មេបញ្ជាការតំបន់ប្រតិបត្តិការសិករងស្វាយរៀងដាក់បទបញ្ជាដល់នាយទាហាន នាយទាហានរង ពលទាហាន យោធាចារ្យនិងសិក្ខាកាមទាំងអស់ត្រូវស្មោះត្រង់ចំពោះជាតិមាតុភូមិនិងលើកកម្ពស់មនសិកាស្នេហាជាតិនិងគោរពឱ្យបានមឺុងម៉ាត់រាល់បទញ្ជារបស់រាជរដ្ឋាភិបាល

0

ខេត្តស្វាយរៀង៖ លោកឧត្តមសេនីយ៍ត្រី ប៉ែន សារ៉ុន មេបញ្ជាការតំបន់ប្រតិបត្តិការសិករងស្វាយរៀងនៅព្រឹកថ្ងៃទី២២ខែធ្នូឆ្នាំ២០១៧នេះបានដាក់បទបញ្ជាដល់នាយទាហាន នាយទាហានរង ពលទាហាន យោធាចារ្យនិងសិក្ខាកាមទាំងអស់ត្រូវ

ស្មោះត្រង់ចំពោះជាតិមាតុភូមិនិងលើកកម្ពស់មនសិកាស្នេហាជាតិនិងគោរពឱ្យបានមឺុងម៉ាត់រាល់បទញ្ជារបស់រាជរដ្ឋាភិបាល។

លោកមេបញ្ជាការបានមានប្រសាសន៍ដូចច្នេះនៅក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមជាអធិបតីនៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញការងារការពារព្រំដែនវរៈសេនាតូចការពារព្រំដែនលេខ២០១នៃតំបន់ប្រតិបត្តិការសិករងស្វាយរៀងដែលបានបញ្ចប់វគ្គហ្វឹកហ្វឺនមានរយៈពេល៤៥ថ្ងៃមានសិក្ខាកាមចំនួន១០០នាក់មកពីបណ្តាអង្គភាពតាមបណ្តាកងអនុសេនាធំចំណុះ។

លោកឧត្តមសេនីយ៍ត្រី ប៉ែន សារ៉ុន បានថ្លែងនូវការកោតសរសើរចំពោះគណៈកម្មការនិងអនុគណៈកម្មការគ្រប់គ្រងវគ្គ ព្រមទាំងគ្រូយោធាចារ្យទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់សហការធ្វើឱ្យវគ្គសិក្សានេះប្រព្រឹត្តទៅតាមផែនការកំណត់និងទទួលបានលទ្ធផលល្អគួរជាទីមោទនៈភាព។

វគ្គហ្វឹកហ្វឺនដែលបានបញ្ចប់នាពេលនេះបានបញ្ជាក់នូវជំហានរីកចម្រើនមួយថ្មីថែមទៀតក្នុងការកសាងនិងលើកកម្ពស់សមត្ថភាពធនធានមនុស្សនៃកងយោធពលខេមរភូមិន្ទ សម្រាប់ដំណើរការអភិវឌ្ឍន៍កងទ័ពជើងគោកដែលមានវិសាលភាពទូលំទូលាយនៃទឹកដីរបស់មាតុភូមិយើង។ក្នុងន័យនេះ មេបញ្ជាការ មេបញ្ជាការរងទាំងអស់ត្រូវយកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពជំនាញប្រកបដោយមនសិកាទទួលខុសត្រូវខ្ពស់សម្រាប់បម្រើប្រយោជន៍ចំពោះអង្គភាពនិងការពង្រឹងពង្រីកអង្គភាពរបស់ខ្លួនឱ្យកាន់តែរឹងមាំដើម្បីសម្រេចភារកិច្ចដែលថ្នាក់លើប្រគល់ឱ្យប្រកបដោយប្រសិទ្ធភាព ។

លោកមេបញ្ជាការបានមានប្រសាសន៍បន្តទៀតថាៈរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៍ឈ្លាវៃនិងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុវត្តនូវនយោបាយឈ្នះៗដែលបាននាំឆ្ពោះទៅការបញ្ចប់ទាំងស្រុងនូវសង្គ្រាមផ្ទៃក្នុងនិងការរំលាយជាស្ថាពរនូវនយោបាយនិងយោធារបស់ក្រុមខ្មែរក្រហមនៅចុងឆ្នាំ១៩៩៨ព្រមទាំងបានដឹកនាំប្រទេសជាតិឱ្យមានសុខសន្តិភាព សុវត្ថិភាពសង្គមនិងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ជាមួយគ្នានេះផងដែរសម្តេចបានយកចិត្តទុកដាក់ក្នុងកិច្ចពង្រឹងខឿនការពារជាតិដោយ បានឧបត្ថម្ភលើគ្រប់វិស័យជូនដល់កងយោធពលខេមរភូមិន្ទការហ្វឹកហ្វឺននូវជំនាញឯកទេសដល់នាយទាហានសម្រាប់ជាប្រភពបន្តវេនទៅថ្ងៃអនាគតផងនិងដើម្បីការពារបូរណៈភាព ទឹកដីការពារខ្សែបន្ទាត់ព្រំដែនផង។

លោកឧត្តមសេនីយ៍ត្រី ប៉ែន សារ៉ុន បានមានប្រសាសន៍សង្កត់ធ្ងន់ថាៈនាសម័យទំនើបនៃការរីកចម្រើននូវបច្ចេកវិទ្យាជឿនលឿនទាមទារនូវការយកចិត្តទុកដាក់កាន់តែធំធេងអំពីសមត្ថភាពជំនាញ នាយទាហាន នៃកងយោធពលខេមរភូមិន្ទត្រូវយកចិត្តទុកដាក់ហ្វឹកហ្វឺនបណ្តុះបណ្តាលនាយទាហានវ័យក្មេងដែលជាប្រភពកំលាំងបន្តវេនលើការងារដឹកនាំបញ្ជព្រមទាំងចំណេះដឹងផ្នែកបច្ចេកវិទ្យានៅតាមគ្រប់បណ្តាកងឯកភាពប្រភេទទ័ពក្នុងបុព្វហេតុនៃកិច្ចការពារជាតិការពារខ្សែរក្រវ៉ាត់ព្រំដែនការពារបូរណៈភាពទឹកដីនៃមាតុភូមិ ៕