ផលិតទឹកត្រីទឹកស៊ីអ៊ីវភ្នំមាសនៅក្រុងសិរីសោភ័ណមានកំហុសខ្លះ តែមិនដល់ថ្នាក់បិទសិប្បកម្មទេ

0

បន្ទាយមានជ័យ:ក្រោយសមត្ថកិច្ចនគរបាលនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយការចុះត្រួតពិនិត្យលើសិប្បកម្មយីហោឈ្មោះ ភ្នំមាស” ដែលផលិត ទឹកត្រី ទឹកម្ទេស ទឹកសៀង ទឹកខ្មេះ ទឹកក្បុង ទឹកសុីអុីវ ស្ថិតនៅភូមិ គោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៣ធ្នូ២០១៧ នោះ សិប្បកម្មនៅដំណើរការរបស់ខ្លួនធម្មតាព្រោះរកពុំឃើញកំហុសបច្ចេកទេសជំនាញរហូតដល់ថ្នាក់ត្រូវបិទនោះឡើយ។
យោងមន្ត្រីមន្ទិរឧស្សាហកម្មនិងសិប្បកម្មខេត្តបន្ទាយមានជ័យអោយដឹងថ្ងៃទី១៤ធ្នូថា: ករណីដែលរងការចោទប្រកាន់ថា សិប្បកម្មនេះផលិតផលិតផលខាងលើមានជាតិគីមីហាមឃាត់និងគ្មានស្តង់ដារនោះ មន្ត្រីបានចុះពិនិត្យហើយរាយការណ៍ជូនលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធិ រដ្ឋមន្ត្រូីក្រសួងឧស្សាហកម្មនិងសិប្បកម្មហើយៗលោកបានបញ្ជាក់ថា សិប្បកម្មនេះពុំមានកំហុសបច្ចេកទេសដល់ថ្នាក់ត្រូវបិទទេ។
ឯ មន្ត្រីពីអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យក៏អោយដឹងថ្ងៃទី១៤ធ្នូដែរថា : កាលពីចុះត្រួតពិនិត្យនោះ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ព្រះរាជអាជ្ញារងពុំបានចុះទៅជាមួយទេ ។ តែដល់មានបាតុភាពនិងព្រួយបារម្ភផ្លុវច្បាប់ ទើបលោកបានចុះទៅចូលរួមសម្របសម្រួល ។ប៉ុន្ទសមត្ថកិច្ចក៏រកពុំឃើញកំហុសឬបទល្មើសសមល្មមតាមច្បាប់ត្រូវបិទសិប្បកម្មមានលក្ខណ:ជាគ្រួសារនេះដែរ។
លោកព្រះរាជអាជ្ញាអោយដឹងថា: កំហុសឆ្គងមិនទាក់ទង់គុណភាព អនាម័យនិងប៉ះពាល់សុខភាពដែរ។ ហេតុនេះ ជំនាញពាក់ព័ន្ធអាចអប់រំណែនាំអោយម្ចាស់សិប្បកម្មកែតម្រូវ កែលម្អកំហុសតូចតាច។
សូមរំលឹកថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ មន្ត្រីនគរបាលនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នៃក្រសួងមហាផ្ទៃមួយចំនួនដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីទូច យុទ្ធា អនុប្រធានក្រុមប្រតិបត្តិការពិសេសនៃនៅទីតាំងសិប្បកម្មនៃគណកម្មាធិការនេះបានចុះពិនិត្យសិប្បកម្មសញ្ញា«ភ្នំមាស» ដែលមានម្ចាស់ឈ្មោះ សុខ លាង ភេទប្រុស អាយុ ៥៦ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ១០១ ក្រុមទី៥ ភូមិ៤ សង្កាត់ព្រះពន្លា(តែទីតាំងជាក់ស្តែងនៅភូមិគោរដ្ឋានសង្កាត់អូរអំបិល) ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សិប្បកម្មនេះបានដំណើរការផលិត ទឹកត្រី ទឹកម្ទេស ទឹកសៀង ទឹកខ្មេះ ទឹកក្បុង ទឹកសុីអុីវ ។
ជាលទ្ធផលបឋមសមត្ថកិច្ចរកឃើញបទល្មើស : ទី១-ប្រើប្រាស់សញ្ញា ISC (Institute Standard Cambodia) ក្លែងក្លាយ។ ទី២-ការវេចខ្ចប់ពុំមានលក្ខណះបច្ចេកទេសត្រឹមត្រូវ។ ទី៣-មិនបានចុះបញ្ជីផលិតផល(ច ប ផ) និងទី៤-លើកស្លាកយីហោសិប្បកម្មមិនបានតាមការកំណត់របស់ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។
ករណីនេះ បណ្តាញសង្គមនិងព៍ត័មានមួយចំនួនអោយដឹងថា :ក្នុងសិប្បកម្មនោះ ចំនួនជាង៩០តោន នៃផលិតគ្មានស្តង់ដារ ក្នុងនោះមានសារធាតុផ្សំជាង៤០តោនបានប្រើសារធាតុគីមី ប្រឈមនិងប៉ះពាល់សុខភាពអ្នកបរិភោគនិងប្រើប្រាស។
ទីតាំងបានផលិត ទឹកត្រី ទឹកម្ទេស ទឹកសៀង ទឹកខ្មេះ ទឹកក្បុង ទឹកសុីអុីវ ក្នុងមួយថ្ងៃពី១៥.០០០ដប ទៅ២០.០០០ដប សម្រាប់ចែកចាយក្នុងខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។
ប៉ុន្តែ ម្ចាសសិប្បកម្មនេះប្រាប់ល្ងាចថ្ងៃទី១៤ធ្នូថា : សមត្ថកិច្ចចុះមកត្រួពិនិត្យបានឃើញជាក់ស្តែងហើយធ្វើកំណត់ហេតុ ហើយមិនបានរកឃើញថាវត្ថុធាតុដើម វត្ថុធាត់ផ្សំនិងផលិតផលមានសារធាតុគីមីហាមឃាត់ មានបញ្ហាអនាម័យ គុណភាពត្រូវមានទោសកំហុសនោះដែរ។
រីឯបរិមាណវត្ថុធាតុនិងផលិតផលក្នុងសិប្បកម្មជាលក្ខណ:គ្រួសារនេះ មានប្រមាណជាង១០តោនប៉ុណ្ណោះ មិនមានដល់៩០តោនណានោះឡើយ។ ហើយផលិតផលលក់ចេញក៏មិនដល់រាប់មឺុនដបក្នុង១ថ្ងៃៗដែរ។
នេះជាសិប្បកម្ម មិនមែនជារោងចក្រនោះដែរ ។ ដូច្នេះអាជីវកម្មធ្វើតាមកម្រឹតទុន ហើយបញ្ហានានាទាក់ទិនបច្ចេកទេស សោភ័ណភាព គុណភាព និងស្តង់ដារក៏ស្ថិតក្នុងកម្រឹតជាតិនិងតំបន់ដែលរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន អាជ្ញាធរបានលើកទឹកចិត្តអាជីវករខ្មែរក្នុងស្រុក ។ព្រោះយើងមិនទាន់ឈានដល់ឈរជើងស្មើកម្រឹតអន្តរជាតិនៅឡើយ។
សំលេងម្ចាស់សិប្បកម្ម ……៕ដោយ៖ឃិន គន្ធា