រយៈពេល២០ឆ្នាំ ប្រទេសអាល្លឺម៉ង់បានផ្តល់ជំនួយជាងបួនលានអឺរ៉ូសម្រាប់កិច្ចការជួសជុលប្រាសាទនៅកម្ពុជា

0

សៀមរប៖ ក្នុងសន្និសីទសារព័ត៌មានស្តីពីការអភិរក្សក្នុងរមណីយដ្ឋានអង្គរ កាលពីល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ លោកស្រី Renate Reichardt តំណាងក្រសួងការបរទេស អាល្លឺម៉ង់ បានឲ្យដឹងថា រយៈពេល២០ឆ្នាំ ដែលស្ថាប័នគម្រោងអាឡឺ

ម៉ង់-អប្សរាអភិរក្សទេពអប្សរ GACP (German Apsara Conservation Project) មានវត្តមាននៅលើទឹកដីអង្គរ រដ្ឋាភិបាលនៃប្រទេសអាឡឺម៉ងបានផ្តល់ថវិកាចំនួនជាងបួនលានអឺរ៉ូ។
លោកស្រីបន្តថាក្រៅពីជំនួយដែលផ្តល់ជូនខាងលើ រដ្ឋាភិបាលអាល្លឺម៉ង់ ក៏នឹងមានការពិភាក្សាគ្នាមួយឆ្នាំម្តងៗ សម្រាប់គម្រោងជំនួយផ្សេងថែមទៀតផងដែរ។
រយៈពេលខួប២០ឆ្នាំនៃគម្រោងអភិរក្សអាឡឺម៉ង់-អប្សរា GACP បានបង្កើតសមិទ្ធផលជាច្រើន។
លោកសាស្រ្តាចារ្យ Klaus BECKER សាកលវិទ្យាធិការនៃសាកលវិទ្យាល័យធីអេចខូឡូន (TH KÖln) របស់អាល្លឺម៉ង់បានមានប្រសាសន៍ថា លោកមានចិត្តរីករាយក្នុងការចូលរួមជួសជុលអភិរក្សប្រាសាទអង្គរ។ លោកបន្តថា ចាប់តាំងពីមានគម្រោងនេះមន្ត្រីជំនាញផ្នែកបុរាណវិទ្យា របស់កម្ពុជា ដែលបានទទួលការបណ្តុះបណ្តាលពីអាល្លឺម៉ង់ ពួកគាត់កាន់តែមានជំនាញច្បាស់លាស់ ។
គួរបញ្ជាក់ផងដែរថា GACP បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាផ្លូវការជាមួយអាជ្ញាធរជាតិអប្សរា លើកិច្ចការអភិរក្សក្នុងរមណីយដ្ឋានអង្គរក្នុងឆ្នាំ១៩៩៧ ដោយធ្វើការជួសជុលទៅលើចម្លាក់រូបអប្សរា និងអភិរក្សក្បាច់ចម្លាក់តុបតែងលម្អគ្រប់ប្រភេទនៃប្រាសាទខ្មែរនៅកម្ពុជារហូតមកដល់បច្ចុប្បន្ន។ ក្រៅពីកិច្ចការអភិរក្សជួសជុល GACP បានរួមចំណែកយ៉ាងសំខាន់លើការបណ្តុះបណ្តាលសមត្ថភាពមន្ត្រីបុគ្គលិកខ្មែរជាច្រើនរូបដោយសហការយ៉ាងជិតស្និទ្ធរវាងសាកលវិទ្យាល័យ TH KÖln និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
អគ្គនាយករងអាជ្ញាធរអប្សរា ឯកឧត្តម តាន់ ប៊ុនស៊ុយ បានមានប្រសាសន៍ថា ដើម្បីធានានិរន្តរភាពរបស់ប្រាសាទអង្គរ យើងត្រូវការនូវបច្ចេកទេសទំនើបបំផុត ហើយបច្ចេកទេសនៃវិទ្យាសាស្ត្រទំនើបនេះ គឺយើងបានសហការជាមួយ ជីអេស៊ីភី អស់ពេលម្ភៃឆ្នាំមកហើយ និងបានបណ្តុះបណ្តាលធនធានមនុស្សផ្នែកបុរាណវិទ្យាយ៉ាងច្រើនផងដែរ។ ឯកឧត្តម បន្តថា នៅថ្ងៃអនាគតប្រាសាទនេះក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកបច្ចេកទេសមកពីជុំវិញពិភពលោក៕