គោយន្តកែច្នៃមួយគ្រឿងដឹកឈើត្បែង ត្រូវសហគមន៍បង្ក្រាប

0

ខេត្តរតនគិរី៖ គោយន្តកែច្នៃមួយគ្រឿងដឹកឈើត្បែងមួយដើមប្រវែង៧ម៉ែត្រ ត្រូវបានសហគមន៍តំបន់ការពារធនធានធម្មជាតិ(វាលកំបោរ)ឃាត់នៅត្រង់ចំណុចព្រៃចាស់ចុងអូរតាត់ជាប់ផ្លូវជាតិលេខ៧៦ ស្ថិតនៅក្នុងភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់។

លោក ឌី សាម៉ី ប្រធានសហគមន៍តំបន់ការពារធនធានធម្មជាតិបានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែឆ្នូនេះ ថា កម្លាំងរបស់លោកមានចំនួន៥នាក់បានឃាត់គោយន្តកែច្នៃមួយគ្រឿងដឹកឈើត្បែងមួយដើមប្រវែង៧ម៉ែត្រ នៅត្រង់ចំណុចខាងលើ នៅវេលាម៉ោង៤នឹង៣០នាទីល្ងាច ថ្ងៃទី១៥ ខែឆ្នូ ឆ្នាំ២០១៧បានរឹបអូសយកមកទុកនៅទីស្នាក់ការដែនជម្រកសត្វព្រៃលំផាត់ដេកចាំទាំងយប់ព្រឹកឡើងចាត់ការបន្ត។

លោកបន្តថា ម្ចាស់គោយន្តកែច្នៃមានឈ្មោះវ៉ាន់ សុផល ភេទប្រុស មានគ្នីគ្នាចំនួន៥នាក់ ហើយបានប្រាប់ថាពួកគាត់កាប់ឈើនេះយកទៅធ្វើស្ពាននៅកាឡែងបន្ទាប់មកបានគេចខ្លួនបាត់។

លោកបន្ថែមទៀតថា នៅព្រឹកថ្ងៃទី១៦ ខែឆ្នូ ឆ្នាំ២០១៧ បានធ្វើសំណុំបែបបទប្រគល់ទៅឲ្យទីស្នាក់ការដែនជម្រកសត្វព្រៃលំផាត់ចាត់ការបន្តតាមនិតិវិធីច្បាប់៕ យក្ខឡោម