប្រជាពលរដ្ឋរស់នៅចំនួន៣ភូមិ ឋិតក្នុងឃុំស្រអែម និងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានទទួលប័ណ្ណកម្មសិទ្ធិដីធ្លីដោយស្របច្បាប់ពីរាជរដ្ឋាភិបាល តាមរយះប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ។ ការផ្តល់ជូននេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងបរិវេនវត្តមរតតេជោបុរីស្វៈរៈ(ហៅវត្តធម្មជាតិសម្តេចតេជោ)ស្ថិតក្នុងភូមិ ធម្មជាតិ ឃុំស្រអែម ខេត្តព្រះវិហារ ក្រោមវត្តមានដ៍ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីអាជ្ញាធរ មន្ទីរជំនាញពាក់ព័ន្ធ អង្គភាពចំណុះខេត្តជាច្រើនស្ថាប័នទៀតផងដែរ។
លោកសំ សារឿន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី បានបញ្ជាក់ថា ប្រជាពលរដ្ឋភូមិ ចំបក់សែនជ័យ ភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម និងភូមិសុខសែនជ័យ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ពិតជាមានភ័ព្វសំណាងណាស់ ដែលបានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុស្របច្បាប់ លើការចុះបញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធ។ លោកបញ្ជាក់បន្តថា ការចែកបណ្ណ័កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋសរុបចំនួន ៤,៤៣៥ក្បាលដី ដែលមានផ្ទៃដីទំហំ២៤៣,២៦៨ហិកតា ជូនប្រជាពលរដ្ឋ ៣,៦៥៦គ្រួសារ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា ការចែកបណ្ណ័កម្មសិទ្ធិដីធ្លីសរុប៤,៤៣៥ក្បាលដី ដែលមានផ្ទៃដីទំហំ២៤៣,២៦៨ហិកតា ជូនប្រជាពលរដ្ឋ៣,៦៥៦គ្រួសារនាឱកាសនោះ សូមពរឲ្យប្រជាពលរដ្ឋដែលទទួលបានកម្មសិទ្ធិដីធ្លីនៅពេលនេះ ត្រូវថែរក្សាឲ្យគង់វង្សធ្វើការដាំដំណាំផ្សេងៗ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ ហើយត្រូវនៅឲ្យឆ្ងាយពីបទល្មើសផ្សេងៗផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ បានលើកឡើងថា បណ្ណ័កម្មសិទ្ធិដីធ្លីជាឯកសាររដ្ឋបាល ដែលបញ្ជាក់ពីសិទ្ធជាម្ចាស់លើក្បាលដីនីមួយៗ ហើយប្រជាពលរដ្ឋដែលទទួលបានបណ្ណ័កម្មសិទ្ធិ គឺជាម្ចាស់ដីពេញលក្ខណៈ ត្រូវបានការពារដោយច្បាប់។ ដូច្នេះបងប្អូនប្រជាពលរដ្ឋ ដែលទទួបានប័ណ្ណកម្មសិទ្ធិដីធ្លីនេះ ត្រូវបន្តធ្វើអាជីវកម្ម ឬបង្កបង្កើនផលលើដីនេះ ដើម្បីទទួលបានផលដែលកើតចេញពីដីនេះ ប្រសើរជាជាងការលក់ដី ដែលអាចទទួលបានផលតែម្តង ហើយនិងបាត់បង់ផលនោះជារៀងរហូត។ បន្ថែមពីនេះ នាយឧត្តមសេនីយ៍ បានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋថា ដរាបណាគណបក្សប្រជាជនកម្ពុជានៅដឹកនាំ រាជរដ្ឋាភិបាល ពន្ធលើដីធ្លីរបស់ប្រជាកសិករ ដែលធ្វើអាជីវកម្មជាលក្ខណៈគ្រួសារ និងមិនត្រូវបានយកពន្ធឡើយ៕សួនលីណា