គម្រោងស្ថាប័នអាឡឺម៉ង់-អប្សរាអភិរក្សទេពអប្សរ តាំងពិរពណ៌វិទ្យាសាស្ត្រអំពីការប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យានិងសម្ភារៈក្នុងការជួសជុលសំណង់ក្នុងរមណីយដ្ឋានអង្គរ

0

សៀមរាប៖ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ថ្ងៃបញ្ចប់នៃសន្និសីទវិទ្យាសាស្ត្រស្តីពី «កិច្ចការអភិរក្សក្នុងរមណីយដ្ឋានអង្គរ» ស្ថាប័នគម្រោងអាឡឺម៉ង់-អប្សរាអភិរក្សទេពអប្សរ GACP (German Apsara Conservation Project) បាន

តាំងពិរពណ៌អំពីការប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យា និងសម្ភារៈក្នុងការជួសជុលចម្លាក់ សំណង់សំណង់ប្រាសាទក្នុងរមណីយដ្ឋានអង្គរ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។

ពិរពណ៌វិទ្យាសាស្ត្រនេះរៀបចំឡើងក្នុងបំណងផ្លាស់ប្តូរយោបល់ បទពិសោធន៍គ្នាទៅវិញទៅមករវាងក្រុមអ្នកជំនាញនៃស្ថាប័នអន្តរជាតិជាច្រើនដែលបំពេញការងារជួសជុល អភិរក្សនៅលើទឹកដីអង្គរជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីបានស្វែងយល់ពីការងារគ្នាទៅវិញមក ពង្រីកចំណេះដឹងបន្ថែម និងស្វែងយល់ពីសម្ភារៈថ្មីៗដែលសមស្របសម្រាប់បច្ចុប្បន្នភាពក្នុងការអភិរក្សថ្មនិងជួសជុលប្រាសាទ។ ក្នុងនោះ អ្នកជំនាញអាឡឺម៉ង់ ក៏បានពន្យល់ពីបច្ចេកវិទ្យា របៀបប្រើប្រាស់ និងផលប្រយោជន៍នៃសម្ភារៈ រួមទាំងផ្តល់បទពិសោធន៍ការងារវាងស្ថាប័នដែលពាក់ព័ន្ធនឹងការជួសជុលដើម្បីឱ្យដឹងគ្នាទៅវិញទៅមកកាន់តែច្រើនថែមទៀត។

គួរបញ្ជាក់ដែរថា GACP បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាផ្លូវការជាមួយអាជ្ញាធរជាតិអប្សរា លើកិច្ចការអភិរក្សក្នុងរមណីយដ្ឋានអង្គរនាឆ្នាំ១៩៩៧ ដោយធ្វើការជួសជុលទៅលើចម្លាក់រូបអប្សរា និងអភិរក្សក្បាច់ចម្លាក់តុបតែងលម្អគ្រប់ប្រភេទនៃប្រាសាទខ្មែរនៅកម្ពុជារហូតមកដល់បច្ចុប្បន្ន។ ក្រៅពីកិច្ចការអភិរក្សជួសជុល GACP បានរួមចំណែកយ៉ាងសំខាន់លើការបណ្តុះបណ្តាលសមត្ថភាពមន្ត្រីបុគ្គលិកខ្មែរជាច្រើនរូបដោយសហការយ៉ាងជិតស្និទ្ធរវាងសាកលវិទ្យាល័យ TH KÖln និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

ថ្មីៗកន្លងមកនេះដែរ ស្ថាប័ន GACP ក៏បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដើម្បីបន្តកិច្ចសហការលើការងារអភិរក្ស ជួសជុលចម្លាក់ទេពអប្សរនៅរមណីយដ្ឋានអង្គរបន្តទៀត ក្នុងបំណងថែរក្សាគ្រឿងតុបតែងលម្អប្រាសាទក្នុងរមណីយដ្ឋានអង្គរ និងរមណីយដ្ឋានផ្សេងទៀតនៅកម្ពុជា៕