សង្វៀន​បញ្ជល់​មាន់​១កន្លែង​នៅស្រុក​កំពង់សៀម​ ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ និង​ឃាត់ខ្លួន​មនុស្ស​២នាក់​ ដកហូត​បាន​ម៉ូតូ​១១គ្រឿង​ រួម​នឹង​វត្ថុតាង​មួយ​ចំនួន​ទៀត​

0

កំពង់ចាម​:​ ទីតាំង​បើក​សង្វៀន​បញ្ជល់​មាន់​១កន្លែង​ ត្រូវ​បាន​កម្លាំងជំនាញ​អធិការនគរបាលស្រុកកំពង់សៀម សហការ​ណ៍​ជាមួយ កម្លាំង​ប៉ុស្តិ៍

នគរបាលរដ្ឋបាលរអាង បើក​ប្រតិបត្តិការ​ណ៍​ចុះ​បង្ក្រាប​ ដោយ​ឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន​២នាក់​ និង​ដកហូត​បាន​ម៉ូតូ​ចំនួន​១១គ្រឿង​ រួមជាមួយ​វត្ថុតាង​មួយ​ចំនួន​ផង​ដែរ​។
ប្រតិបត្តិការ​ណ៍​ចុះ​បង្ក្រាប​នេះ​សមត្ថកិច្ច​បាន​ធ្វើឡើង​ កាលពី​វេលាម៉ោង​១១និង​៣០នាទី​ ថ្ងៃ​ទី​១៦​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ នៅចំណុចភូមិរអាងលើ ឃុំរអាង ស្រុកកំពង់​សៀម ខេត្តកំពង់ចាម​។
លោកវរសេនីយ៍ទោ ឯក ប៉ាន់ដន​ អធិការនគរបាលស្រុកកំពង់សៀម​ បាន​ឲ្យ​ដឹងថា​ ជាលទ្ធផល​ក្នុង​ការ​ចុះបង្ក្រាប​ល្បែង​ស៊ីសង​ខុស​ច្បាប់​នេះ​ កម្លាំង​ជំនាញ​បាន​ធ្វើ​ការ​ឃាត់ខ្លួន​អ្នកលេងល្បែង​បាន​២នាក់​ ទី១.ឈ្មោះ ស៊ត កុយ ភេទប្រុស​ ​អាយុ​៤៥ឆ្នាំ​ និង​ទី២.ឈ្មោះ ហ៊ត គឹមហ៊ន់ ភេទប្រុស​ ៣៨ឆ្នាំ​ អ្នកទាំង២មានទីលំនៅ​នៅភូមិគៀនជ្រៃក្រៅ ឃុំគៀនជ្រៃ​ ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​។
លោក​អធិការ​បាន​បន្តថា​ ក្រោយ​ពី​ឃាត់​ខ្លួន​ក្រុម​អ្នក​ញៀន​ល្បែង​ទាំង២នាក់​​នោះ​ហើយ​ កម្លាំងបាន​ដកហូត​យកវត្ថុតាងម៉ូតូ​ចំនួន​១១គ្រឿង​ និងឧបករណ៍មួយចំនួនទៀត​។
បច្ចុប្បន្ន​ ជនសង្ស័យ រួមជាមួយ​វត្ថុតាង​ ត្រូវ​បានបញ្ជូនមកកាន់អធិការរដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីធ្វើការ​សាកសួរ និងកសាងសំណុំរឿងអនុវត្តតាមនីតិវិធី​ច្បាប់​ ៕​